ដោយ:គ្រញូង/បាត់ដំបង:កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានបញ្ជូនជនដៃដល់បីនាក់ ទៅតុលាការពីបទបង្កហិង្សា ដោយចេតនាមានអាវុធនៅក្រុងបាត់ដំបង។
ជនសង្ស័យទាំងបីនាក់ត្រូវបានឃាត់ខ្លួនបានកាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តបានឲ្យដឹងថា ជនដៃដល់ប្រុសទាំងបីនាក់មាន៖ ១-ឈ្មោះហ៊ាង គឹមហាង ហៅជ្រុយ អាយុ២៤ឆ្នាំ, ២-ឈ្មោះចាយ ដូ អាយុ២១ឆ្នាំ។ ទាំង២នាក់នេះ រស់នៅភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ។ និងទី៣-ឈ្មោះឆាំ សំបូរ ហៅទីន អាយុ២៥ឆ្នាំ នៅភូមិស្វាយស ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។
លោកនាយការិយាល័យបានបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១២ មករា នៅក្នុងបរិវេណ ស្ថានីយ៍រថភ្លើង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រុមជនសង្ស័យខាងលើ បានធ្វើសកម្មភាពប្រើហិង្សាកាប់ដោយកាំបិតលើជនរងគ្រោះឈ្មោះ ឡុង ញើង ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលឱ្យរងរបួសធ្ងន់។
ក្រោយមកក្រុមគ្រូសារជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាល ទើបមានការស្រាវជ្រាវ និងអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ ដោយដកហូតវត្ថុតាងមួយចំនួនរួមមាន៖ កាំបិតកែច្នៃ១ដើម ផ្លែរ៉ណារសម្រាប់អារទឹកកក១ដើម និង ដែកឆាប១។
បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី៕