ដោយ:ជាសីហ:/ភ្នំពេញ: ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់លើការកសាងធនធានមនុស្សឆ្នើម និងអនាគតយុវជនក្នុងយុគសម័យ ឌីជីថលរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសម្រេចផ្តល់អាហារូបករណ៍១០០% ឈ្មោះថា “អាហារូបករណ៍ទេពកោសល្យ ឌីជីថលតេជោ Techo Digital Talent Scholarship” ចំនួន១០០កន្លែង។
និស្សិតដែលទទួលអាហារូបករណ៍និងអាចចូលទៅសិក្សាលើជំនាញសម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ (១) ទូរគមនាគមន៍និងបណ្តាញ (Telecoms & Network) (២) វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science) និង (៣) ពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce) នៅបណ្ឌិត្យសភា បច្ចេកវិទ្យាឌីជីថលកម្ពុជា។
ក្រសួងជំនាញមួយនេះបានបន្តទៀតថាបេក្ខជនជ័យលាភីម្នាក់ៗនឹងទទួលបានអាហារូបករណ៍ដែលមានតម្លៃសរុបប្រមាណ ១៧.០០០ ដុល្លារ សម្រាប់ការសិក្សារយៈពេល ៤ឆ្នាំ ក្នុងនោះរួមមានប្រាក់ឧបត្ថម្ភ ១២០ដុល្លារក្នុងមួយខែ និងកុំព្យូទ័រចំនួនមួយគ្រឿង។ និស្សិត ដែលរៀនចប់នឹងមានឱកាសចូលបម្រើការងារនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
បេក្ខជនដែលមានបំណងស្នើសុំអាហារូបករណ៍នេះ ត្រូវមានសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ (ថ្នាក់ វិទ្យាសាស្ត្រ) និងជាសិស្សឆ្នើម (សិស្សមានជីវភាពក្រីក្រ និងសិស្សនារី ត្រូវបានលើកទឹកចិត្ត)។ បេក្ខជនទាំងអស់នឹង ត្រូវឆ្លងកាត់ការប្រឡងដែលរៀបចំឡើង តាមប្រព័ន្ធកុំព្យូទ័រលើវិញ្ញាសាគណិតវិទ្យា តក្កវិជ្ជា រូបវិទ្យា និងភាសាអង់គ្លេស។
បេក្ខជនដែលមានបំណងស្នើសុំអាហារូបករណ៍ខាងលើនេះ សូម ចុះឈ្មោះប្រឡងប្រជែង តាមរយៈគេហទំព័រ www.niptict.edu.kh/apply ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។ សម្រាប់ព័ត៌មាន លម្អិតសូមទាក់ទងបណ្ឌិត្យសភាបច្ចេកវិទ្យា ឌីជីថលកម្ពុជា តាមរយៈទូរសព្ទលេខ ០១០ ៣៤០ ០០០ ឬអឺមែល info@niptict.edu.kh ឬគេហទំព័រ www.niptict.edu.kh ៕/PC