ដោយៈ ទេពកង្រី/កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នេះ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អមដំណើរដោយ រដ្ឋលេខាធិការ ប្រចាំការ ថ្នាក់ដឹកនាំក្រសួង លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមន្ត្រីជាច្រើនរូប បានអញ្ជើញចុះពិនិត្យផ្លូវ ចំនួន ២ ខ្សែ ដែលត្រូវស្ថាបនា ក្រាលកៅស៊ូ ពីរជាន់ ប្រភេទ DBST ស្ថិតក្នុងក្របខណ្ឌ គម្រោងកែលម្អផ្លូវជនបទ ជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាល នៃសាធារណរដ្ឋ ប្រជាមានិតចិន។
ផ្លូវទាំង ២ខ្សែនេះ រួមមានៈ ខ្សែទី១ ចាប់ពីផ្លូវជាតិលេខ៥៣ (ភូមិប្រច័ក្ស) ទៅភូមិព្រៃមូល -ភូមិតាលោ ប្រវែង ៤,១៥ គីឡូម៉ែត្រ ស្ថិតក្នុងស្រុករលាប្អៀរ។ ខ្សែទី២ ពីផ្លូវលេខ ១៥០ A ភូមិសាលាលេខ៥ ទៅផ្លូវលេខ ១៥០ B ភូមិតាចេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានប្រវែងសរុប ១១,០៣៧ គីឡូម៉ែត្រ ហើយផ្លូវទាំងពីរខ្សែនេះ លទ្ធផលសម្រេចបាន ប្រមាណ ៤៨% ហើយ ។
នៅក្នុងការចុះពិនិត្យការស្ថាបនាផ្លូវ ទាំង២ខ្សែនេះ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថាៈ គម្រោងកែលម្អផ្លូវជនបទ ក្នុងជំហានទី២ ក្រោមហិរញ្ញប្បទាន ឥតសំណង ពីរាជរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ជាគម្រោងរបស់រាជ រដ្ឋាភិបាលកម្ពុជា ដែលគ្រប់គ្រងដោយ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានរយៈពេល ៣០ ខែ ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ដើម្បីអភិវឌ្ឍន៍នៅក្នុង ខេត្តគោលដៅ ចំនួន ៦ មានៈខេត្តកំពង់ស្ពឺ ចំនួន ៤ ខ្សែ , ខេត្តកណ្ដាល ៣ ខ្សែ , ខេត្តត្បូងឃ្មុំ ២ ខ្សែ , ខេត្តព្រៃវែង ១ខ្សែ , ខេត្តស្វាយរៀង ១ខ្សែ និងនៅខេត្តកំពង់ឆ្នាំង ចំនួន ៦ ខ្សែ ដែលមានប្រវែងសរុប ៣៦,៥២០ គីឡូម៉ែត្រ រួមទាំងសំណង់រំដោះទឹក៕/PC