ដោយ: ជា សីហៈ / ភ្នំពេញ: មន្ត្រីក្រសួងបរិស្ថាន និងអង្គការ WWF បានជំរុញឲ្យមានការអភិរក្សនូវពពួកសត្វក្រចកជើងចំពាម ខណៈដែលចំនួនសត្វក្រចកជើងចំពាម ក្នុងដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេចបានធ្លាក់ចុះក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ហើយបានបង្ហាញនូវភាពចាំចាច់ក្នុងការដាក់ចេញនូវវិធានការថ្មី និងប្រកបដោយភាពច្នៃប្រឌិតជាងមុនជាបន្ទាន់ ដើម្បីទប់ស្កាត់ស្ថានភាពធ្លាក់ចុះនេះ។
លទ្ធផលនៃការតាមដានសត្វក្រចកជើងចំពាមក្នុងចន្លោះឆ្នាំ ២០១០-២០២០ នៅក្នុងដែនជម្រកទាំងពីរបានបង្ហាញថា ចំនួនសត្វទន្សោងបានធ្លាក់ចុះប្រមាណ ៧២% សត្វឈ្លូសប្រមាណ ៥២% និងសត្វជ្រូកព្រៃប្រមាណ ១៨% បើប្រៀបធៀបនឹងលទ្ធផលនៃការស្រាវជ្រាវនៅឆ្នាំ ២០១០-២០១១។
របាយការណ៍ដដែលនេះក៏បានបង្ហាញដែរថាចំនួនសត្វរមាំង ខ្ទីង និងប្រើស មានកម្រិតតិចតួចហើយនៅរាយប៉ាយដាច់ដោយឡែកពីគ្នានៅក្នុងតំបន់ទាំងពីរនេះ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថានមានប្រសាសន៍ថា “ការធ្លាក់ចុះនេះជាការក្រើនរំលឹកដល់យើងទាំងអស់គ្នា ប៉ុន្តែវាក៏ផ្តល់ជាឱកាសឱ្យយើងទាំងអស់គ្នាក្នុងការខិតខំបន្ថែមទៀត ដើម្បីទប់ស្កាត់និន្នាការនៃការធ្លាក់ចុះនេះ។
លោកបានបន្តទៀតថា ស្ថានភាពនៃការធ្លាក់ចុះអាចនឹងធ្ងន់ធ្ងរជាងនេះ ប្រសិនបើគ្មានការពង្រឹងការអនុវត្តច្បាប់ និងការគ្រប់គ្រងតំបន់ការពារយ៉ាងមឺងម៉ាត់នោះទេ ពីការខិតខំដោយមិនខ្លាចនឿយហត់ដោយមន្ត្រីឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្តក្រសួងបរិស្ថាន ក្រុមល្បាតសហគមន៍ អាជ្ញាធរមូលដ្ឋាន និងបុគ្គលិកអង្គការ WWF ក្នុងការដើរល្បាត និងពង្រឹងការអនុវត្តច្បាប់ទាំងក្នុងនិងក្រៅតំបន់ការពារទាំងពីរ។
លោក នេត្រ ភក្ត្រា បានពិពណ៍នាបន្តទៀតថា បើទោះជាមានការធ្លាក់ចុះនូវពពួកសត្វក្រចកជើងចំពាមនៅក្នុងដែនជម្រកស្រែពក និងភ្នំព្រេច ចំនួនប្រភេទសត្វក្រចកជើងចំពាមមួយចំនួនបានកើនឡើង ឬស្ថិតក្នុងកម្រិតថេរនៅក្នុងដែនជម្រកសត្វព្រៃមួយចំនួនផ្សេងទៀត។
លោក សេង ទៀក នាយកអង្គការ WWF មានប្រសាសន៍ថា វាមិនទាន់យឺតពេលនៅឡើយទេ ក្នុងការកែប្រែស្ថានភាពនេះ ប៉ុន្តែវាតម្រូវឱ្យពួកយើងធ្វើសកម្មភាពអភិរក្សរួមគ្នាជាបន្ទាន់ឥឡូវនេះ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
លោកមានប្រសាសន៍ថា “គំហើញរបស់អ្នកវិទ្យាសាស្ត្រនៅក្នុងរបាយការណ៍នេះ បានបង្ហាញឲ្យឃើញនូវតម្រូវការនៃដំណោះស្រាយបន្ទាន់ និងថ្មីៗ ដើម្បីកែប្រែនូវអត្រានៃការធ្លាក់ចុះនេះ ខណៈពេលដែលកំពុងស្វែងរកការគ្រប់គ្រង ការប្រើប្រាស់ និងការបែងចែកធនធានធម្មជាតិឲ្យបានប្រសើរជាងនេះ”៕