កិច្ចប្រជុំ​បន្ទាន់ ស្តីពី​ការគ្រប់គ្រង​ពលករ ហូរ​ចូល​មកពី​ប្រទេស​ថៃ មានការ​កើនឡើង​

​ដោយៈ គ្រញូង/បាត់ដំបងៈ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ នៅក្នុង​វិទ្យាល័យ កំរៀង ស្រុក​កំរៀង លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​ស្តីពី​ការ គ្រប់គ្រង​ពលករ មានការ​កើនឡើង នៃ​ការផ្ទុះ​ជំងឺ​កូ​វីដ ១៩ ចំពោះ​ពលករ​ទើប​ត្រឡប់មក ពី​ប្រទេស​ថៃ នៅ​ស្រុក​ជាយដែន ខេត្តបាត់ដំបង ជាប់​ព្រំប្រទល់​ប្រទេស​ថៃ​និង​ក្តាប់​សភាព ការណ៍​ថ្មីៗ នៅតាម​បន្ទាត់​ព្រំដែន ក្នុងស្រុក​កំរៀង ភ្នំព្រឹក និង​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​

​បន្ទាប់ពី​បាន​ស្តាប់​នូវ សេចក្តីរាយការណ៍ របស់លោក​អភិបាល ស្រុក​កំរៀង ស្រុក​ភ្នំព្រឹក និង​ស្រុក​សំពៅ​លូន បានឱ្យដឹងថា តាមរយៈ​ទាហាន ទំនាក់ទំនង កម្ពុជា​-​ថៃ និង​ការផ្តល់ ព័ត៌មាន ពី​ភាគី​ថៃ គឺថា​មាន​ករណី​សង្ស័យ ពលករ​មួយចំនួន ដែល​វិលត្រឡប់​ពី​ប្រទេស​ថៃ ចូលមក​ប្រទេស​កម្ពុជា​វិញ មាន​មួយចំនួន ផ្ទុក​ជំងឺ​កូ​វីដ ១៩ ដោយ​ត្រូវ​មានការ​ប្រុង ប្រយ័ត្ន​ខ្ពស់ និង​រៀបចំ​ពួកគាត់ ឲ្យ​រស់នៅ​សម្រាក ធ្វើ​ច​ត្តា​ឡី​ស័ក ដាច់ដោយឡែក ពី​ពលករ​ផ្សេងៗ​ទៀត​។​

​លោក ងួន រតនៈ បាន​មានប្រសាសន៍ ណែនាំ​ជម្រុញ ដល់​រដ្ឋបាល​ស្រុក ត្រូវ​រៀបចំ​បន្ទប់ ទឹក​បន្ថែម និង​រៀបចំ​ផ្លូវ ឱ្យ​ពួកគាត់ សម្រាប់​ប្រើប្រាស់ ដើម្បី​ជៀសវាង ការប្រើប្រាស់ ជាមួយ​ពលករ​ផ្សេងទៀត និង​ពង្រឹង​បន្ថែម កម្លាំង​យាមកាម ឱ្យបាន​ហ្មត់ចត់ និង​ច្បាស់ លាស់ នៅតាម​បន្ទាត់​ព្រំដែន និង​បន្ត​ដាក់​កម្លាំង​ត្រួតពិនិត្យ រថយន្ត​តាក់ស៊ី​នៅតាម​ដង ផ្លូវ​បន្ថែម ជៀសវៀង កុំ​ឲ្យ​ពួកគាត់​ចូលទៅ​ដល់​មូលដ្ឋាន​ដែលជា​កន្លែង​រស់នៅ​រប​ស់ ពួកគាត់ ដើម្បី​បង្ការ ការពារ​កុំ​ឲ្យ​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​ទៅក្នុង​សហគមន៍​ដែល​នាំ​ឲ្យ​ឆ្លង រីក​រាលដាល ពេញ​មូលដ្ឋាន ដែល​ពួកគាត់​រស់នៅ​៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular