ដោយៈ រ៉ាម៉ន / ភ្នំពេញៈ អាជ្ញាធររាជធានីភ្នំពេញ គ្រោងស្តារប្រឡាយបង្ហូរទឹក ទួលពង្រទី១ ឱ្យបានធំទូលាយ នៅក្នុងខណ្ឌចំនួន៣ នៅជាយរាជធានីភ្នំពេញ គឺនៅខណ្ឌដង្កោ ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ ដើម្បីរំដោះទឹកជំនន់ទឹកភ្លៀង នារដូវវស្សា ខាងមុខ។
ការលើកឡើងគម្រោងស្ដារប្រឡាយបង្ហូរទឹក ខាងលើនេះ បានធ្វើឡើង នៅរសៀល ថ្ងៃទី១៤ មករា នេះ នៅក្នុងអង្គប្រជុំពិភាក្សាមួយ ក្រោយពេលតំបន់នេះ តែងតែទទួលរង នូវការលិចលង់ ដោយទឹកជំនន់ទឹកភ្លៀង នាពេលកន្លងមក។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹង នៅក្នុងកិច្ចប្រជុំនោះថាៈ កិច្ចប្រជុំនេះ ធ្វើឡើង ដើម្បីពិភាក្សាគ្នា រកដំណោះស្រាយ ដើម្បីស្តារប្រឡាយមេមួយនេះ ឱ្យបានធំ ក្រោយពីទឹកជំនន់ បានជន់លិច នាពេលកន្លងមក ខណៈប្រឡាយនេះ ត្រូវបានគេរំលោភបំពាន ធ្វើឲ្យកន្លែងខ្លះ តូចចង្អៀត ដែលពិបាកឱ្យទឹកហូរបាន។
លោក ឃួង ស្រេង បានបន្តថាៈ បើកិច្ចប្រជុំលើកនេះ មិនមានដំណោះស្រាយ ឱ្យបានល្អទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងលើកជាអង្គប្រជុំ នៅសប្តាហ៍ ខាងមុខទៀត ដើម្បីធ្វើយ៉ាងណា អនុវត្តការស្ដារប្រឡាយនេះ ឲ្យបានជោគជ័យ បញ្ចៀសនូវការលិចលង់ លំនៅដ្ឋានប្រជាពលរដ្ឋ។
ក្នុងកិច្ចប្រជុំនោះ លោកអភិបាល ក៏បានលើកឡើង ពីគម្រោងនៃការស្ដារប្រឡាយ ទួលពង្រ១ ដែលមានប្រវែងជាង ៤.០០០ ម៉ែត្រ ហើយការស្តារប្រឡាយធំនេះ លោកបានជំរុញឲ្យមន្ទីរពាក់ព័ន្ធ ដូចជាមន្ទីរធនធានទឹក មន្ទីរសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរខណ្ឌ រួមគ្នា ដើម្បីកោះហៅប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងប្រឡាយនេះ មកប្រជុំ ធ្វើការដោះស្រាយ ធ្វើយ៉ាងណា ជំរុញការងារនេះ អោយបានលឿន និងទាន់ពេលវេលា។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថាៈ ប្រឡាយទួលពង្រ១ ដែលគ្រោងស្តារឡើងវិញនេះ ទំហំប្រឡាយ មានលក្ខណៈរួមតូច មានគេចាក់ដី បិទមុខទឹកហូរ ដែលត្រូវស្ដារប្រឡាយនេះជាបន្ទាន់ ហើយការសាងសង់ប្រឡាយនេះ ត្រូវសាងសង់ឡើង ជាប្រឡាយបេតុង ឱ្យបានទទឹង ៨ម៉ែត្រ បណ្ដោយ ៤.៥៤៥ ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូង ដល់បុរីជីបម៉ុង ដោយដាក់លូប្រអប់ ទំហំ ២,៦៥ ម៉ែត្រ គុណនឹង ២,៦៥ ម៉ែត្រ មានចំនួន ៣ ជួរ ប្រវែង ៤៤៥ ម៉ែត្រ ចាប់ពីបុរីជីពម៉ុង ដល់ប្រឡាយបឹងហា, ដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ ទំហំ ៦ម៉ែត្រ គុណនឹង ២ ម៉ែត្រ ប្រវែង ១.២២០ ម៉ែត្រ ចាប់ពីបូរី Green Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុង ចំណុចផ្លូវឆ្លងកាត់ មានចំនួន ៧ កន្លែងផងដែរ៕/V