បុរស​ចិន​ម្នាក់ ត្រូវបាន​តុលាការ​ដោះលែង ក្រោយ​ជាប់គុក​ជាង ២៥ ឆ្នាំ បន្ទាប់ពី​ការកាត់ទោស​ទាំង​ច្រឡំ​

1198
ចែករម្លែក

​បុរស​ម្នាក់​ដែល​ត្រូវបាន​ផ្តន្ទាទោស​ពីបទ​មនុស្សឃាត​នៅក្នុង​ខេត្ត​ជី​លីន​កាលពី​ជាង ២ ទសវត្សរ៍​មុន ត្រូវបាន​តុលាការ​សម្រេច​ថា​គ្មាន​ទោស បន្ទាប់ពី​ការកាត់ក្តី​ឡើងវិញ ដោយសារតែ​ការពិត​មិន​ច្បាស់លាស់​និង​ភស្តុតាង​មិន​គ្រប់គ្រាន់​។​

​លោក លីវ ចុង​លីន អាយុ ៤៩ ឆ្នាំ ដែល​ជាប់គុក​អស់ ២៥ ឆ្នាំ​រូបនេះ ត្រូវបាន​ដោះលែង​កាលពី​ថ្ងៃ​សុក្រ​ទី​២០ ខែមេសា នៅឯ​តុលាការ​ជាន់ខ្ពស់​ប្រជាជន​ក្រុង​ជី​លីន​។​

​លោក​លីវ​បានបង្ហាញ​ភាពស្ងប់ស្ងាត់ នៅពេលដែល​សាលក្រម​ត្រូវបាន​ប្រកាស​។​

​គាត់​និយាយថា “​ខ្ញុំ​មិន​រំភើប​ទេ​ព្រោះ​ភាព​គ្មាន​ទោសពៃរ៍​ចំពោះ​ខ្ញុំ​គឺជា​ការរង់ចាំ​ដ៏​យូរ​និង​លំបាក​។ ខ្ញុំ​សង្ឃឹមថានឹង​ទទួលបាន​ប្រាក់​សំណង​របស់​រដ្ឋ​ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន ហើយ​បន្ទាប់មក​ទិញ​ផ្ទះ​ដើម្បី​បញ្ចប់​នូវ​ភាព​វង្វេង​តែលតោល​ក្នុង​ជីវិត​របស់ខ្ញុំ​”​។​

​លោក ចាង យូ​ប៉េង មេធាវី​របស់លោក លីវ បាន​ប្រាប់​កាសែត China Daily ថា ពេលវេលា​ដែល​កូនក្តី​របស់គាត់​បាន​ចំណាយ​ក្នុងការ​ឃុំឃាំង​ដោយ​យល់ច្រឡំ អាចជា​រយៈពេល​វែង​បំផុត​នៅក្នុង​ប្រទេស​នេះ​។​

​នៅ​ថ្ងៃទី ២៨ ខែតុលា​ឆ្នាំ ១៩៩០ អ្នកភូមិ​ម្នា​ក់នៅ​ស្រុក​តុង​លៀវ ខេត្ត​ជី​លីន បាន​រកឃើញ​សាកសព​របស់​ស្ត្រី​ម្នាក់​នៅក្នុង​ចម្ការ​បន្លែ​មួយ​។ ប៉ូលិស​បាន​ផ្ទៀងផ្ទាត់​ថា​វា​ជា​សាកសព​របស់​ស្ត្រី​ម្នាក់​ឈ្មោះ​តេង ដែល​បាន​បាត់​ខ្លួន​ក្នុងភូមិ​អស់​រយៈពេល​មួយឆ្នាំ​។​

​លោក​លីវ ដែល​កាលណោះ​មាន​អាយុ ២២ ឆ្នាំ ត្រូវបាន​ឃុំខ្លួន និង ប្រកាស​ជា​ជនសង្ស័យ​នៅក្នុង​ករណី​ស្លាប់​របស់​ស្ត្រី​នោះ​។​

​នៅ​ខែកក្កដា​ឆ្នាំ ១៩៩៤ តុលាការ​មជ្ឈិម​ប្រជាជន​លៀវ​យួន នៅក្នុង​ខេត្ត​ជី​លីន បាន​ផ្តន្ទាទោស​ប្រហារជីវិត​លោក​លីវ ពីបទ​សម្លាប់​មនុស្ស ដោយ​ព្យួរទោស​ស្លាប់​រយៈពេល ២ ឆ្នាំ​សិន​។ មួយឆ្នាំ​ក្រោយមក ការកាត់ទោស​ប្រហារជីវិត​ត្រូវបាន​រក្សាទុក​វិញ​ដោយ​តុលាការ​ជាន់ខ្ពស់​របស់​ខេត្ត​។​

​លោក​លីវ និង​ក្រុមគ្រួសារ​របស់គាត់​បាន​ប្តឹង​ឧទ្ធរណ៍​ឥតឈប់ឈរ​តាំងពី​ពេល​នោះមក​។​

​នៅ​ខែមីនា​ឆ្នាំ ២០១២ តុលាការ​ប្រជាជន​ជាន់ខ្ពស់​បានសម្រេច​ចិត្ត​ធ្វើការ​ជំនុំជម្រះ​សំណុំរឿង​ម្តងទៀត ប៉ុន្តែ​ការកាត់ក្តី​ឡើងវិញ​មិនត្រូវ​បាន​បើកសវនាការ​ទេ​រហូតដល់​ខែមេសា​ឆ្នាំ ២០១៦​។ ហើយ​ទីបំផុត​លោក​លីវ​ត្រូវបាន​តុលាការ​សម្រេច​ឱ្យ​ដោះលែង​វិញ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ក្រោយពី​បាន​ជាប់ពន្ធនាគារ​ជាង ២៥ ឆ្នាំ​។​

​ក្រោម​ច្បាប់នីតិវិធី​ព្រហ្មទណ្ឌ​របស់​ចិន រយៈពេល​ជាប់ពន្ធនាគារ​របស់​ម​នុស្ស ដែល​ត្រូវបាន​កាត់ទោស​ប្រហារជីវិត ត្រូវបាន​កាត់បន្ថយរ​ហូត​ដល់ ២៥ ឆ្នាំ ប្រសិនបើ​ពួកគេ​មិនបាន​ប្រព្រឹត្ត​បទល្មើស​ថ្មី​និង​ធ្វើ​ល្អ ក្នុងអំឡុងពេល​ព្យួរទោស​រយៈពេល​២​ឆ្នាំ​។​

​លោក ចាង មេធាវី​របស់លោក លីវ បាន​ប្រៀបធៀប​ការកាត់ក្តី​ឡើងវិញ​ទៅនឹង​ការរត់​ម៉ា​រ៉ា​តុង “​ព្រោះ​វា​ហួសពេល​វេលា​កំណត់​យូរពេក​នៃ​សវនាការ​ឡើងវិញ​”​។​

​យោងទៅតាម​ច្បាប់​ការកាត់ក្តី​សាជាថ្មី​គួរតែ​ត្រូវ​បានបញ្ចប់​ក្នុង​រយៈពេល​បី​ខែ បន្ទាប់ពី​តុលាការ​សម្រេចចិត្ត​កាត់​ក្តី​ម្តងទៀត ហើយ​ករណីបែបនេះ​អាច​ត្រូវបាន​ពន្យារពេល​រហូត​ដល់ ៦ ខែ ប្រសិនបើ​ចាំបាច់​។ ទោះយ៉ាងណា លោក​ចាង​និយាយថា ករណី​ភាគច្រើន​គឺ​លើស​ពេល​កំណត់​បែបនេះ​រហូត​។​

​ឥឡូវនេះ លោក​លីវ​ធ្វើការ​ជា​សន្តិសុខ​នៅលើ​ឡានក្រុង​នៅ​ប៉េកាំង​។ ទោះយ៉ាងណា គាត់​បាន​និយាយថា “​ខ្ញុំ​នឹង​ត្រឡប់​ទៅ​ស្រុកកំណើត​របស់ខ្ញុំ​វិញ ព្រោះ​គ្មាន​កន្លែង​ណា​ល្អ​ជាង​នោះទេ​”៕ ដោយ៖ កញ្ញាដាលីស

លោក លីវ ចុង​លីន សព្វថ្ងៃ​ធ្វើការ​ជា​សន្តិសុខ​រថយន្ត​ក្រុង​នៅ​ប៉េកាំង

ទីតាំងផ្សាយពាណិជ្ជកម្ម