ដោយៈប.ខុន/ភ្នំពេញៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បង្កើតក្រុមការងារទប់ស្កាត់ និងបង្ក្រាបការដឹកជញ្ជូនផល ផលិតផលជលនាំចូលនាំចេញ និងឆ្លងកាត់គ្មានការអនុញ្ញាត ដោយមានសមាសភាព រដ្ឋលេខាធិការពីររូប ធ្វើជាសហប្រធាន, អនុរដ្ឋលេខាធិការម្នាក់ និងអគារធិការនៃ អគារធិការដ្ឋានម្នាក់ធ្វើជាអនុប្រធានហើយ៨រូបផ្សេងទៀត ជាមន្ត្រីចំណុះរដ្ឋបាលជលផលជាសមាជិក តែមិនមានឈ្មោះលោកអេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលទេ។
ក្រសួងកសិកម្មរុក្ខាប្រមាញ់និ ងនេសាទកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានសម្រេចបង្កើតក្រុមការងារទប់ស្កាត់ និងបង្ក្រាបការដឹកជញ្ជូនផល ផលិតផល ជលផលនាំចូល នាំចេញ និង ឆ្លងកាត់គ្មានការអនុញ្ញាត ដោយមាន លោក ណៅ ធួក រដ្ឋលេខាធិការ និងលោក ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទធ្វើជាសហប្រធាន។
នៅក្នុងសេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោកវេង សាខុនរដ្ឋ មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅត្រង់ប្រការ១ ឃើញមានសមាសភាព រដ្ឋលេខាធិការពីររូបធ្វើជាសហប្រធាន , អនុរដ្ឋលេខាធិការម្នាក់និងអគារធិការនៃ អគារធិការដ្ឋាន ជាអនុប្រធាន និង៨រូបផ្សេងទៀត ជាមន្ត្រីចំណុះរដ្ឋបាលជលផលជាសមាជិក តែមិនឃើញមានឈ្មោះលោកអេង ជាសាន ប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលនៅក្នុងក្រុមការងារនេះទេ។
ក្នុងប្រការ២ នៃសេចក្តីសម្រេចលេខ០១៣សសរ.កសកនេះ បានសរសេរដូច្នេះថា ក្រុមការងារមានភារកិច្ចដូចជា ចុះប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបការដឹកជញ្ជូនផល ផលិតផល ជលផលនាំចូល នាំចេញ និងឆ្លងកាត់គ្មានការអនុញ្ញាត ទូទាំងព្រះរាជាណាចក្រកម្ពុជា។ ស្រាវ ជ្រាវរកជនល្មើស និង អ្នកពាក់ព័ន្ធ ដើម្បីរៀបចំកសាងសំណុំរឿងបទល្មើសជលផលតាមនិតិវិធី, ចាត់វិធានការតាមនិតិវិធី នៃ ច្បាប់ស្តីពីជលផល និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធ, សហការជាមួយសមត្ថកិច្ច និង រដ្ឋរាជធានីខេត្តពាក់ព័ន្ធដើម្បីប្រសិទ្ធភាពការងារ , ជម្រុញពង្រឹងការងារ និងដឹក នាំកម្លាំងសមត្ថកិច្ចជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទរាជធានីខេត្ត លើការងារដឹកជញ្ជូនផល ផលិតផល ជលផលនាំចូល នាំចេញ និង ឆ្លងកាត់គ្មានការអនុញ្ញាត , បូកសរុបរបាយការណ៍លទ្ធផល ជូនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និង ទទួលភារ កិច្ចផ្សេងទៀត ដែលរដ្ឋមន្ត្រីក្រសួងសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រគល់ជូន។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ចេញសេចក្តីសម្រេចបង្កើតក្រុម ការងារខាងលើ បន្ទាប់ពីបានចេញសេចក្តី ប្រកាសព័ត៌មានកាលថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ស្តីពីការផ្អាកនាំចូល ជាបណ្តោះអាសន្ននូវប្រភេទត្រីមួយចំនួន ដែលវារីវប្បករក្នុងស្រុកផលិតបាន ដោយសារការទប់ស្កាត់គ្មានប្រសិទ្ធភាពរួចមក។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ បានប្រកាសព័ត៌មានថា អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងពិធីប្រគល់សញ្ញាប័ត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សា ឆ្នាំ២០១៨-២០១៩ នៅវិទ្យាស្ថានជាតិអប់រំ និងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ក្នុង ឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករវារីវប្បករ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ត្រីទឹកសាបបាទីខេត្តព្រៃវែង ដែលសម្តេច តេជោ បានណែនាំហើយណែនាំទៀតឱ្យប្រើប្រាស់ឱកាសមាសក្នុងការដាំដុះ ចិញ្ចឹមត្រី និងសត្វ ដើម្បីឈានទៅដល់ការកាត់បន្ថយការនាំចូល និងផ្អែកតាមសំណូម ពររបស់សមាគមវារីវប្បករនៅកម្ពុជាផងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន ធ្វើការពិនិត្យ និងពិចារណាក្នុងការផ្អាកជាបណ្តោះអាសន្ននូវការនាំចូលផលិតផលជលផល ដែលវារីវប្បករក្នុងស្រុកអាចផលិតបានដូចជា ត្រីប្រា ត្រាំពោ ត្រីអណ្តែង និងត្រីឆ្តោ ជាដើម ដើម្បីជួយដោះស្រាយបញ្ហាប្រឈម ទីផ្សារ ផលិតផលវារីវប្បកម្មនាពេលបច្ចុប្បន្ន រួមចំណែកក្នុងការផលិតក្នុងស្រុកឱ្យបានខ្លាំងក្លា និងឈានទៅរកការនាំចេញពេលខាងមុខ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា ថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសង្កេតឃើញថា មានក្រុមអាជីវករនាំចេញនាំចូលផល ផលិត ផលជលផលមួយចំនួនមានការមិនពេញចិត្ត ចំពោះចំណាត់ការនៃការផ្អាក ជា បណ្តោះអាសន្ននូវការនាំចូលផលិតផលជលផល ដែលអាចផលិតបាននៅក្នុងស្រុកនាពេលកន្លងមក។ ដូចនេះដើម្បីដោះស្រាយបញ្ហាខាងលើ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំ ពិភាក្សាជាមួយភាគីពាក់ព័ន្ធរួមមានសមាគមនវារីករនៅកម្ពុជា និង តំណាងអាជីវករនាំចេញនាំចូលផលផលិតផលជលផល និងបានព្រមព្រៀងគ្នាអនុវត្តនូវវិធាន ការបន្ទាន់មួយចំនួនដូចខាងក្រោមៈ
-សមាគមនវារីវប្បករនៅកម្ពុជាត្រូវរៀបចំផ្តល់នូវពត៍មានដែលទាក់ទងទៅនឹង ប្រភេទបរិមាណផលផលិតផលវារីវប្បកម្ម ដែលត្រូវដល់ពេលប្រមូលផលនៅ តាមខែនីមួយៗដល់អាជីវករប្រមូលទិញនាំចេញនាំចូលផលផលិតផលជលផល ដើម្បីចុះប្រមូលទិញផលផលិតផល ជលផល ដែលផលិតបាននៅក្នុងស្រុកទាំងនោះ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
-តំណាងអាជីវករនាំចេញ នាំចូលផលផលិតផលជលផល បានយល់ព្រម ផ្អាកនូវការស្នើសុំនាំចូលប្រភេទត្រីដែលវារីវប្បករផលិតបានច្រើនដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ ព្រមទាំងប្រភេទត្រីមួយចំនួនទៀត ដែលអាចចញ្ចឹម បានក្នុងស្រុកតាមការជូនដំណឹងរបស់សមាគមនវារីវប្បករនៅកម្ពុជា។
-តំណាងអាជីវករនាំចេញនាំចូលផលផលិតផលជលផល បានឯកភាព ក្នុងការបង្កើតនូវសមាគម និង បណ្តុំអ្នកប្រមូលទិញផលផលិតផលជលផល នៅតាមតំបន់ ដើម្បីប្រមូលទិញផលផលិតផលជលផល ដែលផលិតបាន។
ផ្អែកតាមសេចក្តីប្រកាសព័ត៌មាន ចំពោះការនាំចូលឆ្លងកាត់ផលផលិតផលជលផល តំណាងអាជីវករនាំចេញនាំចូលផលផលិតផល ជលផល ធានាថានឹងមានការចុះ បញ្ជីទទួលស្គាល់នៅដើមទី និងចុងទីពីមន្ត្រីជលផលមានសមត្ថកិច្ច និងធានាថា មិនមានទម្លាក់ចែកចាយផលផលិតផល ជលផល ឆ្លងកាត់នេះចូលទៅក្នុងទីផ្សារក្នុងស្រុកឡើយ៕