ដោយៈ រិទ្ធសែន/ពោធិសាត់ៈ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល ខេត្តពោធិសាត់ បានដុតកម្ទេចចោល នូវឧបករណ៍ឆក់ត្រី ចំនួន ១២៥ គ្រឿង ដែលបានបង្ក្រាប និងប្រជាពលរដ្ឋស្ម័គ្រចិត្ត យកមកប្រគល់ ជូនសមត្ថកិច្ច នាពេលកន្លងទៅនេះ។
ការដុតបំផ្លាញចោលឧបករណ៍ឆក់ត្រី ខាងលើនេះ បានធ្វើឡើង ក្រោមវត្តមានលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដោយមានការចូលរួម ពីលោក ផាយ ឡេង អភិបាលស្រុកបាកាន នាយខណ្ឌរដ្ឋបាលជលផល ខេត្តពោធិសាត់ នាយផ្នែក សង្កាត់រដ្ឋបាលរាំងទិល អធិការស្រុក និងអាជ្ញាធរមូលដ្ឋាន ឃុំភូមិ និងប្រជាពលរដ្ឋ ជាច្រើនរូប។ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ។
លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល ខេត្តពោធិសាត់ បានអោយដឹងថាៈ ការដុត បំផ្លាញចោល នូវឧបករណ៍ឆក់ត្រី ចំនួន១២៥គ្រឿង ដែលបានបង្ក្រាបបាន ពីជនល្មើស និងបងប្អូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្ត នាំយកមកប្រគល់ជូន សមត្ថកិច្ចរួមនឹងឧបករណ៍ ស្បៃមុង ទាំងចាស់ៗ ដែលត្រូវបានដកហូតពីបទល្មើស នៅសាលាឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវបានយកមកដុតកម្ទេចចោលទាំងអស់ នៅក្នុងថ្ងៃនេះ។
ចំណែកលោក ឡាយ វិសិដ្ឋ នៅក្នុងឱកាសនោះ បានណែនាំដល់សមត្ថកិច្ចជំនាញ ខណ្ឌរដ្ឋបាលជលផល ផ្នែក សង្កាត់ និងមន្ត្រីពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋាននិងប្រជា ពលរដ្ឋ ត្រូវអនុវត្តឲ្យបានៈ ១. ត្រូវខិតខំចូលរួម បង្ក្រាបបទល្មើសបន្ថែមទៀត, ២.ចូលរួម ការការពារ ទប់ស្កាត់ភ្លើងឆេះព្រៃ និងកុំកាប់រុករានទន្ទ្រាន ដីព្រៃលិចទឹកយកធ្វើជា កម្មសិទ្ធិឯកជន , ៣. កុំនេសាទដោយឧបករណ៍នេសាទណា ដែលច្បាប់ស្តីពីជលផល ហាមឃាត់, ៤.ជំរុញធ្វើវារីវប្បកម្ម ការដាំបន្លែ សុវត្ថិភាព ពិសេសត្រូវអនុវត្តឲ្យបានល្អ នូវអនុសាសន៍ ៧ ចំណុចរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៕/V-PC