ប្រែសម្រួល : កញ្ញាដាលីស ៖ តុលាការកំពូលរបស់កូរ៉េខាងត្បូងបានសម្រេចតម្កល់ទោសជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំចំពោះអតីតប្រធានាធិបតី ប៉ាក ហ្គុនហេនៅថ្ងៃព្រហស្បតិ៍នេះក្នុងសេចក្តីសម្រេចចុងក្រោយលើរឿងអាស្រូវពុករលួយដែលធ្វើឱ្យលោកស្រីខ្ទាតពីតំណែង។
សេចក្តីសម្រេចនេះនាំមកនូវទីបញ្ចប់នៃនីតិវិធីច្បាប់ជាហូរហែដែលពាក់ព័ន្ធនឹងការជំនុំជម្រះជាច្រើនលើកនិងបណ្តឹងឧទ្ធរណ៍ជាច្រើនរួមទាំងសវនាការលើកមុននៅតុលាការកំពូល។
ប្រធានាធិបតីស្រីដំបូងបង្អស់របស់ប្រទេសនេះត្រូវបានចោទប្រកាន់ក្នុងឆ្នាំ ២០១៧ បន្ទាប់ពីមានការតវ៉ាតាមដងផ្លូវដ៏ធំប្រឆាំងនឹងការគ្រប់គ្រងរបស់លោកស្រី។
លោកស្រីត្រូវបានផ្តន្ទាទោសនៅឆ្នាំបន្ទាប់ពីបទទទួលសំណូកនិងរំលោភអំណាចនិងត្រូវជាប់ពន្ធនាគាររយៈពេល ៣០ ឆ្នាំ។ បណ្តឹងសារទុក្ខជាបន្តបន្ទាប់ ការកាត់ទោសឡើងវិញ និងបណ្តឹងឧទ្ធរណ៍ជាច្រើនទៀត បានបន្ថយទោសរបស់លោកស្រីមកត្រឹម ២០ ឆ្នាំ។
នៅថ្ងៃព្រហស្បតិ៍នេះ រឿងក្ដីនេះបានកើតឡើងជាលើកទី ២ នៅចំពោះមុខតុលាការកំពូល ដែលនិយាយថា ខ្លួនសម្រេចទទួលយកនិងបញ្ជាក់ពីការកាត់ទោសជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំ។
តុលាការក៏បានតម្កល់ការពិន័យនិងការដកហូតទ្រព្យសម្បត្តិសរុបចំនួន ២១,៥ ពាន់លានវ៉ុន (១៩,៥ លានដុល្លារអាម៉េរិក) ផងដែរ។
លោកស្រីប៉ាកបានធ្វើពហិការមិនចូលរួមកិច្ចដំណើរការនីតិវិធីនេះទេ ដោយនិយាយថា ពួកគេលម្អៀងប្រឆាំងនឹងលោកស្រី ហើយមិនមានវត្តមាននៅក្នុងតុលាការនៅថ្ងៃព្រហស្បតិ៍នេះទេ។
ក្រៅពីនេះ លោកស្រីត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំដាច់ដោយឡែក ពីបទរំលោភច្បាប់បោះឆ្នោត។
ឥឡូវលោកស្រីប្រឈមមុខនឹងការជាប់ពន្ធនាគារសរុប ២២ ឆ្នាំហើយនឹងអាយុ៨០ ឆ្នាំនៅពេលចេញពីគុក៕
លោកស្រីផាកនឹងមានអាយុ៨០ឆ្នាំពេលចេញពីគុក