Home ព័ត៌មានសំខាន់ៗ បក្ស​កុម្មុយ​...

បក្ស​កុម្មុយ​នី​ស្ត​ឡាវ តែងតាំង​នាយករដ្ឋមន្ត្រី ថង​លូន ជា​មេដឹកនាំ​ថ្មី​

​ប្រែ​សម្រួលៈ​វាសនា​/​វៀង​ចន្ទន៍​៖​គណបក្ស​កុម្មុយនីស្ត​ឡាវ​កាលពី​ថ្ងៃ​សុក្រ​ទី​១៥​មករា​បាន​តែងតាំង​នាយករដ្ឋមន្ត្រី ថង​លូន ស៊ី​ស៊ូ​លី​ត ជា​អគ្គលេខា​បក្ស​ថ្មី​របស់​ខ្លួន ដោយ​ជំនួស​លោក​ប៊ុន​ញ៉ាំង វរ​ជី​ត ដែល​​ចូលនិវត្តន៍ ។​នេះ​បើ​តាម​ការចេញផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​នៅពេល​គណបក្ស​បញ្ចប់​សមាជ​រយៈពេល​៣​ថ្ងៃ​របស់ខ្លួន​។​

​លោក ថង​លូន វ័យ​៧៥​ឆ្នាំ ត្រូវបាន​ជ្រើសតាំង​សំរាប់​អាណត្តិ​៥​ឆ្នាំ ជា​ប្រធាន​គណៈកម្មាធិការ​កណ្តាល​បក្ស​បដិវត្តន៍​ប្រជាជន​ឡាវ ដែល​ជា​មុខតំណែង​កំពូល​របស់​ប្រទេស​។​

​សមាជ​បក្ស​៥​ឆ្នាំ​ម្តងនេះ​ក៏​បាន​ជ្រើសរើស​សមាជិក​ការិយាល័យ​នយោបាយ​ដែល​ជា​អង្គការ​នយោបាយ​កំពូល​របស់​ឡាវ​ចំនួន​១៣​រូប និង​សមាជិក​គណៈកម្មាធិការ​មជ្ឈិមបក្ស​ចំនួន​៧១​រូប​ផង​ដែរ​។​

​ការចូល​កាន់តំណែងរ​បស់​លោក ថង​លូន​កើតឡើង​ចំពេល​ប្រទេស​អាស៊ី​អាគ្នេយ៍​មិន​ជាប់​សមុទ្រ​មួយ​នេះ ប្រឈម​បញ្ហា​បំណុល និង​ផលប៉ះពាល់​សកល​នៃ​ជំងឺ​ឆ្លងកូវី​ដ​១៩​លើ​សេដ្ឋកិច្ច​មិន​មាំទាំ​របស់ខ្លួន​។​

​កាសែត​វៀងចន្ទន៍​ថែមស៍​បាន​និយាយថា កាលពី​ថ្ងៃ​ព្រហស្បតិ៍​លោក ថង​លូន បាន​ដាក់ចេញ​ផែនការ​សង្គម​-​សេដ្ឋកិច្ច​៥​ឆ្នាំ​ថ្មី​មួយ ដោយ​ផ្តោត​លើ​កំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ចំនួន​៤​ភាគរយ​រហូតដល់​ឆ្នាំ​២០២៥ និង​មានបំណង​នាំ​រុញ​មធ្យម​ក្នុង​មនុស្ស​ម្នាក់ៗ​អោយ​ឡើង​ដល់​២.៨៨៧​ដុល្លារ​នៅ​ឆ្នាំ​២០២៥ ។​

​ប្រទេស​មាន​ប្រជាពលរដ្ឋ​៧​លាន​នាក់​នេះ​បច្ចុប្បន្ន​មាន​ចំណូល​ជា​មធ្យម​ក្នុង​មនុស្ស​ម្នាក់​ជាង​២.៥០០​ដុល្លារ​ក្នុង​មួយឆ្នាំ នេះ​បើ​តាម​ទិន្នន័យ​របស់​ធនាគារ​ពិភពលោក​។​

​ជា​នាយករដ្ឋមន្ត្រី​ចាប់តាំងពី​ឆ្នាំ​២០១៦​និង​ធ្លាប់​ជា​រដ្ឋមន្ត្រី​ការបរទេស លោក ថង​លូន បាន​ក្លាយជា​មុខមាត់​របស់​ប្រទេស​នៅក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​និង​ជំនួប​កំពូល​នានា រួម​ទាំង​ការឡើង​ថ្លែង​សុន្ទរ​​កថា​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ផង​។​លោក​ជា​អ្នកនយោបាយ​ជើងចាស់​មួយរូប​ក្នុង​គណបក្ស​ដែល​បាន​ចូល​កាន់​អំណាច​ក្រោយ​ពួក​យុទ្ធជន​កុម្មុយនីស្ត​វាយ​ផ្តួលរំលំ​រដ្ឋាភិបាល​គាំទ្រ​ដោយ​​លោកខាងលិច​មួយ​នៅ​ឆ្នាំ​១៩៧៥៕

​លោក ថង​លូន ត្រូវបាន​ជ្រើសតាំង​សំរាប់​អាណត្តិ​៥​ឆ្នាំ ជា​ប្រធាន​គណៈកម្មាធិការ​កណ្តាល​បក្ស​បដិវត្តន៍​ប្រជាជន​ឡាវ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular