ដោយៈ គ្រញូង / បាត់ដំបងៈ មន្ត្រីនគរបាលចរាចរណ៍ មកពី ៣ ខេត្ត បានទទួលការបណ្តុះបណ្តាលជំនាញ ផ្នែកចរាចរណ៍ផ្លូវគោក បន្ថែមទៀត នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នៅស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង។
មន្ត្រី នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានឱ្យដឹងថាៈ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាល ខេត្តបាត់ដំបង មន្ត្រីនគរបាល ចំនួន ៥៦ នាក់ មកពី ៣ ខេត្ត មានខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ បានទទួលការបណ្តុះបណ្តាលជំនាញ និងនីតិវិធី នៃការត្រួតពិនិត្យ វាស់វែង ករណីគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក បច្ចេកទ្ទេស ក្នុងការប្រើប្រាស់ឧបករណ៍ ពិនិត្យជាតិស្រវឹង និងការប្រើប្រាស់ឧបករណ៍ ពិនិត្យល្បឿនយានយន្ត ជាដើម។
ប្រភពបានបញ្ជាក់ថាៈ ការបណ្តុះបណ្តាលជំនាញ ខាងលើនេះ មានរយៈពេល ពេញមួយថ្ងៃ ដែលឧទ្ទេសនាម ដោយលោក ឧត្តមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធាណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ៕/V