ប្រែសម្រួលៈវាសនា/ម៉ាមូជូ៖រញ្ជួយដីខ្លាំងល្មមតែនៅជំរៅរាក់មួយបានចាប់អង្រួនកោះស៊ូឡាវេស៊ីរបស់ឥណ្ឌូនេស៊ីកាលពីថ្ងៃសុក្រ ដោយរំលំផ្ទះនិងអាគារ បង្កការបាក់ដីនិងសម្លាប់មនុស្សយ៉ាងតិច៣៤នាក់គិតត្រឹមល្ងាចថ្ងៃនេះ។
មនុស្សជាង៦០០នាក់ទៀតបានរងរបួស ដោយរញ្ជួយដីកំលាំង៦,២រិច្ឆទ័រ ដែលបានបញ្ជូនមនុស្សរាប់ម៉ឺននាក់អោយរត់ចេញពីលំនៅដ្ឋានរបស់គេទាំងយប់។អាជ្ញាធរនៅទទួលព័ត៌មានស្តីពីការខូចខាតនិងស្លាប់ឬរងរបួសនៅឡើយ ដូច្នេះតួលេខាងអាចប្រែប្រួលដោយសារមានសេចក្តីរាយការណ៍ថា មនុស្សជាច្រើននៅជាប់ក្នុងគំនរបាក់បែកនៃផ្ទះនិងអាការរលំ។
រញ្ជួយដីកាលពីរំលងអាធ្រាតនេះមានស្នូលនៅចម្ងាយយ៣៦គីឡូម៉ែត្រខាងត្បូងស្រុកម៉ាមូជូនៃខេត្តស៊ូឡាវេស៊ីខាងលិច និងនៅជំរៅ១៨គីឡូម៉ែត្រ។
ទីភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូនេស៊ី បាននិយាយថា ចំនួនស្លាប់បានឡើងដល់៣៤នាក់ក្រោយអ្នកស្វែងរកនិងជួយសង្គ្រោះបានទាញយកសាកសពមនុស្ស២៦នាក់ចេញពីផ្ទះនិងអាគាររលំនៅស្រុកម៉ាមូជូ។មនុស្ស៨នាក់ទៀតបានស្លាប់និង៦៣៧នាក់រងរបួសនៅក្នុងស្រុកម៉ាចេណេ ក្បែរនោះ។
ផ្ទះយ៉ាងតិច៣០០និងគ្លីនិចមួយបានរងការខូចខាត ហើយមនុស្សប្រមាណ១៥.០០០នាក់កំពុងស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន នៅពេលចរន្តអគ្គិសនីនិងខ្សែទូរស័ព្ទដាច់នៅតំបន់ជាច្រើន៕
ប្រជាជនប្រតិកម្មនៅពេលក្រុមសង្គ្រោះទាញចេញសាកសពសាច់ញាតិរបស់គេចេញពីគំនរបាក់បែកនៅស្រុកម៉ាមូជូ កាលពីថ្ងៃសុក្រ
អ្នកជួយសង្គ្រោះកំពុងជីកកាយរកជនរងគ្រោះពីការរញ្ជួយដីនៅស៊ូឡាវេស៊ីខាងលិច