សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ផ្តល់​អង្ករ​ចំនួន​៥​តោន ដល់​សមាគម​សំនៀង​ជនពិការ និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជនពិការ​

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: អង្ករ​ជា​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុន រ៉ា​ន ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា តាមរយៈ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កក​បាទ​ក្រហម​រាជធានី​ភ្នំពេញ បាន​ចាត់​តំណាង​នាំយកមក​ប្រគល់ជូន​ដល់​សមាគម​តន្ត្រី​សំនៀង​ជនពិការ និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជនពិការ ដែល​ស្ថិតនៅ​ភូមិ​ស្រែ​ជំរៅ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ។​

​ពិធី​ប្រគល់​និង​ទទួល​នេះ ធ្វើ​នៅ​រសៀល​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១​នេះ ក្រោម​វត្តមាន​លោក ជិន ប៊ុនធឿន នាយក​សាខា​កាកបាទក្រហម​រាជធានី តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ចាប តូ ប្រធាន​សមាគម​តន្ត្រី​សំនៀង​ជនពិការ និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជនពិការ និង​មានការ​ចូលរួម​ពី​មន្ត្រី​កាកបាទ​ផងដែរ ។​

​ក្នុងឱកាស​នោះ លោក​ជិន ប៊ុនធឿន នាយករង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ា​ន ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់​ឧបត្ថម្ភ​ជា​ស្បៀង​ហូបចុក ដល់​កូនក្មួយ​ដែល​កំពុងស្នាក់នៅ​រៀនសូត្រ​នៅក្នុង​អគារ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជនពិការ និង​បាន​ពាំ​នាំនូវ​បណ្តាំ​សួរសុខទុក្ខ​ពី​លោក ឃួ​ង ស្រេង ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ​ដល់​ដល់​កូនក្មួយ​ដែល​កំពុងស្នាក់នៅ​រៀនសូត្រ នៅក្នុង​អគារ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជនពិការ ដែល​ក្នុងនោះ លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏​តែងតែ​យកចិត្តទុកដាក់​គិតគូ​ពី​ការលំបាក និង​សុខទុក្ខ​ក្មួយៗ​ជានិច្ច​។​

​ជាការ​ឆ្លើយតប​លោក ចាប តូ ប្រធាន​សមាគម​តន្ត្រី​សំនៀង​ជនពិការ បាន​លើក​ហត្ថ​ប្រណម សូម​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុន រ៉ា​ន ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់​ឧបត្ថម្ភ​ជា​ស្បៀង​ហូបចុក ដល់​កូនក្មួយ​ដែល​កំពុងស្នាក់នៅ​រៀនសូត្រ នៅក្នុង​អគារ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជនពិការ ។​

​លោក ចាប តូ បន្តថា​៖ តាងនាម​ថ្នាក់ដឹកនាំ គណៈ​គ្រប់គ្រង បុគ្គលិក សមាជិក សមាជិកា និង​កូនៗ ជា​ជន​មាន​ពិការភាព​ភ្នែក កាយ សម្បទា ចំនួន ៥៧២​នាក់ សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​សម្តេច​ទាំង​ទ្វេរ ដែល​បាន​ចាត់ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​យក​អង្ករ​មក ឧបត្ថម្ភ​ដល់​កូនៗ​ពិការភ្នែក នៅក្នុង​សមាគម​ចំនួន​៥​តោន (​ប្រាំ​តោន​) ដើម្បី​កូន​បាន​ទទួលទាន​រួមគ្នា​ប្រចាំថ្ងៃ ។ ជំនួយ​ឧបត្ថម្ភ​របស់ សម្តេច ពុក និង​សម្តេចម៉ែ បាន​ចិញ្ចឹម​កូនៗ​ដែល​កំពុងស្នាក់នៅ និង​កំពុង​ទទួល​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ម៉ាស្សា តន្ត្រី ចម្រៀង ក្នុង​សមាគម​។​

​កន្លងមក សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មិនដែល​ភ្លេច​និង​ទុក​កូនៗ​ពិការភ្នែក​ចោល​ឡើយ ពុក​ម៉ែ​បាន​ជួយ​ឲ្យ​កូនៗ​ជា​ជន​មាន​ពិការភាព បានទទួល​អំណោយ​នូវ​ថវិកា​សម្រាប់​ទិញ​ដី ជួយ​សង់​អគារ ១​ខ្នង ផ្លូវ​បេតុង ១​ខ្សែ រថយន្តក្រុង ១​គ្រឿង ឧបករណ៍​ភ្លេង ១​ឈុត និង​សម្ភារៈ​ឧបភោគ បរិភោគ​ជាច្រើន​ទៀត​។​

​ឆ្លៀត​ក្នុងឱកាស​នេះ យើងខ្ញុំ​ទាំងអស់គ្នា ជា​កូន ជា​ចៅ ដែលជា​ជន​មាន​ពិការភាព​ភ្នែក កាយសម្បទា សូម​គោរព​ប្រសិទ្ធ​ពរជ័យ សិរី​មង្គល​វិបុល​សុខ​មហាប្រសើរ​ជូន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បុត្រាបុត្រី ចៅប្រុស ចៅស្រី សូម​មាន​សុខ​ភាពល្អ​បរិបូរណ៍ កម្លាំង​មាំមួន បញ្ញាញាណ​ភ្លឺ​ថ្លា ជន្មាយុ​យឺនយូរ ដើម្បី​បន្ត​ដឹកនាំ​មាតុភូមិ​កម្ពុជា ឲ្យ​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍ សម្បូរ​សប្បាយ​ជានិច្ច​និរន្តរ៍​។​

​លោក ចាប តូ បាន​បញ្ជាក់ថា​៖​ជនពិការ​ចំនួន​៦០​នាក់ ស្នាក់នៅ​អចិន្ត្រៃយ៍​នៅ​អគារ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជនពិការ ដែលមាន​បន្ទប់​ស្នាក់នៅ និង​បណ្តុះបណ្តាល ចំនួន​២០​បន្ទប់ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុន រ៉ា​ន ហ៊ុន សែន ដល់​សមាគម បាន​ស្នាក់នៅ​រៀនសូត្រ​បាន​សមរម្យ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular