ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ និងប្រតិភូក្រុមការងារសួរសុខទុក្ខ និងចែកអំណោយដល់មណ្ឌលចត្តាឡីស័កកងវ៉ា របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅផ្លូវជាតិលេខ៥៦ ភូមិកងវ៉ាសង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ នៅរសៀលថ្ងៃទី១៤ខែមករាឆ្នាំ២០២១។
ក្នុងនោះ បានសួរសុខទុក្ខពលករនិងនាំអំណោយពីសប្បុរសជននៅប្រទេសបារាំង សរអា ប្រទេសផ្សេងទៀត និងក្នុងប្រទេសដល់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ រួមមានថវិកា១០លានរៀល សាប៊ូប្រូថិច៥កេះតូចនិងម៉ាសមុខ ២កេះធំ។
លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានជម្រាបជូនប្រតិភូថា៖ មានពលករខ្មែរប្រមាណ៤.០០០នាក់ បានចូលពិនិត្យ និងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កទាំង១៣កន្លែង។ តែក្នុងនោះ មាន១.០០០នាក់ បានចេញៅវិញ ក្រោយធ្វើចត្តាឡីស័ករួចចំនួន១៤ថ្ងៃ។ ចំពោះអ្នកកូវីត ១៩ កើនដល់២០នាក់។ ក្នុងនោះឆ្លងថែមកាលពីថ្ងៃទី១៣ខែមករា មាន៨នាក់, ដែលក្នុងនោះ អ្នកបន្ទាយមានជ័យ៥នាក់។
លោកបានបន្តថា ចំពោះមុខ ក្រុមការងារនៃគណៈកម្មការ បាននិងកំពុងទ្រោលលើការងារទទួលត្រួតពិនិត្យសុខភាព យកវត្ថុសំណាករកមេរោគកូវីដ១៩ និងធ្វើចត្តាឡីស័ក។ ចំពោះ អ្នកវិជ្ជមានកូវីត ១៩ចំនួន២០នាក់ ត្រូវបានបញ្ជូនទៅសម្រាកថែទាំនិងព្យបាលសុខភាព។
លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិបាននិយាយថា៖ តាមការទាក់ទងនឹងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកត្រូវទទួលបានការអនុញ្ញាតឲ្យចូលជួបផ្តល់ការលើកទឹកចិត្តដល់ក្រុមការងារ និងសួរសុខទុក្ខពលករ ដែលបាននឹងកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលខ្លះ នៃខេត្តជាប់បណ្តោយព្រំដែនកម្ពុជា ថៃ។ ក្នុងនោះ នៅខេត្តបន្ទាយមានជ័យ ដែលមានមានច្រើននិងគ្រប់គ្រង ចាត់ចែងបានល្អប្រសើរផងដែរ ។
លោក កឹម សុខា បានបន្តថា ៖ តាមពិតរាជរដ្ឋាភិបាលនិងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ផ្នែកបានខិតខំបំពេញការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នេះ បានល្អនិងមានប្រសិទ្ធិភាពអស់ហើយ។
ប៉ុន្តែដោយសារបញ្ហានេះ ជារឿងរួមរបស់ខ្មែរ របស់ជាតិយើង ហេតុនេះលោកនិងក្រុមការងារ ក៏ដូចជនរួមឈាមខ្មែរនៅក្នុងនិងក្រៅប្រទេស សូមមកមកចូលរួមចំណែកលើកទឹកចិត្តដល់បងប្អូនទាំងអស់ ដែលបំពេញពលិកម្មការងារ។
លោកក៏ផ្តល់កម្លាំងចិត្តនិងផ្តល់កម្លាំងចិត្តដល់បងប្អូនពលករឲ្យគោរពវិន័យនិងអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីបានឆាប់វិលត្រឡប់ទៅផ្ទះសម្បែង ហើយក្លាយជាកម្លាំងពលកម្មដ៏រឹងមាំ មានសុខភាពល្អសម្រាប់កសាងជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិអោយរីកចម្រើនថែទៀត៕