ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ករណីហិង្សា ស្លាប់ពលរដ្ឋតវ៉ា រឿងទំនាស់ដីធ្លី នៅស្រុកអូរជ្រៅ និងស្រុកស្វាយចេក កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ តុលាការខេត្ត បាត់ដំបង ដែលទទួលបានការផ្ទេរ ដែនសមត្ថកិច្ចកាត់ក្តីនោះ សម្រេចផ្តន្ទាទោស នាយអាវុធហត្ថពីរនាក់ ឱ្យជាប់ពន្ធនាគារ ម្នាក់ ៧ ឆ្នាំ និងម្នាក់ទៀត ៤ ឆ្នាំ និងសងសំណង រដ្ឋប្បវេណី (លុយ) ជាច្រើនលានរៀល។
បើយោងតាមអ្នកសម្របសម្រួល ប្រចាំខេត្តបន្ទាយមានជ័យ របស់អង្គការអាដហុក លោក ស៊ុ ច័ន្ទគា បានប្រាប់កាសែតរស្មីកម្ពុជា ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ថាៈ តុលាការ ខេត្តបាត់ដំបង បានប្រកាសសាលក្រម កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៨ និង ៣០នាទីព្រឹក នូវសំណុំរឿងខាងលើ ។
សាលក្រមលេខ ៣៣ ឈ ចុះថ្ងៃទី១៣ ខែ មករា ឆ្នាំ២០២១ របស់តុលាការខេត្តបាត់ដំបង បានសម្រេចផ្តន្ទាទោស នាយអាវុធហត្ថពីរនាក់ ឱ្យជាប់ពន្ធនាគារ មានៈ ១.លោក (វរសេនីយ៍ឯក) ស ប៊ុនសឿង អតីតមេបញ្ជាការរង កងរាជអវាវុធហត្ថ ខេត្តបន្ទាយមានជ័យ ត្រូវផ្តន្ទាទោស ឱ្យជាប់ពន្ធនាគារ រយៈពេល ៤ ឆ្នាំ ។ ២.លោក (វរសេនីយ៍) ឆយ រដ្ឋនា ហៅ សឿងតូច អតីតជំនួយការ ការិយាល័យប្រឆាំងគ្រឿងញៀន អាវុធហត្ថខេត្តបន្ទាយមានជ័យ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារ រយៈពេល ៧ ឆ្នាំ (គិតពីថ្ងៃចាប់ខ្លួន)។
ចំណែកសំណងរដ្ឋប្បវេណីវិញ គឺលោក ស ប៊ុនសឿង ត្រូវសងសំណងខូចខាត បាត់បង់ទៅពលរដ្ឋតវ៉ាទំនាស់ដីធ្លីៈ ១. ត្រូវសងសំណងទៅលោក អាន រួន ចំនួន ២០ លានរៀល ។ ២. សងសំណងទៅលោក ហ៊ឹម គីរី ចំនួន ៣០ លានរៀល ។ ៣. សងសំណង ទៅលោក នូវ នឿន ចំនួន ២០ លានរៀល ។ ៤. សងសំណងទៅ អ្នកស្រី ប៊ុយ គឹមឡាក់ (ប្រពន្ធរបស់ទុយ ស្រស់ ) ចំនួន ៣០ លានរៀល ។ ចំណែក លោក ឆយ រដ្ឋនា ហៅ សឿងតូច ត្រូវសងសំណងជូនអ្នកស្រី ប៊ុយ គឹមឡាក់ ចំនួន ៤០ លានរៀល។ សាលក្រម បានបន្តថាៈ តុលាការ បើកសិទ្ធិឲ្យប្តឹងឧទ្ធរណ៍ ដូចមានចែង ក្នុងច្បាប់ ។
លោក ស៊ុ ច័ន្ទគា បានបង្ហាញទស្សនៈថាៈ នៅក្នុងរឿងនេះ ជាអំពើទារុណកម្ម និងអំពើ ឃោរឃៅ អមនុស្សធម៌ ដែលមានចែង នៅក្នុងច្បាប់ជាតិ និងអន្តរជាតិ។ ប៉ុន្តែទោស ដែលត្រូវដាក់បង្ខំឲ្យជនត្រូវចោទ ទាំងពីរ ដូចមានស្ថានសម្រាល អប្បបរមាពេក ទៅជាបទមជ្ឈឹមទៅវិញ។
លោកបានអះអាង ក្រោយទទួលដំណឹង ពីពលរដ្ឋ ជាជនរងគ្រោះទាំងនោះថាៈ ចំពោះ រឿងនេះ ភាគីដើមបណ្តឹងរដ្ឋប្បវេណី មិនយល់ព្រម លើសេចក្តីសម្រេចនេះទាំងការផ្តន្ទា ទោស និងសំណងរដ្ឋប្បវេណី ។ ពួកគាត់អាចប្តឹងឧទ្ធរណ៍ បន្ត។
សូមរំលឹកថា ករណីហិង្សា ស្លាប់ពលរដ្ឋតវ៉ារឿងទំនាស់ដីធ្លី នៅស្រុកអូរជ្រៅ និងស្វាយចេក នេះ បានកើតឡើង កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ក្រោយពីកម្លាំងអាវុធហត្ថខេត្តអនុវត្ត បណ្តឹងរបស់អាជ្ញាធរខេត្ត និងដីកាបង្គាប់អោយចាប់ខ្លួន របស់ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តបន្ទាយមានជ័យ ចាប់ខ្លួនមេខ្លោងញុះញង់ ទំនាស់ដីធ្លី ចំនួន ៥ នាក់ ក្នុងចំណោមពលរដ្ឋ មកតវ៉ាប្រមាណ ១០០ នាក់ នៅខាងក្រៅបរិវេណសាលា ខេត្តបន្ទាយមានជ័យ ។
ក្នុងអំឡុងពេលសួរចម្លើយ ទុយ ស្រស់ ដែលមានសុខភាព ទ្រុឌទ្រោមស្រាប់ ញៀនស្រា និងអត់ហូបអាហារ ហើយទទួលការវាយដំ ពីអតីតមន្ត្រីអាវុធហត្ថ ទាំង២ និងពីយុវជន អប់រំបន្សាបផ្តាច់គ្រឿងញៀន នៅអាវុធហត្ថខេត្តផង បានរងរបួស និងគ្រាំគ្រា ហើយបាន ស្លាប់។ ចំណែកពលរដ្ឋ ៤ នាក់ទៀត រងរបួសធ្ងន់ និងស្រាល ។
រឿងរ៉ាវនេះ កើតចេញពីទំនាស់ដីធ្លី ដែលកើតពីការការពារ និងតវ៉ាទាមទារដីកម្មសិទ្ធិឯកជន មានបង្កាន់ដៃ , មានប្លង់រឹង ឬប័ណ្ណសម្គាល់កម្មសិទ្ធិ លើអចលវត្ថុ នៃការចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធ ក្នុងបទបញ្ជា ០១ បប ឆ្នាំ២០១២ និងដីគម្របព្រៃឈើរដ្ឋ នៅភូមិ សាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងនៅឃុំស្លក្រាម ស្រុកស្វាយចេក បានអូសបន្លាយ រាប់ខែ ពីខែមីនា ដល់ខែធ្នូ ឆ្នាំ២០១៩ ។ ក្នុងនោះ មានពលរដ្ឋចម្រុះ មកពីក្នុង និងក្រៅខេត្ត បន្ទាយមានជ័យ ហើយមានចលនា អ្នកនៅពីក្រោយខ្នង ទាំងអ្នកធំ ទាំងអ្នកនយោបាយ និងសង្គមស៊ីវិលផង៕/V-PC