ស្ពាន​បេ​ឡេ​ឫស្សីកែវ​ឆ្លងកាត់​ទន្លេសាប​ត្រង់ចំណុច​ឃ្លាំង​សាំង​សូគីម៉ិច​នឹងដាក់​ឱ្យ​ឆ្លងកាត់​នៅ​ពាក់កណ្តាល​ខែឧសភា​

1238
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​ការដ្ឋាន​ស្ថាបនា​ស្ពាន​បេ​ឡេ​ឫស្សីកែវ ចំណុចឃ្លាំង​សាំង​ក្រុមហ៊ុន​សូ​គី​មិច​បាន​ឈានដល់​តំណាក់​ការតភ្ជាប់​តួ​ស្ពាន​ហើយ គម្រោង​នឹង​បញ្ចប់​នៅ​ចុងខែ​មេសា​នេះហើយ​គ្រោង​នឹងដាក់​ឱ្យ​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ឆ្លងកាត់​នៅ​ពាក់កណ្តាល​ខែឧសភា​២០១៨​គឺ​ក្រោយពី​មន្ត្រី​ជំនាញ​ធ្វើ​តេស​ទម្ងន់​រួច​។​នេះ​បើតាម​ការបញ្ជាក់​ពី​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែមេសា​នេះ​។​
​លោក សាំ ពិសិដ្ឋ បានបញ្ជាក់​ទៀតថា​៖ នៅ​ថ្ងៃទី​២៥​ខែមេសា​ឆ្នាំ​២០១៨ ការដ្ឋាន​សាងសង់​ស្ពាន​បេ​ឡេ​ឫស្សីកែវ​ឆ្លងកាត់​ទន្លេសាប​បាន​ឈានដល់​ដំណាក់កាល​ត​ភ្ជាប់​តួ​ស្ពាន​ចុងក្រោយ​ហើយ​បើតាម​ផែនការ​គម្រោង​នេះ​នឹង​បញ្ចប់​នៅ​ចុងខែ​មេសា​នេះ​ជាមួយនឹង​ការប្រើ​រយៈពេល​ធ្វើតេស្ត​ភាព​ទ្រ​ទម្ងន់​ស្ពាន​តម្លើង​ស្លាក​សញ្ញា​ចរាចរ​នៅ​ដើមខែ​ឧសភា​ឆ្នាំ​២០១៨​។​លោក​បន្តថា​៖​ការដ្ឋាន​សាងសង់​ស្ពាន​បេ​ឡេ​ឫស្សីកែវ​ឆ្លងកាត់​ទន្លេសាប​នេះ​គម្រោង​នឹង​បញ្ចប់​នៅ​ចុងខែ​មេសា​២០១៨​តែ​មិនទាន់​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​នៅឡើយ​ទេ​គឺ​ទុកឱ្យ​មន្ត្រី​ជំនាញ​ធ្វើ​តេស​ទម្ងន់​រយៈពេល​១​សប្តាហ៍​សិន​ទើប​ដាក់ឱ្យ​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ឆ្លងកាត់​នៅ​ពាក់កណ្តាល​ខែឧសភា​២០១៨​។​
​គួរ​បញ្ជាក់ថា​៖ ស្ពាន​បេ​ឡេ​ឫស្សីកែវ​ឆ្លងកាត់​ទន្លេសាប​នេះ មាន​ប្រវែង ៥០៦​ម៉ែត្រ និង​ទទឹង​ប្រវែង ១២​ម៉ែត្រ ត​ភ្ជាប់​ពី​ខណ្ឌឫស្សីកែវ មក​ខណ្ឌ​ជ្រោយចង្វារ សម្រាប់​ជួយ​បម្រើការ​ការដ្ឋាន​សាងសង់​ស្ពានបេតុង​អារ​មេ និង​ជួយ​សម្រួល​ចរាចរ​ដែល​កំពុង​កក​ស្ទះ​នៅ​ស្ពាន​ជ្រោយចង្វារ ដែល​កំពុងដំណើរការ​ជួសជុល​។​
ចំពោះ​ស្ពានបេតុង​ដែល​គ្រោង​ស្ថាបនា នៅ​អម​ជាមួយ​ស្ពាន​បា​ឡេ​នេះ មាន​ប្រវែង​៩២២​ម៉ែត្រ ទទឹង​២០,៥​ម៉ែត្រ​។ ចិញ្ចើម​ស្ពាន​សម្រាប់​ថ្មើរជើង មាន​ទទឹង​១,២៥​ម៉ែត្រ​សងខាង​, កំពស់​សរសរ​ស្ពាន​សំរាប​ព្យួរ​ខ្សែកាប​ធៀប​នឹង​កំរាល​ស្ពាន​៣៤​ម៉ែត្រ សរសរ​សំរាប់​ព្យួរ​ខ្សែកាប មាន​សរសរ​ចំនួន​៤, គន្លង​ខ្សែ​យានយន្ត​ទទឹង​៣.៧៥​ម៉ែត្រ​, គន្លង​ធ្វើចរាចរ​២​ខ្សែ​ទៅ​២​ខ្សែ​មក​, កំពស់​នាវាចរ​ក្រោម​ស្ពាន​អតិបរមា នៅ​រដូវវស្សា​១០.៥​ម៉ែត្រ​, កំពស់​នាវាចរ​ក្រោម​ស្ពាន​អ​ប្បរមា នៅ​រដូវប្រាំង​២០.៥​ម៉ែត្រ បំពាក់​បង្គោល​ភ្លើង​បំភ្លឺ និង​ដាក់​ស្លាក​សញ្ញា​ចរាចរ​ផងដែរ​។​
​ស្ពាន​នេះ មាន​តួនាទី​សំខាន់​ក្នុងការ​រួមចំណែក​រំដោះ​ចរាចរ​លើផ្លូវ​ជាតិ​លេខ​៦ និង​ផ្លូវជាតិ​លេខ​៥ ក៏ដូចជា​ច្រកចេញចូល​រាជធានី​ភ្នំពេញ និង​ជា​សមិទ្ធផល​ថ្មី​មួយទៀត ជា​ចំណងដៃ​សម្រាប់​រាជធានី​ភ្នំពេញ និង​ប្រជាពលរដ្ឋ​ដែល​បាន​ឆ្លងកាត់​ស្ពាន ក៏​ដូច​បង្កើន​សរសៃឈាម​សេដ្ឋកិច្ច ត​ភ្ជាប់​ពី​បណ្តា​ខេត្ត មក​រាជធានី​ភ្នំពេញ និង​ពី​រាជធានី​ភ្នំពេញ ទៅតាម​បណ្តា​ខេត្ត​ផងដែរ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម