ដោយៈ សុខសុភ័ណ្ឌ – មុនីរ័ត្ន / កំពង់ស្ពឺៈ មន្ត្រីកងទ័ពពិសេសឆត្រយោង ៩១១ បានលោតឆត្រ ហើយបញ្ជាឆត្រខុសលក្ខណៈបច្ចេកទេស ទាក់វ័នខ្សែឆត្រ ជាមួយគ្នា បណ្ដាលឱ្យគ្រូបង្វឹក បានស្លាប់ និងមន្ត្រីម្នាក់ទៀត របួសធ្ងន់ កាលពីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅចំណុចស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ប្រាប់ ពីករណីនេះថាៈ ” លោកវរៈសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង គឺបានពលីជីវិត ដោយសារតែឧប្បត្តិហេតុ លោតឆ័ត្រយោង ដោយសារឆ័ត្រព័ន្ធគ្នា បណ្តាលឲ្យ មានគ្រោះថ្នាក់ និងម្នាក់ទៀត បាក់ជើង ” ។
មន្ត្រីនគរបាលស្រុកឱរ៉ាល់ បានឲ្យដឹងថាៈ ជនរងគ្រោះ ដែលបានស្លាប់នោះ គឺលោក វរសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកឆត្រយោង នៃកងទ័ពពិសេសឆត្រ ៩១១ ។
ប្រភពបានបញ្ជាក់ថាៈ នៅពេលលោត ពីលើយន្តហោះ ចុះមកក្រោម ឆ័ត្ររបស់លោក វរសេនីយ៍ត្រី លឹម សាយ បានតម្លោះ ជាធម្មតា។ ប៉ុន្តែឆ័ត្ររបស់លោកគ្រូ លឹម សាយ បានវ័នគ្នាជាមួយនឹងសិស្សម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណ បណ្ដាលឲ្យធ្លាក់មកដល់ដី រងរបួសធ្ងន់ទាំងពីរនាក់ តែជាអកុសល លោកគ្រូ លឹម សាយ បានស្លាប់ នៅពេលកងកម្លាំង បញ្ជូនទៅដល់មន្ទីរពេទ្យ ចំណែកអ្នករងរបួស កំពុងសង្គ្រោះ នៅក្នុងមន្ទីរពេទ្យបង្អែក។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ ប្រាប់រស្មីកម្ពុជា នារសៀល ថ្ងៃទី១៤ មករា នេះថាៈ លោកវរៈសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង គឺបានពលីជីវិត ដោយសារតែឧប្បត្តិហេតុ លោតឆ័ត្រយោង ដោយសារឆ័ត្រព័ន្ធគ្នា បណ្តាលឲ្យ មានគ្រោះថ្នាក់ និងម្នាក់ទៀត បាក់ជើង កាលពីព្រឹក ថ្ងៃទី១៤ ខែមមករា ឆ្នាំ២០២១។
សម្តេចពិជ័យសេនា បានបញ្ជាក់ថាៈ ” ឧប្បត្តិហេតុ បានកើតឡើង ដោយសារឆ័ត្រព័ន្ធគ្នា បណ្តាលឲ្យគ្រោះថ្នាក់ ស្លាប់ម្នាក់ និងម្នាក់ទៀត បាក់ជើង របួសធ្ងន់ ហើយនេះ គឺជាគ្រោះមហន្តរាយធំណាស់ និងនៅពេលលោតទៅ ឆ័ត្របញ្ជាអត់ទាន់បានល្អ វាមកព័ន្ធគ្នា ធ្វើឲ្យមានគ្រោះថ្នាក់ មានការសោកស្តាយណាស់ មិនមែនធម្មតាទេ យកមកដល់មន្ទីរពេទ្យ ស្លាប់មួយ ” ។
ពាក់ព័ន្ធនឹងករណីនេះ បញ្ជាការដ្ឋានទ័ពពិសេស បានបញ្ជាក់ឱ្យដឹង នៅរសៀលថ្ងៃ ដដែលនេះថាៈ កាលពីព្រឹក ថ្ងៃទី១៤ មករា នេះ លោកវរៈសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង និងក្រុមគ្រូផ្សេងទៀត ចំនួន ១៣ នាក់ បានអនុវត្តលោតឆត្របញ្ជា សម្តែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោង ជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោង ជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺន ទ័ពពិសេសតេជោសែន ឱរ៉ាល់ ដោយលោក វរៈសេនីយ៍ត្រី លឹម សាយ បានខុសលក្ខណៈបច្ចេកទេស ក្នុងការបញ្ជាឆត្រ បានធ្វើអោយមានគ្រោះថ្នាក់ រងរបួសធ្ងន់ បន្ទាប់មក ត្រូវបានអង្គភាព ដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យបង្អែក ខេត្តកំពង់ស្ពឺ ។ រហូតដល់វេលាម៉ោង ១២:៣០នាទី រសៀលថ្ងៃដដែល ទើបអង្គភាពទទួលបានដំណឹងថា លោកវរៈសេនីយ៍ត្រី លឹម សាយ បានពលីជីវិតទៅហើយ។
បញ្ជាការដ្ឋានទ័ពពិសេស បានបន្តថាៈ ពេលនេះ ក្រុមគ្រួសារ បានស្នើសុំយកសពលោក ទៅធ្វើបុណ្យ តាមប្រពៃណី នៅឯស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង៕/V-PC