ដោយ: គូលែន / សៀមរាប: នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ នៅសាលាខេត្តសៀមរាបមានរៀបចំពិធីយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ គ្រោះថ្នាក់ចរាចរណ៍ នៅតែជាកង្វល់ដែលត្រូវរួមគ្នាដោះស្រាយ ដោយមានការចូលរួមពីលោកស្រី មឹន ម៉ាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាអនុប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ។
តាមរបាយការណ៍របស់ លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុងខេត្តសៀមរាប ក្នុងឆ្នាំ២០២០កន្លងមកនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតចំនួន៧១ករណី ការថយចុះចំនួន២៨ករណី បើធៀបនឹងឆ្នាំ២០១៩ ដែលមាន៩៩ករណី ប៉ុន្តែចំនួនអ្នករងគ្រោះមានការកើនឡើង ដោយក្នុងនោះ ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២០មានចំនួន៨៦នាក់ ខណៈឆ្នាំ២០១៩ មានអ្នកស្លាប់ត្រឹមតែ៨១នាក់ ។
លោកស្រី មឹន ម៉ាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាននិយាយថា ពិតណាស់ថាគ្រោះថ្នាក់ចរាចរណ៍វាបានបង្កជាក្តីកង្វល់ដ៏ធំសម្រាប់មនុស្សជាតិ ដូច្នេះតាមរយៈយុទ្ធនាការនាពេលនេះ នឹងជួយឲ្យបងប្អូនទាំងអស់គ្នាបានយល់ច្បាស់អំពីសារប្រយោជន៍នៃការគោរពច្បាប់ចរាចរណ៍ និងការប្រើប្រាស់ដងផ្លូវប្រកបដោយសុខសុវត្ថិភាព ។
លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាអនុប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានបញ្ជាក់ថា ដោយសារតែអ្នកប្រើប្រាស់ផ្លូវថ្នល់មួយចំនួនមិនគោរពច្បាប់ចរាចរណ៍ បានធ្វើឲ្យអត្រាគ្រោះថ្នាក់ចរាចរណ៍កាន់តែមានការកើនឡើង ដែលបញ្ហាទាំងអស់នេះ ត្រូវតែរួមគ្នាដោះស្រាយ ព្រោះមួយរយៈពេលកន្លងមកមាននិន្នាការស្លាប់ជាក្រុម ដែលបង្កឡើងដោយការបើកបរហួសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការមិនពាក់មួកសុវត្ថិភាព មិនពាក់ខ្សែក្រវាត់សុវត្ថិភាព ការវ៉ាជែងដោយប្រថុយប្រថានបានបង្កជាគ្រោះថ្នាក់ចរាចរណ៍ ដែលមានសភាពធ្ងន់ធ្ងរ បណ្តាលឲ្យបាត់បង់អាយុជីវិតមនុស្សយ៉ាងច្រើន ដោយបានបន្សល់ទុកនូវស្ត្រីមេម៉ាយ កុមារកំព្រា ពិការភាព និងសោដនាកម្មជាច្រើនក្នុងសង្គមកម្ពុជា ៕