ដោយ:ម៉េងឆៃ/ ភ្នំពេញ:រយៈបីថ្ងៃជាប់ៗគ្នាហើយ ដែលក្រសួងសុខាភិបាល បានប្រកាសពីចំនួនពលករខ្មែរមកពីថៃ បានឆ្លងជំងឺកូវីដ១៩។ នោះគឺនៅថ្ងៃទី១២មករាមានចំនួនប្រាំមួយនាក់។ថ្ងៃទី១៣ខែមករាវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន ១៣នាក់ទៀត ដែលក្នុងនោះ មាន ប្រាំបីនាក់ ជាពលករខ្មែរ ធ្វើដំណើរមកពីប្រទេសថៃ។ ចំណែកនៅថ្ងៃទី១៥មករានេះ មានពលករខ្មែរ មកពីថៃ ១៥នាក់ទៀត ឆ្លងកូវីដ១៩។
ជាសរុប គិតមកដល់ព្រឹកថ្ងៃទី១៥ ខែមករានេះ ក្រសួងសុខាភិបាល បានប្រកាសថា រកឃើញពលករខ្មែរ ធ្វើដំណើរមកពីប្រទេសថៃ កើតជំងឺកូវីដ១៩កើនឡើងដល់៥៦នាក់។ប៉ុន្តែមកដល់ព្រឹកថ្ងៃទី១៥ខែមករាក៏មានពលករ១៧នាក់ត្រូវបានព្យាបាលជាសះស្បើយផងដែរ។
ចំណែកក្នុងក្របខ័ណ្ឌនៅទូទាំងប្រទេស គិតមកដល់ថ្ងៃទី១៥មករារកឃើញអ្នកឆ្លងវីរុសកូវីដ១៩ សរុបចំនួន ៤២៦នាក់។ ក្នុងនោះ មានអ្នកព្យាបាលជាសះស្បើយ ៣៨១នាក់ និង ៤៥នាក់ កំពុងសម្រាកព្យាបាល។
ពីមួយថ្ងៃ ទៅមួយថ្ងៃ ចំនួនពលករខ្មែរយើង បានចេញពីថៃ ចូលមកស្រុកកំណើតកើនឡើង ខណៈដែលអ្នកឆ្លងជំងឺកូវីដ១៩ ក៏បានរកឃើញច្រើនឡើងៗជាបន្តបន្ទាប់។ ដូច្នេះអាជ្ញាធរសមត្ថកិច្ច នៅខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ រួមមាន ខេត្តកោះកុង ប៉ៃលិន ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារត្រូវតែបង្កើនការប្រុងប្រយ័ត្ននិងត្រួតពិនិត្យដោយ ហ្មត់ចត់លើពលករខ្មែរ ដែលចេញពីប្រទេសថៃ ចូលមកកាន់ស្រុកកំណើតតាមច្រកព្រំដែន។
ក្រៅពីព្រំដែនផ្លូវការ ករណីពលរដ្ឋខ្មែរយើង លួចឆ្លងដែន តាមច្រករបៀងនានា ក៏ជាបញ្ហាមួយ ដែលអាជ្ញាធរសមត្ថកិច្ច នៅខេត្តជាប់ព្រំដែន មិនអាចមើលរំលងនោះទេ។
ករណីពលករយើងទាំង ៥៦នាក់ ដែលពិនិត្យរកឃើញកើតជំងឺកូវីដ១៩ គឺនៅតាមច្រកព្រំដែន នៅតាមបណ្តាខេត្តនៅព្រំដែន។ ពោលគឺក្រុមពលករទាំងនោះជាពលករស្របច្បាប់ ចេញចូលថៃ ដោយត្រឹមត្រូវ។ ចុះបើពលករណាម្នាក់ ឬក៏ច្រើននាក់ លួចឆ្លងដែន ដោយអាជ្ញាធរសមត្ថកិច្ចយើងមិនបានដឹង ហើយសូម្បីតែសាមីខ្លួន ក៏មិនដឹងថា កើតកូវីដ តែបែរជាធ្លាយរបូតចូលដល់ផ្ទះនៅ ស្រុកភូមិកំណើតតាមបណ្តាខេត្តនានានោះវិញ តើយើងនឹងមានហានិភ័យ នៃការឆ្លងកូវីដ ក្នុងសហគមន៍ជាថ្មី ដល់កម្រិតណា?។
យ៉ាងណាក៏ដោយ ក្នុងពេលនេះ ការរឹតបន្តឹងតាមច្រកព្រំដែន ត្រូវបានធ្វើឡើងយ៉ាងហ្មត់ចត់ហើយប៉ុន្តែក៏ទាមទារឲ្យអាជ្ញាធរសមត្ថកិច្ច យើង ត្រូវបង្កើនការខិតខំប្រឹងប្រែងថែមទៀត តាមរយៈការអប់រំ ណែនាំ ទប់ស្កាត់ កុំឲ្យពលករយើង ដែលកំពុងរស់នៅនិងធ្វើការនៅ ប្រទេសថៃ វិលត្រឡប់មកកម្ពុជា នាពេលនេះ។ នោះគឺមន្ត្រីជំនាញរបស់ក្រសួងការងារ សហការជាមួយស្ថានទូត កុងស៊ុល រួមទាំងអាជ្ញាធរថៃ ចុះជួបពលករដល់កន្លែងស្នាក់នៅ និងកន្លែងធ្វើការ ដើម្បីផ្តល់ភាពកក់ក្តៅផង និងដើម្បីកុំឲ្យពួកគាត់ ជ្រួលតាមគ្នា ដោយការភ័យខ្លាច រត់មកស្រុកកំណើតផង។
រីឯពលករខ្លួនឯងនៅប្រទេសថៃ ក៏គួរតែស្ងប់ចិត្ត នាពេលនេះ ព្រោះថា ការបន្តរស់នៅ និងធ្វើការធម្មតាប្រសើរជាជាងធ្វើដំណើរវិល ត្រឡប់មកស្រុកកំណើត។ នៅពេលធ្វើការ ដោយការប្រុងប្រយ័ត្ន ការពារខ្លួនត្រឹមត្រូវ ដោយពាក់ម៉ាស់ លាងសម្អាតដៃរួមទាំងរក្សា គម្លាតជាដើម ប៉ុន្តែនៅពេលធ្វើដំណើរចាកចេញពីកន្លែងការងារ ក្នុងបំណងមកស្រុកកំណើត នៅប្រទេសកម្ពុជាយើង បែរជាធ្វើឲ្យខ្លួន ឆ្លងជំងឺកូវីដ១៩ ទៅវិញ។
ម្យ៉ាងទៀត ចូរកុំភ្លេចថា នៅពេលមកដល់ព្រំដែន ពលករទាំងអស់ ត្រូវបានពិនិត្យសុខភាព ធ្វើតេស្ត និងធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ នៅកន្លែង ដែលគេរៀបចំ នៅតាមព្រំដែន។ បើរត់គេចឆ្លងដែនខុសច្បាប់ ឲ្យតែបានទៅដល់ផ្ទះ គឺត្រូវអស់លុយច្រើនតាមរយៈមេខ្យល់ ហើយប្រឈមនឹងគ្រោះថ្នាក់ បើសិនជាអ្នកនោះ កើតកូវីដ ដោយមិនដឹងខ្លួន។ មិនត្រឹមគ្រោះថ្នាក់តែខ្លួនឯងទេ តែនាំជំងឺដល់អ្នកផ្ទះ អ្នកស្រុកអ្នកភូមិថែមទៀត។ ដូច្នេះទោះជាមធ្យោបាយណាក៏ដោយ បើឆ្លងដែនពីថៃ ចូលដល់ស្រុកកំណើតត្រូវតែទាក់ទង អាជ្ញាធរសមត្ថកិច្ចភ្លាមដើម្បីឲ្យគេពិនិត្យសុខភាពនិងណែនាំពីរបៀបធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃដើម្បីកុំឲ្យនាំទុក្ខដល់អ្នកផ្ទះដោយមិនដឹងខ្លួន។
ចំពោះប្រជាពលរដ្ឋនៅផ្ទៃក្នុងប្រទេសវិញ ពិសេសអ្នកនៅភ្នំពេញ នាពេលនេះ មួយចំនួនធំ ហាក់ដូចជាលែងខ្លាច លែងបារម្ភនឹងកូវីដ ដោយបន្តជួបជុំគ្នា ហើយលែងពាក់ម៉ាស រក្សាគម្លាតអ្វីតទៅទៀតហើយ។
ទោះបីជានៅផ្ទៃក្នុងប្រទេស យើងស្ងប់ស្ងាត់កូវីដពិតមែន តែយើងគ្រប់រូប មិនត្រូវភ្លេចកូវីដឡើយ ព្រោះកូវីដ មិនដែលភ្លេចយើងទេ។ ដូច្នេះវិធានការសុខាភិបាលសំខាន់ៗ និងសាមញ្ញបំផុត ក្នុងការបន្តរស់នៅតាមបែបគន្លងថ្មី គឺលាងសម្អាតដៃឲ្យបានញឹកញាប់ ពាក់ម៉ាស់ និងរក្សាគម្លាតយ៉ាងតិច ១ម៉ែត្រកន្លះពីគ្នា នៅតែជាវិធានការដ៏មានប្រសិទ្ធភាព ក្នុងកិច្ចការពារកូវីដ១៩។
ក្នុងអំឡុងពេលនេះ និងទៅមុខទៀត ក៏សូមឲ្យប្រជាពលរដ្ឋយើង បន្តវិធានការបីកុំ រួមមាន៖ កុំចូលទៅទីកន្លែង ដែលបិទជិត គ្មានខ្យល់ចេញចូល ហើយប្រើប្រាស់ម៉ាស៊ីនត្រជាក់ច្រើន ២.កុំទៅកន្លែង ដែលមានមនុស្សច្រើនកុះករ ឬទីប្រជុំជន ដែលមានការជួបជុំច្រើននាក់ និងទី៣.កុំប៉ះពាល់គ្នា ជៀសវាងការចាប់ដៃ អោបថើបគ្នា តែសូមលើកដៃសំពះជំនួសវិញ ពេលជួបគ្នា៕សរន