​កម្ពុជា គ្រោង​បញ្ជូន​កង​យោធា​មួក​ខៀវ ជាង ៣០០ នាក់ ទៅ​បេសកកម្ម​អង្គការសហប្រជាជាតិ​

​ដោយៈ យោធិន / កំពង់ស្ពឺៈ ប្រសិនបើ​គ្មាន​សភាពការណ៍​អ្វី ប្រែប្រួល​ទេនោះ កម្ពុជា​នឹង​បញ្ជូន​កងកម្លាំង​មួក​ខៀវ ប្រមាណ​ជាង ៣០០ នាក់ ទៅកាន់​តំបន់​បេសកកម្ម ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​លី​បង់ និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល នា​ដំណាច់​ខែមករា និង​ដើមខែ​កុម្ភៈ ឆ្នាំ​២០២១​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា​អគ្គនាយក មជ្ឈមណ្ឌល​ជាតិ រក្សា​សន្តិភាព បានបញ្ជាក់ ពី​កាលបរិច្ឆេទ ក្នុងការ​បញ្ជូន​កងក​ម្លាំ​ង យោធា​មួក​ខៀវ ទៅកាន់​តំបន់​បេសកកម្ម នៅ​សាធារណរ​ដ្ខ​លី​បង់ និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ក្នុង​ឱកាសលោក បាន​អញ្ជើញ​ចុះ ត្រួតពិនិត្យ ការងារ​ហ្វឹកហាត់ និង​សំណេះសំណាល ជាមួយ​សិក្ខាកាម យោធា​មួក​ខៀវ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ នៅ​សាលា​ហ្វឹកហ្វឺន កងកម្លាំង​រក្សា​សន្តិភាព ស្ថិត​ក្នុងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។​

​ថ្លែង​ទៅកាន់​សិក្ខាកាម យោធា​មួក​ខៀវ ទាំង ៣៨៨ នាក់ ក្នុងនោះ​នារី ៤៥ នាក់ ប្រមុខ​កង​យោធា​មួក​ខៀវ​កម្ពុជា នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី បាន​ពាំ​នាំនូវ​ប្រសាសន៍ សាកសួរ​សុខទុក្ខ​រប​ស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា និង​ដោយបាន​រំឭក​ឡើង នូវ​អនុសាសន៍​ដ៏​ថ្លៃថ្លា របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា តម្រូវ​ឲ្យ​ដល់​កង​យោធា​មួក​ខៀវ​កម្ពុជា ដាច់ខាត ត្រូវ​ចងចាំ​ថាៈ កង​យោធា​មួក​ខៀវ​កម្ពុជា មិនមែនជា​ទាហាន​ស៊ីឈ្នួល និង​ធ្វើសង្គ្រាម រំលោភបំពាន អធិបតេយ្យ ប្រទេស​ណាមួយ​ឡើយ ប៉ុន្តែ​ជា​កង​យោធា មួក​ខៀវ ស្វែងរក​សន្តិភាព ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ ឈរលើ​គោលការណ៍ មនុស្សធម៌ ជា​លក្ខណៈ​សាកល ដើម្បី​ស្វែងរក​សន្តិភាព សន្តិសុខ និង​សុវត្ថិភាព ជូន​ដល់​មនុស្សជាតិ លើ​សកលលោក​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី ក៏បាន​លើកឡើង នូវ​ប្រសាសន៍​ផ្តាំផ្ញើ​របស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដែល​តែង​ផ្តល់​ជា​ដំបូន្មាន ដល់​កង​យោធា​មួក​ខៀវ មុនពេល​ចេញទៅ បំពេញបេសកកម្ម អង្គការសហប្រជាជាតិ​គឺៈ ទៅគ្រប់ មកវិញ​គ្រប់ និង​ប្រសាសន៍​ផ្តាំផ្ញើ របស់លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ដែល​តែងតែ​ក្រើនរំឭក ដល់​កង​យោធា​មួក​ខៀវ​កម្ពុជា ត្រូវ​ប្រកាន់​ខ្ជាប់ខ្ជួន សាមគ្គីភាព​ផ្ទៃក្នុង ស្របតាម​ទិស​ស្លោក នៅផ្ទះ​ម្តាយ​ទីទៃ នៅ​ព្រៃ​ម្តាយ តែមួយ​នោះ​។​

​ក្នុងឱកាស​សំណេះសំណាល​នេះដែរ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី ក៏បាន​នាំយក​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជា​ថវិកា និង​ភេសជ្ជៈ ជា​កិច្ច​លើកទឹកចិត្ត ដល់​សិក្ខាកាម​យោធា​មួក​ខៀវ​កម្ពុជា ដែល​ត្រៀម​ចេញ​បំពេញបេសកកម្ម ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ នាពេល​ខាងមុខនេះ ៕/V​.mara

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular