ប្រធាន​គណៈកម្មការ​ចម្រុះ ៖ ការជ្រើសរើស​យក ជម្រើស​ដកសិទ្ធិ​បណ្តោះអាសន្ន អ្នកគ្រប់គ្រង​អង្គការ សុវណ្ណ​កុមារ ដើម្បី​សម្រួល​ស្ថានការណ៍

ដោយៈ មេសា/ភ្នំពេញៈ ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដោះស្រាយ​វិវាទ អង្គការ​សុវណ្ណ កុមារ អិ​ល​អិ​ល​ស៊ី បាន​អះអាងថាៈ ការជ្រើសរើស​យក ជម្រើស​ដកសិទ្ធិ ជា​បណ្តោះអាសន្ន អ្នកគ្រប់គ្រង​អង្គការ សុវណ្ណ​កុមារ គឺ​ដើម្បី​សម្រួល​ស្ថានការណ៍​”​។ លោក តូច ចាន់នី បាន​ថ្លែង​យ៉ាង​ដូច្នេះ បន្ទាប់ពី​កិច្ចប្រជុំ​របស់ គណៈកម្មការ​អន្តរក្រសួង ដោះស្រាយ​វិវាទ អង្គការ​សុវណ្ណ​កុមារ អិ​ល​អិ​ល​ស៊ី នា​ព្រឹក​ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២១ នេះ នៅឯ​ទីស្តីការ របស់​ក្រសួង​សង្គមកិច្ច ។

​នៅពេល​សួរថា ហេតុអ្វី​បានជា​គណៈកម្មការ​អន្តរក្រសួង ឬ គណៈកម្មការ​ចម្រុះ​សម្រេចចិត្ត ជ្រើស​រើសយក​ជម្រើស ដកសិទ្ធិ ជា​បណ្តោះអាសន្ន នូវ​តួនាទី របស់​អ្នកគ្រប់គ្រង បច្ចុប្បន្ន នៃ​អង្គការ​សុវណ្ណ​កុមារ​នោះ លោក តូច ចាន់នី អគ្គនាយក​បច្ចេកទេស នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុ​វី​នីតិសម្បទា និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដោះស្រាយ​វិវាទ អង្គការ​សុវណ្ណ​កុមារ អិ​ល​អិ​ល​ស៊ី បាន​ឆ្លើយ​យ៉ាង​ក្បោះក្បាយ​ថាៈ ” ជាដំបូង សូម​ជ្រាបថា គណៈកម្មការ​អន្តរក្រសួង​នេះ បង្កើតឡើង ដើម្បី​ដោះស្រាយ​បញ្ហា​របស់​កុមារ​នៅ​អង្គការ សុវណ្ណ​កុមារ មិនមែន​ដោះស្រាយ​ជម្លោះ របស់​អ្នកគ្រប់គ្រង​ចាស់ និង​អ្នកគ្រប់គ្រង​ថ្មី​ទេ ។ ប៉ុន្តែ​បន្ទាប់ពី​ការចុះ​ធ្វើ អធិការកិច្ច​ពិសេស ក៏ដូចជា ស្ថានភាព​កន្លងមក និង បច្ចុប្បន្ន ឃើញថា ស្ថានភាព​កុមារ នៅ​អង្គការ​សុវណ្ណ​កុមារ បច្ចុប្បន្ននេះ មិន​ដូចជា​កុមារ​នៅក្នុង មណ្ឌល​ឡើយ ព្រោះ​កុមារ ហ៊ាន​ប្រឆាំង រហូតដល់​ហ៊ាន​គំរាម អ្នកគ្រប់គ្រង ពោលគឺ ស្ថានភាព កាន់តែ​វឹកវរ និង​ក្តៅ​ទៅៗ ” ។​

​ចំពោះ​ស្ថានភាព និង ឥរិយាបថ​របស់​កុមារ នៅ​អង្គការ​សុវណ្ណ​កុមារ​នេះ លោក តូច ចាន់នី បានលើកឡើង​ថាៈ ” យើង​មិនអាច​បន្ទោស​កុមារ​បានទេ ! មិនអាច​បន្ទោស​កុមារ​បាន ដោយហេតុថា កាលពីមុន កុមារ​ទាំងនោះ ជា​កុមារ​ស្លូតបូត មាន​សុជីវធម៌ ទើបតែ​ពេល បច្ចុប្បន្នេះ​ទេ ទើប​កុមារ បញ្ចេញ​អាកប្បកិរិយា បែប​នោះ ក៏​ព្រោះតែ​អ្នកគ្រប់គ្រង​ធ្វើ​កិច្ចការ មិនបាន​ល្អ ធ្វើឱ្យ​កុមារ បាត់​ភាពកក់ក្តៅ បាត់បង់​សេរីភាព រហូត​កុមារ ទទួលយក​មិនបាន ។ ហេតុនេះ មូលហេតុ និង​គោលដៅ​ដ៏​សំខាន់បំផុត នៃ​គណៈកម្មការ​ចម្រុះ​ដែល​សម្រេចចិត្ត ជ្រើស​យក ជម្រើស​ដកសិទ្ធិ ជា​បណ្តោះអាសន្ន នូវ​តួនាទី​អ្នកគ្រប់គ្រង បច្ចុប្បន្ននេះ គឺ​ដើម្បី​សម្រួល​ស្ថានការណ៍ ប៉ុន្តែ​ការដកហូត​សិទ្ធិ​នេះ ត្រូវ​ស្នើសុំ​កិច្ចសហការ​ជាមួយ ក្រសួងយុត្តិធម៌ និង​ស្ថាប័ន​តុលាការ ជាមុន ” ។​

​សូម​ជ្រាបថា អង្គការ​សុវណ្ណ​កុមារ  អិ​ល អិ​ល ស៊ី ដែល​កន្លងមក ត្រូវបាន​ក្រសួង​សង្គមកិច្ច និង អ្នកពាក់ព័ន្ធ​ទទួលស្គាល់ថា​ជា​អង្គការ ដ៏​ល្អប្រសើរ ស្តង់ដារ​អន្តរជាតិ​នោះ ចាប់ផ្តើម​មាន ការប្រែប្រួល យ៉ាងខ្លាំង បន្ទាប់ពី​មាន​វិវាទ​កើតឡើង​។​

​លោក សុធា អា​រុណ អតីត​ប្រធាន​អង្គការ ត្រូវបាន​ចោទថា បាន​បំពាន​លើក​ច្បាប់​ជាច្រើន រាប់ទាំង​ការប្រព្រឹត្ត​អំពើពុករលួយ បំពាន​ផ្លូវភេទ​លើ​កុមារ និង បណ្តែតបណ្តោយ ឱ្យមាន​អំពើហិង្សា លើ​កុមារ​ជាដើម នៅ​ចុងឆ្នាំ​២០១៩​។ ចាប់ពីពេលនោះ​មក​ពោលគឺ តាំងពី​ដើមឆ្នាំ ២០២០ មក ក៏​មានការ​ប្តឹងផ្តល់​គ្នា ទៅវិញទៅមក ឡើងដល់​តុលារ យ៉ាង​ស្មុគស្មាញ និង ក្តៅគគុក រហូតដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ។ ទោះយ៉ាងណា បន្ទាប់ពី​ការហៅ មេធាវី​ភាគី​ចុងចោទ ទៅ​សួរនាំ​រួចមក រហូតមកដល់​ពេលនេះ​គេ​មិនទាន់ ឃើញ​មាន អង្គភាព ដែល​ត្រូវបាន​ទទួលស្គាល់ថា ជា​ស្ថាប័ន​មុខ​ដែក (ACU) នេះ ចោទប្រកាន់​នៅឡើយ​ទេ ។ បញ្ហា​ក៏​រីក​រាលដាល កាន់តែ​ធំ​ទៅៗ ចាក់ស្រេះ​គ្នា​កាន់តែ រញ៉េរញ៉ៃ ថែមទៀត​នោះ គឺ​នៅពេលដែល​ភាគី​ដើមចោទ គឺ​លោក Bradley James Gordon បាន​យក​កុមារ នៅក្នុង​អង្គការ សុវណ្ណ​កុមារ ធ្វើជា​សាក្សី គាំទ្រ​បណ្តឹង​របស់គាត់ ប្រឆាំង​លោក សុធា អា​រុណ ។ បន្ទាប់មក ក៏មាន​កុមារ ចេញមុខ​ធ្វើជា​សាក្សី ការពារ​លោក សុធា អា​រុណ ដែលជា​រួម​ទៅ ត្រូវបាន​មើលឃើញថា កុមារ​នៅក្នុង​អង្គការ សុវណ្ណ​កុមារ ត្រូវបាន​គេ​យកទៅ​ពាក់ព័ន្ធ ក្នុង​បណ្តឹង​របស់​អ្នកគ្រប់គ្រង បច្ចុប្បន្ន គឺ​លោក Bradley James Gordon ដែលជា​អ្នកទទួលបាន​សិទ្ធិ ជាដើម​ចោទ និង អ្នកគ្រប់គ្រង​ចាស់ គឺ​លោក សុធា អា​រុណ ហើយ​ជា​លទ្ធផល ធ្វើឱ្យ​ស្ថានភាព​កុមារ មាន​ភាព​ប្រេះឆា ដែល​គេ​អាច​មើលឃើញ ដោយ​ងាយ​ថា កុមារ​ត្រូវបាន​បែង​ចែកជា ២ ក្រុម ។​

​តាមពិត បើតាម​ច្បាប់​នានា ក្រសួង​សង្គមកិច្ច មាន​សិទ្ធិ​សម្រេច ដកសិទ្ធិ​អ្នកគ្រប់គ្រង​ថ្មី ជា​បណ្តោះអាសន្ន​នេះ បាន​ដោយ​ឯកឯង ។ ទោះយ៉ាងណា លោក តូច ចាន់នី​បាន​បន្ថែម ថាៈ ការឈាន​ទៅដល់​សម្រេច ដកសិទ្ធិ​អ្នកគ្រប់គ្រង ជា​បណ្តោះអាសន្ន គឺត្រូវធ្វើ​ឡើង ដោយ​ពិនិត្យ​ទៅលើ ” គ្រប់​ទិដ្ឋភាព​ច្បាប់​គតិយុត្តិ ” និង ស្ថានភាព​ជាក់ស្តែង​ហើយក៏​មិន មែន​ធ្វើ​ត្រឹមតែ ក្រសួង​សង្គមកិច្ច មួយ​ម្នាក់ឯង ឬ ត្រឹមតែ​គណៈកម្មការ​អន្តរក្រសួង ដែល​លោក តូច ចាន់នី ហៅថា ជា​យន្តការ​ដ៏​ខ្ពស់បំផុត សម្រាប់​ដោះស្រាយ​វិវាទ​នេះ​ទេ ប៉ុន្តែ​គឺ​គណៈកម្មការ ដាក់​ការសម្រេចចិត្ត ដកសិទ្ធិ​អ្នកគ្រប់គ្រង ជា​បណ្តោះអាសន្ន​នេះ ទៅ​តុលាការ និង​ក្រសួងយុត្តិធម៌ ផងដែរ ។​

​ចំពោះ​លទ្ធផល នៃ កិច្ចប្រជុំ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ ២០២១ នេះ បានសម្រេច ៣ ចំណុច​សំខាន់ៗ គឺៈ ១ សិក្សា​អំពី​នីតិវិធី នៃ​ការដក​សិទ្ធិ អ្នកគ្រប់គ្រង ជា​បណ្តោះអាសន្ន​, ២. បន្ត​ស៊ើបអង្កេត និង​រក​ដំណោះស្រាយ​ចំពោះ​កុមារ ដែល​ត្រូវ​បានស្នើ យក​ចេញពី​អង្គការ សុវណ្ណ​កុមារ និង ៣.​បន្ត​ស៊ើបអង្កេត ចំពោះ​កុមារ ដែល​បាត់​ខ្លួន ។​

​លោក តូច ចាន់នី បានបញ្ជាក់​ថាៈ ការដក​សិទ្ធិ​អ្នកគ្រប់គ្រង​នេះ គឺ​គ្រាន់តែ​ជាការ​ដក បណ្តោះអាសន្ន​ប៉ុណ្ណោះ ។ ហេតុនេះ អ្នកគ្រប់គ្រង​បច្ចុប្បន្ន នឹង​អាច​ត្រូវបាន​ប្រគល់ ការងារ​វិញ ឬ យ៉ាងណា​នោះ គឺ​អាស្រ័យទៅលើ​លទ្ធផល​នានា បន្ទាប់ពី​ក្តីក្តាំ​របស់គាត់ ត្រូវបាន​តុលាការ បិទ​បញ្ចប់ ៕/V-PC

អ្នកចូលរួម​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង ( អ្នកចូលរួម ១, អ្នកចូលរួម ២, អ្នកចូលរួម ៣, អ្នកចូលរួម ៤, កិច្ចប្រជុំ ១, កិច្ចប្រជុំ ២, កិច្ចប្រជុំ ៣, កិច្ចប្រជុំ ៤)

អ្នកចូលរួម​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង ( អ្នកចូលរួម ១, អ្នកចូលរួម ២, អ្នកចូលរួម ៣, អ្នកចូលរួម ៤, កិច្ចប្រជុំ ១, កិច្ចប្រជុំ ២, កិច្ចប្រជុំ ៣, កិច្ចប្រជុំ ៤)

អ្នកចូលរួម​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង ( អ្នកចូលរួម ១, អ្នកចូលរួម ២, អ្នកចូលរួម ៣, អ្នកចូលរួម ៤, កិច្ចប្រជុំ ១, កិច្ចប្រជុំ ២, កិច្ចប្រជុំ ៣, កិច្ចប្រជុំ ៤)

អ្នកចូលរួម​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង ( អ្នកចូលរួម ១, អ្នកចូលរួម ២, អ្នកចូលរួម ៣, អ្នកចូលរួម ៤, កិច្ចប្រជុំ ១, កិច្ចប្រជុំ ២, កិច្ចប្រជុំ ៣, កិច្ចប្រជុំ ៤)

លោក តូច ចាន់នី ថ្លែង​នៅក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​ដោះស្រាយ វិវាទ​អង្គការ​សុវណ្ណ​កុមារ ( តូច ចាន់នី​)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular