ដោយៈ ជា សីហៈ/ភ្នំពេញៈ សត្វទន្សោងនៅកម្ពុជាត្រូវបានអង្គការWCSអះអាងថា អាចមាននៅសេសសល់ប្រមាណជា ៤០០០ ក្បាល ។
ប្រភពដដែលបានអះអាងថា តាមការប៉ាន់ស្មាន ប្រទេសកម្ពុជាទំនងជា មានចំនួន សត្វទន្សោង ច្រើនជាងគេ ប្រហែល ៤.០០០ក្បាល។
សត្វទន្សោង ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក ហើយ ចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើនក្នុងរយៈពេលពីរបីទសវត្សរ៍ ចុងក្រោយនេះ ដោយសារការបាត់បង់ទីជម្រកនិងការបរបាញ់យកសាច់និងស្នែង ខណៈដែលជម្ងឺឆ្លងមួយចំនួនដែលកើតមានលើពពួកសត្វពាហនៈក៏ជាកត្តាគម្រាមកំហែង ចំពោះប្រភេទសត្វនេះផងដែរ។ សត្វប្រភេទនេះចូលចិត្តរស់នៅជាហ្វូងតាមតំបន់ព្រៃរបោះ វាលស្មៅ ព្រៃគុម្ពោត និងចូលចិត្តរកស៊ីនៅតាមមាត់អូរ។សត្វទន្សោងមានវត្តមានរាយប៉ាយ នៅទូទាំងប្រទេសកម្ពុជា ជាពិសេសមានច្រើននៅតំបន់ភាគនិរតី ភាគខាងជើង និងភាគពាយព្យ និងមានចំនួនតិចតួចនៅក្នុងប្រទេសវៀតណាម។
យោងមាត្រា៥៨នៃច្បាប់ស្តីពី តំបន់ការពារធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា ជនទាំង ឡាយណាដែលប្រព្រឹត្តបទល្មើសសត្វព្រៃ ដូចជា ការចាប់ ដាក់អន្ទាក់ ប្រមាញ់ បំពុល ប្រមូលពង កូនសត្វព្រៃគ្រប់ប្រភេទ ត្រូវពិន័យជាប្រាក់ចាប់ពី ១០០.០០០៛ (ដប់ម៉ឺនរៀល) ដល់ ១.០០០.០០០៛ (១លានរៀល)។
អង្គការ WCS សហការជាមួយក្រសួងបរិស្ថានបានខិតខំប្រឹងប្រែងការពារទីជម្រករបស់ សត្វទន្សោងនៅក្នុងតំបន់ការពារធម្មជាតិ ក្រោមការគាំទ្រថវិកាពីទីភ្នាក់ងារជំនួយអាម៉េរិក USAID តាមរយៈគម្រោងអភិរក្សដែនជម្រកសត្វព្រៃកែវសីមាដើម្បីការពារសត្វប្រភេទនេះ កុំឱ្យផុតពូជ៕/PC/សរន