ដោយ: សរិទ្ធ / តាកែវ: តាមប្រភពព័ត៌មានច្បាស់ការណ៍ពីសាច់ញាតិជនរងគ្រោះ បានឲ្យដឹងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នេះថា ជនរងគ្រោះឈ្មោះ ភឹម វី ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិព្រៃផ្គាំ ( គ ) ស្រុកអង្គរបុរី ខេត្តតាកែវ ដែលរងនូវអំពើហិង្សាពីលោក គឹម សារិទ្ធ នាយរងអធិការកិច្ចចតុមុខ បានស្លាប់បាត់ហើយ កាលពីរសៀលថ្ងៃទី១៣ខែមករាម្សិលម៉ិញនេះ។
ក្រុមគ្រួសារនៃសព សំណូមពរយ៉ាងទទូចអោយសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ មេត្តាចាត់វិធានការឃាត់ខ្លួនជនបង្ក យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ផង ។
គួររំលឹកថា លោក គឹម សារិទ្ធ នាយរងអធិការកិច្ចចតុមុខ និង បក្ខពួកចំនួន៩នាក់ ផ្សេងទៀត រងការចោទប្រកាន់ ថា បានប្រើអំពើហិង្សាលើប្រជាពលរដ្ឋ បណ្តាលអោយរងរបួសធ្ងន់ធ្ងរ ខណៈចុះបង្ក្រាបបទល្មើសនេសាទ ហើយក្រោយមកជនរងគ្រោះបានស្លាប់ ។
លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បញ្ជាក់ កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ថា លោកបានបញ្ជាអោយស្នងការរងនគរបាលខេត្តតាកែវទទួលផែនព្រហ្មទណ្ឌ ស៊ើបអង្កេតករណីនេះហើយ ។
អំពើហិង្សា នេះ កើតឡើងកាលពីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ កន្លងទៅ នៅចំណុចកោះ អញ្ចាញ ក្នុងឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ។
តាមការរៀបរាប់របស់បងថ្លៃជនរងគ្រោះ បានអោយដឹងថា នៅយប់កើតហេតុ នោះ ជនរងគ្រោះ ឈ្មោះ ភឹម វី អាយុ៤០ឆ្នាំ រស់នៅភូមិព្រៃផ្គាំ ( គ ) ស្រុកអង្គរបុរី ខេត្តតាកែវ និង អ្នកភូមិ ចំនួន២នាក់ទៀត បានចេញទូកទៅឆក់ត្រី នៅចំណុចកោះអញ្ចាញ ស្ថិតនៅក្នុងឃុំទ្រា ស្រុកសំរោង ។
សាច់ញាតិជនរងគ្រោះ បន្តថា នៅពេលនោះ ក៏មានទូករបស់មន្ត្រីជលផល មានមនុស្ស ចំនួន១០នាក់ ដឹកនាំដោយ លោក គឹម សារិទ្ធ នាយរងអធិការកិច្ចចតុមុខ បានមកដល់ ហើយ អ្នកភូមិ២នាក់ ដែលទៅជាមួយ ក៏បានលោតចូលទឹក ហើយក៏រត់រួច ដោយនៅសល់តែជនរងគ្រោះ ត្រូវបានមន្ត្រីជលផល និង បក្ខពួក វាយបណ្តាលអោយរងរបួសធ្ងន់ ទើបគេបញ្ជូន ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តតាកែវ និង បានទូរស័ព្ទអោយក្រុមគ្រួសារទៅមើលជនរងគ្រោះ នៅ មន្ទីរពេទ្យ ។
ប៉ុន្តែ ដោយសារស្ថានភាព ជនរងគ្រោះ ធ្ងន់ធ្ងរ ពេក ទើបក្រុមគ្រួសារបញ្ជូនជនរងគ្រោះ បន្ត មកកាន់មន្ទីរពេទ្យ កាល់ម៉ែត រាជធានី ភ្នំពេញ ។ រហូតមកដល់ពេលនេះ ជនរងគ្រោះ នៅ មិនទាន់ដឹងខ្លួននៅឡើយ ទេ ហើយ ក្រុមគ្រូពេទ្យ ក៏ អស់លទ្ធភាពព្យាបាលដែរ ដោយអោយក្រុមគ្រួសារ យក ជនរងគ្រោះ មកផ្ទះវិញ ព្រោះតែជនរងគ្រោះ មានឈាមកកនៅក្នុងខួរក្បាល ។
ជុំវិញបញ្ហានេះ លោក គឹម សារិទ្ធ នាយរងអធិការកិច្ចចតុមុខ បានបដិសេធ ថា លោកមិនបានប្រើអំពើហិង្សាលើប្រជាពលរដ្ឋ នោះទេ ពោលគឺ នេះជាគ្រោះថ្នាក់ចរាចរណ៍រវាងទូករបស់មន្ត្រីជលផល និង ទូករបស់ជនសង្ស័យ ៕