ដោយ:ម៉េងឆៃ/ភ្នំពេញ:រសៀលថ្ងៃទី១៤ខែមករានេះកាលពីឆ្នាំមិញអ្នកសារព័ត៌មានចម្រុះរាប់ពាន់នាក់មកពីគ្រប់ស្ថាប័នសារព័ត៌មានទាំងបែបប្រពៃណីទាំងបែបទំនើបឌីជីថលបានជួបជុំគ្នាយ៉ាងសប្បាយរីករាយក្នុងពិធីជួបប្រចាំឆ្នាំរវាងអ្នកកាសែតនិងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកកម្ពុជា។សម្តេចតេជោហ៊ុនសែនបានកំណត់យកថ្ងៃទី១៤ខែមករាដែលជាថ្ងៃខួបសម្តេចឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនាថ្ងៃ១៤មករាឆ្នាំ១៩៨៥ជាថ្ងៃជួបសំណេះសំណាលនិងទទួលទានអាហារពេលល្ងាចជាមួយក្រុម អ្នកកាសែតយ៉ាងកក់ក្តៅ។
រូបថតៈសម្តេចតេជោហ៊ុនសែនក្នុងជំនួបជាមួយអ្នកកាសែតលើកទី៤ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅកោះពេជ្រក្នុងរាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានជួបជាមួយក្រុមអ្នកសារព័ត៌មានលើកដំបូង នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខា ភ្នំបេញ។ លើកទី២ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅកោះពេជ្រ។ លើកទី៣នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅកោះពេជ្រ និងលើកទី៤ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅកោះពេជ្រក្នុងរាជធានីភ្នំពេញ។
ប៉ុន្កែទិវានៃពិធីជួបជុំរវាងប្រមុខរាជរដ្ឋាភិបាល ជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៥ថ្ងៃទី១៤ខែមករាឆ្នាំ២០២១នេះមិនត្រូវបានរៀបចំ ធ្វើឡើង ដោយសារតែវិបត្តិកូវីដ១៩។
ទោះជាដូចនេះក្តីសម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជំនួសឲ្យជំនួបផ្ទាល់។ សម្តេច តេជោបានលើកសរសើរអ្នកកាសែតក្នុងការងារមួយឆ្នាំកន្លងមក ទោះបីជាប្រឈមនឹងកូវីដក៏ដោយ។ ក្នុងសារលិខិតសម្តេចតេជោ ក៏បានណែនាំផង និងថែមទាំងព្រមាន ដោយមិនលើកលែងឡើយ ចំពោះអ្នកសារព័ត៌មាន ដែលខិលខូច និងបំពានច្បាប់។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់អ្នកកាសែត ឲ្យបន្តអនុវត្តវិជ្ជាជីវៈ ច្បាប់ ស្តីពី របបសារព័ត៌មាន និងគោរពតាមគោលការណ៍ “កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត”។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានដល់អ្នកកាសែតមួយចំនួនតូច ដែលបាន និងកំពុងប្រើប្រាស់ស្ថាប័នព័ត៌មាន ធ្វើសកម្មភាពទុច្ចរិតជំរិតទារប្រាក់ ការដើរតួនាទីជាចៅក្រមកាត់សេចក្តីនូវរឿងទំនាស់ បញ្ហាដីធ្លីការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃការពិត បំប៉ោងសភាពការណ៍ ជេរប្រមាថ ញុះញង់ និងបំពុលបរិយាកាសសង្គម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដែលប្រាសចាក ពីវិជ្ជាជីវៈសារព័ត៌មាន ដែលធ្វើឲ្យខូចតម្លៃ កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពរបស់ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន ដែលអនុវត្តបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ។
ក្នុងសារលិខិតសម្តេចតេជោក៏បានរម្លឹកពីជំនួបលើកទី៤រវាងរាជរដ្ឋាភិបាលជាមួយអ្នកសារព័ត៌មានកាលពីឆ្នាំកន្លងទៅដោយរាជរដ្ឋាភិបាល បានផ្តល់មេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន ដើម្បីការពារអ្នកសារព័ត៌មានតាមការស្នើសុំរបស់ស្ថាប័នសារព័ត៌មានដើម្បីជួយសម្រួល ដល់ការលំបាករបស់បងប្អូន។ ប៉ុន្តែសម្តេចតេជោបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងមិនអត់ឱនដល់អ្នកសារព័ត៌មាន ដែលបំពានច្បាប់ មិនគោរពវិជ្ជាជីវៈ ហើយប្រព្រឹត្តអំពើទុច្ចរិត ជ្រកក្រោមស្លាកសារព័ត៌មាន បម្រើផលប្រយោជន៍ផ្ទាល់ខ្លួនដែលធ្វើឲ្យ ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសង្គមឡើយ។
សម្តេចតេជោ គូសបញ្ជាក់ថា កន្លងមក សម្តេចបានលើកឡើងថា ជំងឺកូវីដ១៩ ជាជំងឺឆ្លងកាចសាហាវប៉ុន្តែការផ្សព្វផ្សាយព័ត៌មាន បំពុលសង្គម គឺវាកាចសាហាវឆ្លងលឿនជាងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ទៅទៀត ដែលទាមទារឲ្យរាជរដ្ឋាភិបាលចាត់វិធានការ ចាំបាច់ ដើម្បីការពារសេចក្តីសុខសាន្តរបស់ប្រជាជន និងថែរក្សាសុខសន្តិភាព ការអភិវឌ្ឍនៅកម្ពុជា។
ជាការពិត អ្នកកាសែតត្រឹមត្រូវ ដែលឆ្លងកាត់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ទោះជាវគ្គខ្លី ឬវគ្គវែង មិនថា នៅអង្គការនៅក្លិបអ្នក កាសែត នៅសមាគម ឬវគ្គរៀបចំដោយក្រសួងព័ត៌មាន សាកលវិទ្យាល័យភ្នំពេញ គឺក្រុមអ្នកកាសែតទាំងនេះ ស្ទើរតែទាំងអស់ បានបំពេញការងារស្ទើរតែមួយជីវិត មិនមានបញ្ហាអ្វីក្នុងវិជ្ជាជីវៈការងាររបស់ខ្លួនឡើយ។
ផ្ទុយទៅវិញអ្នកកាសែតមួយចំនួនតូចណានោះដែលមិនបានឆ្លងកាត់ការបណ្តុះបណ្តាលជំនាញកាសែតឬមានបំណងបំពានវិជ្ជាជីវៈ ក្រមសីលធម៌បានធ្វើឲ្យមានបញ្ហាប៉ះពាល់ដល់អ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈក្រមសីលធម៌ត្រឹមត្រូវ។ប្រការនេះដែលបានបង្កើតជាក្លិនមិនល្អដល់អ្នកកាសែតទូទៅ។
ក្រៅពីគោរពឲ្យខ្ជាប់ខ្ជួននូវវិជ្ជាជីវៈហើយអ្នកកាសែតយើង ក្នុងសម័យណាណាក៏ដោយ បើសិនជាមិនសរសេរការពិតទេគឺមានស្មើនឹង សម្លាប់អាជីពខ្លួនឯង។ អ្នកកាសែត ឬអង្គភាពសារព័ត៌មានណាក៏ដោយ ត្រូវតែចងចាំក្នុងអាជីពជានិច្ចថា “ការពិត ការពិត ការពិត”។ សារព័ត៌មាន ជាកញ្ចក់ឆ្លុះសង្គម។ មានន័យថា បើរូបភាពស ចេញមកស បើខ្មៅ ចេញខ្មៅ។
អ្នកកាសែតយើង ក៏តោងតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន គឺមិនថាជាអ្នកកាសែតឯករាជ្យឬអ្នកកាសែតនៅ អង្គភាពណានោះទេ ក្នុងពេលបំពេញការងារនឹងកម្រហើយក៏មិនជួបបញ្ហាអ្វីឡើយ។ចូរកុំភ្លេចថាក្រមសីលធម៌និងវិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រៀបដូចជាអាវក្រោះរបស់អ្នកកាសែត៕