៦​ខេត្ត​នា​ទិស​នារ​តី រួមគ្នា​កម្ទេច​គ្រឿងញៀន ដែល​ចាប់បាន​ពី​ជនល្មើស​

1918
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: នៅ​សាលប្រជុំ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨ បាន​បើក​កិច្ចប្រជុំ​ក្នុងការ​ចូលរួម​ត្រួតពិនិត្យ និង​បើក​កញ្ចប់​វត្ថុតាង​គ្រឿងញៀន តាម​អំណាច​សាលក្រម សាលដីកា និងសេចក្តីសម្រេច​រប​ស់​សាលាតំបូង​ខេត្ត​ចំនួន​០៥ នៃ​ការចូលរួម​ចំនួន​០៦​ខេត្ត​បានមក​ចូលរួម រួមមាន​: ខេត្ត​ព្រះសីហនុ ខេត្តតាកែវ ខេត្តកំពត ខេត្ត​កែប ខេត្តកំពង់ស្ពឺ និង​ខេត្តកោះកុង​។​

​ពិធី​ខាងលើ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក ប៉ុក ម៉ា​នី អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង​មានការ​អញ្ជើញ​ចូលរួម​ពី​សមាជិក សមាជិកា ក្នុង​កិច្ចប្រជុំ​មាន​អស់លោក លោកស្រី ជា​ប្រធាន អនុប្រធាន​លេខាធិការ​រដ្ឋា​ន​សាលាដំបូង​តាម​ចំនួន​ខេត្ត​ខាងលើ លោក លោកស្រី​ជា​ប្រធាន អនុប្រធាន​សាលាដំបូង លោក លោកស្រី​ជា​ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង កងរាជអាវុធហត្ថ រួមជាមួយ​មន្ត្រីនគរបាល​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន នៃ​ចំនួន​ខេត្ត​ខាងលើ បានមក​ចូលរួម​ក្នុងការ​ត្រួតពិនិត្យ​សោ​.​សៀ​ល​ហិប​វត្ថុតាង​គ្រឿងញៀន​ផងដែរ មុននឹង​ឈានដល់​ការដុត​កំទេចចោល​។​

​នៅក្នុង​របាយការណ៍​សំណើសុំ​ដុតបំផ្លាញ​វត្ថុតាង​គ្រឿងញៀន​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ទៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បានបញ្ជាក់​ឲ្យ​ដឹង ពី​សំណុំរឿង​ដែល​ពាក់ព័ន្ធ​ទៅនឹង​គ្រឿងញៀន រួមទាំង​វត្ថុតាង​ដែល​សមត្ថកិច្ច​កងរាជអាវុធហត្ថ និង​សមត្ថកិច្ច​នគរបាល​ការ​រិ​យា​ល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត​ព្រះសីហនុ ដកហូត​បាន​បញ្ជូនមក​សាលាដំបូង​ខេត្ត​ព្រះសីហនុ នាពេល​កន្លងមក​មាន​ដូចខាងក្រោម​នេះ​:

១. សំណុំរឿង​ដំណាក់កាល​ស៊ើបសួរ​មាន​ចំនួន​០៥​សំណុំរឿង ដំណាក់កាល​ត្រៀម​ជម្រះ​មាន​ចំនួន​៣២​សំណុំរឿង ដំណាក់កាល​សាលក្រម​ស្ថាពរ​មាន​ចំនួន​១៥៨​សំណុំរឿង សាលក្រម​មិន​ស្ថា​រ​ពរមាន​ចំនួន​០៩​សំណុំរឿង​។ វត្ថុតាង​គ្រឿងញៀន​ដែល​ដកហូត​បាន​នៅ​ខេត្ត​ព្រះសីហនុ រួមមាន​៖ មេ​តំ​ហ្វេ​តា​មីន (ICE) មាន​ទម្ងន់ ២៦.៣៤​ក្រាម​, មេ​តំ​ហ្វេ​តា​មីន (WY) មាន​ចំនួន​២៧៤.៥​គ្រាប់ និង​កញ្ឆា​ក្រៀម​មាន​ចំនួន​២.៩០​គីឡូក្រាម​។​

​ដោយឡែក​ខេត្ត​ដែល​បានមក​ចូលរួម​ខាងលើ ក៏បាន​នាំមក​នូវ​របាយការណ៍​អំពី​សំណុំរឿង និង​លទ្ធផល​បង្ក្រាបបាន​យកមក​បង្ហាញជូន​គណៈ​អធិបតី និង​សមាជិក សមាជិកា នៅក្នុង​កិច្ចប្រជុំ​ខាងលើនេះ​។​

​នៅក្នុង​លិខិត​សំណើសុំ​ដុតបំផ្លាញ​វត្ថុតាង​គ្រឿងញៀន​របស់​សាលាដំបូង នៃ​ខេត្ត​ខាងលើ បាន​ឲ្យ​ដឹង​ទៀតថា ចំពោះ​វត្ថុតាង​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ដែល​សាលាដំបូង​ខេត្ត​ទាំង​០៥ បាន​សុំ​ការអនុញ្ញាត​ដុតបំផ្លាញ​ចោល​នេះ ក្រុមការងារ​របស់​ក្រសួងយុត្តិធម៌ បាន​បន្ត​រៀបចំ​ដុតបំផ្លាញ​ចោល ដើម្បី​បញ្ចប់​នូវ​ផែនការ​ស្តីពី​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ក្នុងដំណាក់កាល​ទី​ពីរ ដែល​ត្រូវធ្វើឡើង​នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៨​នា​ថ្ងៃស្អែក​នេះ នៅ​ទីតាំង​ពហុកីឡាដ្ឋាន​ក្នុង​សង្កាត់​លេខ​០១ ក្រុង​.​ខេត្ត​ព្រះសីហនុ ក្រោម​អធិបតីភាព​លោក​អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​គណៈកម្មការ បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់​តាម​ច្រក​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម