Home ព័ត៌មានជាតិ នយោបាយ ឧ​ត្ត​ម​សេនីយ...

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​: កម្ពុជា​ទទួលបាន​នូវ​សុខសន្តិភាព ឯកភាព​ជាតិ ឯកភាព​ទឹកដី និង​ការអភិវឌ្ឍ​រីកចម្រើន​ជា​សមិទ្ធផល​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​បាន​បញ្ជាក់ថា សន្តិភាព ស្ថិរភាព​នយោបាយ និង​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច ក៏​ជាការ​ផ្តល់នូវ​ឱកាស​សម្រាប់​ការកសាង និង​អភិវឌ្ឍ​សមត្ថភាព​កងយោធពល​ខេមរភូមិន្ទ​ផងដែរ ជាពិសេស​ក្នុងពេលដែល​កម្ពុជា​ទទួល​បាន​នូវ​សុខសន្តិភាព ឯកភាព​ជាតិ ឯកភាព​ទឹកដី និង​ការអភិវឌ្ឍ​រីកចម្រើន​ដូច​សព្វថ្ងៃ ជា​សមិទ្ធផល​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ ដែលមាន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ជា​ស្ថាបនិក​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​

​ការបញ្ជាក់​នេះ នៅក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​កុម្ម៉ង់ដូ ជំនា​ន់ទី​១០ វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង ជំនា​ន់ទី​២៩ និង​បើក​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង ជំនា​ន់ទី​៣០ និង​ចូលរួម​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​សំណង់​ប​ចេ្ច​ក​ទេស​លោត​ឆត្រយោង សម្ពោធ​សមិទ្ធផល នៅ​ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ និង​យោធិន​ទាំងអស់​នៃ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ក្នុង​ការខិតខំ​ប្រឹងប្រែង​ប្រែក្លាយ​ទីនេះ​ឲ្យ​ទៅជា​កន្លែង​ហ្វឹកហ្វឺន​ក្នុងការ​លោត​ឆត្រ​ដែលជា​មូលដ្ឋាន​រឹងមាំ ដើម្បី​កសាង​នូវ​ទីតាំង​យូរអង្វែង ហើយ​ស្រប​ពេលដែល អង្គភាព​៩១១ បានប្រែក្លាយ​ខ្លួន​ពី​កងពលតូច​ទៅជា​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ដោយ​បង្កើន​នូវ​វិសាលភាព​តួនាទី និង​ភារកិច្ច​កាន់តែ​ធំ​ជាង​មុន​។ ទីតាំង​នេះ នឹង​ជា​មូលដ្ឋាន​សម្រាប់​ជួយ​ពង្រឹង​ជំនាញ​ទ័ព​ពិសេស​សម្រាប់​គ្រប់​អង្គភាព​ចំណុះ ក៏ដូចជា​គ្រប់​បណ្តា​កងកម្លាំងប្រដាប់អាវុធ​ជាតិ​ទាំងអស់​។ ម្យ៉ាងវិញទៀត បញ្ជាការដ្ឋាន​ទ័ព​ពិសេស​មាន​វិសាលភាព​ធំធេង​ក្នុងការ​ចូលរួមចំណែក​ថែរក្សា​សុខសន្តិភាព និង​ស្ថិរភាព​សង្គម ដោយហេតុថា​ជំនាញ​ទ័ព​ពិសេស​នេះ​គឺជា​តម្រូវការ​ចាំបាច់​ស​ម្រា​ប់​បរិបទ​ថ្មី​នៃ​សង្គ្រាម​បែប​មិន​ប្រពៃណី​ដូចជា គ្រោះមហន្តរាយធម្មជាតិ និង​អំពើ​ភេរវកម្ម ជាដើម​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​អបអរសាទរ និង​កោតសរសើរ​ចំពោះ​សិក្ខាកាម​ទាំងអស់ ដែល​បាន​ហែល​ឆ្លង​បញ្ចប់​វគ្គ​ហ្វឹកហ្វឺន​ដ៏​លំបាក​នេះ​។ ជោគជ័យ​នេះ គឺ​កើតចេញពី​ការ​ហាត់ពត់លត់ដំ​កាយសម្បទា ស្មារតី និង​សតិអារម្មណ៍​ក្នុងការ​ជម្នះ​នូវ​ការលំបាក​គ្រប់បែបយ៉ាង ហើយ​គឺ​មោទនភាព​សម្រាប់​សិក្ខាកាម​បញ្ចប់​វគ្គ​គ្រប់រូប ជាមួយ​ការសង្ឃឹម​យ៉ាង​មុតមាំ​ថា សិក្ខាកាម​ទាំងអស់​នឹង​យកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង​បន្ត​រៀនសូត្រ និង​ប្រើប្រាស់​ចំណេះដឹង​ទាំង​ផ្នែក​ទ្រឹស្តី និង​ការអនុវត្ត​ទទួលបាន​ពី​វគ្គ​ហ្វឹកហ្វឺន​ទាំងនេះ សម្រាប់​យកទៅ​បំពេញ​រាល់​ភារកិច្ច​ឱ្យ​ទទួលបាន​ជោគជ័យ និង​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​បុព្វហេតុ​បម្រើ​ជាតិ មាតុភូមិ និង​ប្រជាជន​របស់​យើង​។​

​មេបញ្ជាការ​កងទ័ពជើងគោក ក៏​សូម​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ភាគី​មិត្ត និង​សប្បុរសជន​ទាំងអស់ ដែល​បាន​ជ្រោមជ្រែង​ក្នុង​កិច្ច​ការកសាង​សមត្ថភាព​កងទ័ព​លើ​គ្រប់ផ្នែក​ទាំង​ការកសាង​ហេ​ដ្ឋា​ចរ​នា​សម្ព័ន្ធ ការហ្វឹកហ្វឺន និង​ការធានា​ផ្សេងៗ​។ ទាំងអស់នេះ​បាន​ស្តែង​ឱ្យឃើញ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ដោយ​ឈរលើ​បុព្វហេតុ​រួម គឺ​ការកសាង​មូលដ្ឋាន​នៃ​កិច្ច​ការពារជាតិ ដើម្បី​ធានាបាន​នូវ​សន្តិភាព​ស្ថិតស្ថេរ​យូរអង្វែង និង​ការកសាង​ឱកាស​សម្រាប់​ការអភិវឌ្ឍ​ជាតិ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular