ដោយៈ សុខុម / ស្ទឹងត្រែងៈ សមត្ថកិច្ចសហការបង្ក្រាបគ្រឿងញៀន ទ្រង់ទ្រាយធំ ឃាត់ខ្លួនជនជាតិឡាវ រកឃើញថ្នាំញៀន ៥ ដុំបន្ថែមទៀត សរុប ៤៦ ដុំ បើគិតនៅវេលារសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២១ នេះ។
ប្រភពពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថាៈ ជនជាតិឡាវ ចំនួន ២ នាក់ ត្រូវបានចាប់ខ្លួន ដោយមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ការិយាល័យ (ក៩) រួមសហការជាមួយកម្លាំង ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង។
ប្រតិបត្តិការនោះ រឹបអូសបានថ្នាំញឿន ជាង ៤៦ គីឡូក្រាម និងបានឃាត់ខ្លួនជនសង្ស័យ ចំនួន ២ នាក់ កាលពីថ្ងៃទី១៤ ខែមករា ។ លុះមកដល់វេលាម៉ោង ៧និង៥០នាទី ព្រឹកថ្ងៃទី១៥ ខែមរា ឆ្នាំ២០២១ សមត្ថកិច្ច ក៏បាននាំជនសង្ស័យ ទៅកាន់កន្លែងកើតហេតុ នៅចំណុច ក្នុងព្រៃក្បែរស្ពានទី២ ផ្លូវប៉ុស្តិ៍អូរស្វាយ (ហៅប៉ុស្តិ៍ទឹក) ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុក បុរីអូរស្វាយសែនជ័យ ដោយបានរកឃើញកញ្ចប់ថ្នាំញៀន ជាបន្តបន្ទាប់។
តាមប្រភពព័ត៌មាន បានអោយដឹងថាៈ កម្លាំងប៉ុស្តិ៍នគរបាល ច្រកទ្វាអន្តរជាតិ ត្រពាំងគ្រៀល សហការជាមួយសមត្ថកិច្ច របស់មន្ទីប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ឆ្លងដែនខុសច្បាប់ ពីប្រទេសឡាវ មកក្នុងដីកម្ពុជា ដោយបានឃាត់ខ្លួន ជនសង្ស័យ ជាបុរសជនជាតិឡាវ ចំនួន ២ នាក់ គឺទី១.ឈ្មោះ អៀ ថ អាយុ ២៩ ឆ្នាំ , ទី២.ឈ្មោះ ទន់ កែវ អាយុ ២៨ ឆ្នាំ អ្នកទាំង ២ រសនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។
លោក ចែម ផានិត នាយការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានប្រាប់ថាៈ ពាក់ព័ន្ធការបង្ក្រាបគ្រឿងញៀន ឆ្លងកាត់ព្រំដែន ដោយខុសច្បាប់ខាងលើនេះ ដឹកនាំដោយលោក ឧត្តមសេនីយ៍ យិន បញ្ញារិទ្ធ នាយករង មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ។ លោកបានបន្តថាៈ ការបង្ក្រាបជាក់ស្តែងនេះ កម្លាំងជំនាញ បានចាប់យកវត្ថុតាង សារធាតុញៀន ចំនួន ៤១ កញ្ចប់ បន្ទាប់មក ក៏បានរកឃើញ ៥ កញ្ចប់បន្ថែមទៀត។
នៅវេលាម៉ោង ៥ រសៀល ថ្ងៃទី១៥ ខែមករានេះ សមត្ថកិច្ច កំពុងសាកសួរជនសង្ស័យ ជនជាតិឡាវ ទាំងពីរនាក់ ដែលកំពុងឃុំខ្លួន នៅក្នុងស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង ពាក់ព័ន្ធករណីដឹកជញ្ជូនគ្រឿងញៀន ពីប្រទេសឡាវ ចូលកម្ពុជា៕/V