ដោយៈឫទ្ធិស័ក្តិ/ភ្នំពេញៈមានករណីលួចលុយក្រុមហ៊ុនពីក្នុងគណនីធនាគារជាង១២ម៉ឺនដុល្លារ។សមត្ថកិច្ចក៏បានឃាត់ខ្លួនស្ត្រីពីរនាក់ដែលជាបុគ្គលិកផ្នែកគណនេយ្យបម្រើការងារនៅក្នុងក្រុមហ៊ុនអាល់ ហ្វា ប្រូផឺធីខោនស្ត្រាក់សិនស្ថិតនៅភូមិ៤សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។ការឃាត់ខ្លួនបានធ្វើឡើងកាលពីថ្ងៃ១៣ខែមករាម្សិលមិញតាមបណ្តឹងរបស់ក្រុមហ៊ុនប្តឹងចោទប្រកាន់ពីបទរំលោភទំនុកចិត្ត។
សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងបានប្រាប់រស្មីកម្ពុជាឱ្យដឹងថា ជនសង្ស័យឈ្មោះ ចាន់ វុធសីហា អាយុ២៧ឆ្នាំ រស់នៅផ្ទះលេខ៤៥ ផ្លូវលេខ១៣៤ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យលួចលុយចំនួន ១០,៥ម៉ឺនដុល្លារ និងឈ្មោះ វង្ស សៀកឡេង អាយុ២៦ឆ្នាំ រស់នៅផ្ទះលេខ១៨៤Z ភូមិ៤ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។ជនសង្ស័យលួចលុយ ១,៧ម៉ឺនដុល្លារ។
សមត្ថកិច្ចបន្តថា កាលពីអំឡុងឆ្នាំ២០១៦ ជនសង្ស័យទាំងពីរនាក់ បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុនអាល់ ហ្វា ប្រូផឺធី ខោនស្ត្រាក់សិន។ជនសង្ស័យបម្រើការងារដល់ឆ្នាំ២០១៧ក៏បានលួចដកលុយរបស់ក្រុមហ៊ុនដែលបានយកទៅដាក់ក្នុងធនាគារជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០២០។លុះដល់ថ្ងៃទី១៣ខែមករាឆ្នាំ២០២១ក្រុមហ៊ុនស្រាវជ្រាវថាបានបាត់លុយក្នុងធនាគារក៏ហៅជនសង្ស័យទាំងពីរនាក់មកសាកសួរ។បន្ទាប់មកជនសង្ស័យឆ្លើយសារភាពថាពួកខ្លួនពិតជាបានលួចដកលុយរបស់ក្រុមហ៊ុនពិតប្រាកដទើបខាងក្រុមហ៊ុនបានប្តឹងសមត្ថកិច្ចអនុវត្តតាមផ្លូវច្បាប់។ជនសង្ស័យក៏ត្រូវបាននគរបាលខណ្ឌបឹងកេងកងកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕សរន