ដោយៈបាយ័ន/សៀមរាបៈការិយាល័យសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានសម្ពោធដាក់ឲ្យដំណើរការកាលពីព្រឹកថ្ងៃទី១៤ ខែមករា។អគារនេះស្ថិតនៅក្នុងបរិវេណនៃមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប។
រូបថតៈដាក់ឲ្យដំណើរការ ការិយាល័យសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ
លោកឧកញ៉ាបណ្ឌិតហ៊ុយ ភៀវប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាបឧត្តរមានជ័យមានប្រសាសន៍ថាសភាពាណិជ្ជកម្ម ខេត្តកបានខិតខំបំពេញការងារបន្ថែមទៀតតាមរយៈជួយលើកស្ទួយវិស័យឯកជនក្នុងការធ្វើទំនាក់ទំនងជាមួយក្រសួងសភាពាណិជ្ជកម្មកម្ពុេជា សមាគម អង្គការដៃគូនានាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ឱ្យមានប្រសិទ្ធិភាពបំផុត។
ចំណែកលោកទៀ សីហា អភិបាលខេត្តសៀមរាប បានវាយតម្លៃខ្ពស់ចំពោះសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ដែលសម្រេចបានក្នុងរយៈពេលកន្លងមក ក្នុងការសម្របសម្របសម្រួលវិស័យពាណិជ្ជកម្ម សេវាកម្ម កសិកម្ម ឧស្សាហកម្ម និងសិប្បកម្ម ជាពិសេសបានធ្វើឲ្យវិស័យឯកជនចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្តនិងបានទាក់ទាញអ្នក វិនិយោគទុនជាច្រើនមកបណ្តាក់ទុននៅក្នុងខេត្តទាំងពីរដែលប្រការនេះគឺពិតជាបានជំរុញដល់កំណើនសេដ្ឋកិច្ចរបស់ខេត្តទាំងពីរឱ្យបានកាន់តែប្រសើរថែមទៀត និងបានចូលរួមកាត់បន្ថយភាពក្រីក្រជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តផងដែរ។
លោក ទៀ សីហា បន្ថែមថា ឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបាននិងកំពុងតែរាតត្បាតនៅទូទាំងពិភពលោក អាជ្ញាធរខេត្តសៀមរាបបានជំរុញផលិតកម្មដំណាំស្រូវនិងបន្លែនៅតាមទីតាំងនិងតំបន់ដែលមានសក្តានុពលនិងពង្រីកការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ ថែមទាំងមានការជំរុញនូវផលិតកម្មសត្វ ដែលបានផលក្នុងរយៈពេលខ្លី។
គួររំលឹកថាសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យបានបង្កើតឡើងនៅឆ្នាំ២០០៤ហើយបានដំណើរការបោះឆ្នោតរៀងរាល់បីឆ្នាំម្តង សម្រាប់ជ្រើសរើសថ្នាក់ដឹកនាំ៕សរន
រូបថតៈដាក់ឲ្យដំណើរការ ការិយាល័យសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ
រូបថតៈដាក់ឲ្យដំណើរការ ការិយាល័យសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ