ប្រែសម្រួល : កញ្ញាដាលីស/ឡុងដ៍ ៖ ការប្រឹងប្រែងរបស់ក្រុមបិសាចក្រហម Manchester United ដើម្បីឈ្នះពាន Premier League ជាលើកដំបូងក្នុងរយៈពេល ៨ឆ្នាំនឹងប្រឈមមុខនឹងការសាកល្បងដ៏ធំ នៅពេលដែលពួកគេត្រូវជួបជាមួយក្រុមហង្សក្រហម Liverpool នៅថ្ងៃអាទិត្យ។
ដោយសារនឹងមានការជ្រុះពិន្ទុរវាងក្រុមទាំងពីរនៅឯទឹកដី Anfield នាចុងសប្តាហ៍នេះ ច្បាស់ណាស់ក្រុមលេខ ៣ Manchester City អាចនឹងចូលមកប្រណាំងប្រជែងពានម្តងទៀត។
ក្រុមតោខៀវបាក់ចង្កូម Chelsea ត្រូវបង្ខំចិត្តផ្អាកមហិច្ឆតាប្រជែងពានមួយរយៈសិន បន្ទាប់ពីធ្លាក់ចុះទម្រង់លេងយ៉ាងដុនដាបនិងត្រូវស្តារវាមកវិញឱ្យបានឆាប់ៗដើម្បីសង្គ្រោះអាជីពរបស់អ្នកចាត់ការទូទៅ ហ្វ្រែង ឡាំផាត។
បន្ទាប់ពីទម្លាយទ្វារដោយមិនរំពឹងទុកចូលមកប្រជែងពាននឹងគេឯងជាមួយនឹងជ័យជម្នះ៩ប្រកួតជាប់គ្នាមិននឹកស្មានដល់ក្នុងអំឡុងការប្រកួតមិនដែលចាញ់សរុប ១១ លើកចុងក្រោយមកនោះ ក្រុមបិសាចក្រហម Man United នឹងធ្វើដំណើរទៅកាន់ទឹកដី Anfield ដោយដឹងថា ពួកគេមានឱកាសមាសក្នុងការបើកការនាំមុខដាច់ ៦ ពិន្ទុលើកូនក្រុមរបស់លោក ជួហ្គិន ក្លប់។
នេះជាលើកទីមួយចាប់តាំងពីរដូវកាលឈ្នះពានចុងក្រោយរបស់លោកសឺ អាឡិច ហ្វើហ្គោសុន ក្នុងរដូវកាល ២០១២-១៣ ដែល United ឈរនៅលើកំពូលតារាងនៅដំណាក់កាលបែបនេះនៃយុទ្ធនាការ Premier League។
ពួកគេមាន ៣ ពិន្ទុលើសក្រុមលេខ ២ Liverpool បន្ទាប់ពីទទួលបានជោគជ័យកាលពីថ្ងៃអង្គារនៅឯទឹកដីរបស់ Burnley ជាគម្លាតពិន្ទុតិចតួចប៉ុណ្ណោះ បើធៀបនឹងការដាច់ពិន្ទុដល់ទៅ ៣០ របស់ហង្សក្រហមលើកូនក្រុមរបស់លោកអូឡេ ហ្គាន់ន័រ សូលក្យែរ នៅពេលពួកគេជួបគ្នាកាលពីខែមករាឆ្នាំមុន។
ក្រោយចាប់ផ្តើមការប្រកួតក្នុងទឹកដីដ៏យ៉ាប់បំផុតនៅដើមរដូវកាលក្នុងរយៈពេល ៤៨ ឆ្នាំមកនេះ United បានស្ថិតក្នុងភាពច្របូកច្របល់នៅពេលដែលពួកគេធ្លាក់ចេញពីវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League ។
ប៉ុន្តែលោកសូលក្យែរ ដែលប៊ិះនឹងត្រូវបណ្តេញចេញហើយនោះ ស័ក្តិសមនឹងទទួលបានការកោតសរសើរសម្រាប់ការអូស United ត្រឡប់មកប្រជែងពានវិញបាន ហើយបើឈ្នះជាលើកដំបូងលើក្រុម Liverpool ចាប់តាំងពីឆ្នាំ ២០១៨ នោះវាគឺជាវិធីដ៏ល្អឥតខ្ចោះដើម្បីបង្ហាញថា បិសាចក្រហមមិនមែនចូលមកប្រជែងពានលំៗនោះទេ៕
ក្រុមបិសាចក្រហម Manchester United នឹងត្រូវទៅលេងនៅទឹកដីរបស់ក្រុមហង្សក្រហម Liverpool នៅថ្ងៃអាទិត្យ