ក្រសួង​ការងារ​៖ រហូតមកទល់​ពេលនេះ​កម្មករនិយោជិត​១.៥០០​នាក់​ចុះឈ្មោះ​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ

ដោយ​:​ពៅ​និមល​/​ភ្នំពេញ​:​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យដឹងថា​គិត​មកដល់ពេលនេះ​កម្មករនិយោជិត​ដែល​ព្យួរការងារ​និង​បាត់បង់​ការងារ​ដោយសារ​វិបត្តិ​កូ​វីដ​១៩​បាន​ចុះ​រៀន​វគ្គ​បណ្តុះបណ្តាល​សញ្ញា​ប​ត្រ​បច្ចេកទេស​និង​វិជ្ជាជីវៈ​១​ចំនួន​១.៥០០​នាក់ នៃ​ផែន​ការសរុប​ចំនួន ៦.៥០០​នាក់​។

​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០២១​នេះ​លោក​ថង​សាម៉ុន​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានបញ្ជាក់​ថា​“​ជា​ផែនការ​យើង​ធ្វើ​ដំណាក់​កាលដែល​យើង​ជជែក​គ្នា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គឺ​យក​៦.៥០០​នាក់​សិន ករណី​ថាបើ​យើង​ជោគជ័យ យើង​នឹង​ជជែក​ឈ្មោះ​ត​ទៀតថា​នឹងត្រូវ​ពង្រីក​បន្ថែម ” ។
​លោក​បាន​បន្តថា​សាលា​ខ្លះ​ចាប់ផ្តើម​ចូលរៀន​ហើយ​ដូចជា​នៅ​សៀមរាប​ភ្នំពេញ​កំពង់ចាម​ដោយ​ជំនាញ​ភាគច្រើន​គឺ​ជំនាញ​ការងារ​សម្រាប់​នារី​ព្រោះ​កម្មករ​រោងចក្រ​ភាគច្រើន​ជានា​រី​ជំនាញ​ទាំងនេះ​មានដូចជា​ខាង​កែ​សម្ផស្ស​សំអាងការ​ឆុង​កាហ្វេ​ធ្វើ​នំ​ធ្វើ​ម្ហូប​…​ហើយ​ក៏មានដែរ​ខាង​វិស័យ​ទេសចរណ៍ ដូច​ជំនាញ​របៀប​អ្នកគ្រប់គ្រង ”​។

​សូមបញ្ជាក់ថា​គោលបំណង​សំខាន់​នៃ​វគ្គ​បណ្តុះបណ្តាល​សញ្ញាបត្រ​បច្ចេកទេស​និង​វិជ្ជាជីវៈ​១​នេះ​គឺ​ត្រូវបាន​រៀបចំឡើង​ដើម្បី​លើកកម្ពស់​ជំនាញ​ដែល​កម្មករនិយោជិត​មាន​ស្រាប់​ដើម្បីឱ្យ​គាត់​អាច​ទៅធ្វើ​ការ​កន្លែង​ផ្សេង​ក្រៅពី​ការងារ​ចាស់​ជាពិសេស​ជំរុញ​ដល់​ផលិតភាព​ការងារ​ឱ្យ​កាន់តែ​ល្អប្រសើរ​នៅពេល​ពួកគាត់​មាន​ជំនាញ​៕​.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular