ដោយ:សរិទ្ធ/ភ្នំពេញ:ប្រុសស្រីជាជនជាតិចិនចំនួនពីរនាក់កាលពីរសៀលថ្ងៃទី១៣ខែមករាត្រូវបានប្រទះឃើញស្លាប់ក្នុងនៅបន្ទប់ខុនដូ អិលអេ រ៉េស៊ីដេន(LH RESIDENCE)នៅបន្ទប់លេខ A1003 ជាន់ទី១០ តាមផ្លូវលេខ០៩ ស្ថិតនៅភូមិ៥ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
សពឈ្មោះ CAO RUIXIN ភេទស្រី អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ និងឈ្មោះ XIO BO ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ ប្រធានក្រុមហ៊ុនផលិតដែក ។ពួកគេស្នាក់នៅខុនដូកើតហេតុ។
បន្ទាប់ពីមានការភ្ញាក់ផ្អើលកម្លាំងនគរបាលរួមកម្លាំងកងរាជអាវុធហត្ថសហការជាមួយកម្លាំងជំនាញនគរបាលការិយាល័យកោសល្យវិច្ច័យ ស្នងការដ្ឋានរាជធានីភ្នំពេញចុះមកត្រួតពិនិត្យកន្លែងកើតហេតុ។
ករណីនេះសមត្ថកិច្ចដាក់ការសង្ស័យជាឃាតកម្មប្លន់យកលុយពីជនរងគ្រោះដោយជនសង្ស័យចំនួនពីរនាក់ដែលម្នាក់ប្រើកាំភ្លើងខ្លីភ្ជង់បុរសជនរងគ្រោះ និងម្នាក់ទៀត យកកាំបិតភ្ជង់ស្ត្រីរងគ្រោះ។ ជនសង្ស័យបានជួលបន្ទប់ក្នុងខុនដូជាមួយគ្នានៅជាន់ទី៩ ។
បុរសជាជនរងគ្រោះត្រូវជនសង្ស័យយកខ្សែចងរឹតកបណ្ដាលឲ្យស្លាប់រួចអូសចូលក្នុងបន្ទប់ទឹក។ចំណែកស្ត្រីជាជនរងគ្រោះត្រូវជនសង្ស័យប្រើវិធីយកក្រណាត់ដាក់ចូលមាត់រួចយកស្កុតបិទមាត់ ច្រមុះ ភ្នែក ជិតធ្វើឲ្យដាច់ខ្យល់ស្លាប់ ។ទំនងខ្លាចជនរងគ្រោះរើ ជនសង្ស័យក៏យកខ្សែរុំជើងទាំងសងខាងរួចជនសង្ស័យចាក់សោទ្វារហើយចេញទៅបាត់។
បច្ចុប្បន្នសពជនរងគ្រោះទាំងពីរត្រូវបានយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ រង់ចាំសាច់ញាតិមកទទួលយកទៅស្រុកកំណើត។ កម្លាំងសមត្ថកិច្ចកំពុង តាមចាប់មុខសញ្ញា ដែលធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ យកមកដាក់ទោសទណ្ឌតាមផ្លូវច្បាប់៕សរន