ដោយ: កាំពី / ក្រចេះ: សាកសពសត្វផ្សោតមួយក្បាលទម្ងន់ជិត១០០គីឡូក្រាម ត្រូវបានប្រទះឃើញស្លាប់ ដោយជាប់មងក្រឡា១៥សង់ទីម៉ែត្រ ប្រវែងប្រមាណជា ៦០ម៉ែត្រ ដែលជនល្មើសបានលួចដាក់បង្កប់ក្នុងទឹកជ្រៅ នៅត្រង់ចំណុចកាំងប្រហុក ស្ថិតនៅក្នុងអន្លង់ផ្សោតកាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ។
យោងតាមរបាយការណ៍អង្គការ WWF ប្រចាំខេត្តក្រចេះ បានបញ្ជាក់ថា លោក មួង ដា ជាអ្នកបើកទូកជូនភ្ញៀវទេសចរណ៍មើលសត្វផ្សោតនៅរម្មណីយដ្ឋានអន្លង់ផ្សោតកាំពី ដែលរស់នៅភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ជាអ្នកប្រទះឃើញ។ ហើយលោក ក៏បានរាយការណ៍ជូនមកលោក គឹម គី និងលោក ស្រី ស៊ីថា ជាមន្ត្រីប៉ូលីសទេសចរណ៍ប្រចាំនៅរម្មណីយដ្ឋានអន្លង់ផ្សោតកាំពី។
ក្រោយពីបានពត៌មាននេះភ្លាមលោក គឹម គី និងក្រុមអ្នកបើកទូកជូនភ្ញៀវទេសចរណ៍ក៏បានចុះ ទៅត្រួតពិនិត្យសាកសពសត្វផ្សោតនោះភ្លាមៗនិងបានកាត់សាច់មងដែលរុំជាប់ខ្លួនផ្សោត រួចបាននាំយកសាកសពផ្សោតមកប្រ គល់ជូនក្រុមការងារឆ្មាំទន្លេ ប្រចាំប៉ុស្តិ៍កាំពី ។ បន្ទាប់មកក្រុមការងារឆ្មាំទន្លេក៏បានរាយការណ៍ជូនមកលោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងជាប្រធានឆ្មាំទន្លេប្រចាំខេត្តក្រចេះ ហើយបាននាំយកសាកសពសត្វផ្សោតនោះមកកាន់ទីរួមខេត្ត ក្រចេះ ពេលនោះលោក ម៉ុក ពន្លក ក៏បានចាត់មន្ត្រីជំនាញ ជានាយរងខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងជាមន្ត្រីសហការជាមួយអង្គការWWF ប្រចាំខេត្តក្រចេះ រួមជាមួយមន្ត្រីផ្នែកស្រាវជ្រាវនៃអង្គការ WWF ប្រចាំខេត្តក្រចេះ ចុះទៅពិនិត្យ និងទទួលយកសាកសពសត្វផ្សោតនោះនៅចំនុចផែលើខេត្តក្រចេះនាល្ងាចថ្ងៃទី១៥ខែមករា ឆ្នាំ២០២១។
តាមការត្រួតពិនិត្យជាក់ស្តែងរបស់ក្រុមការងារឃើញថា សាកសពសត្វផ្សោតមានសភាពហើម រលាត់ស្បែកមួយចំនួន និងមានមងក្រឡាទំហំ១៥សង់ទីម៉ែត្ររុំជាប់នៅគល់កន្ទុយ និងលើដងខ្លួនទាំងមូលរបស់សាកសពសត្វផ្សោត។
ក្រោយពីបានធ្វើការពិនិត្យសាកសពសត្វផ្សោតរួចរាល់ក្រុមការងារក៏បានសន្និដ្ឋានថាសត្វផ្សោតនេះបានស្លាប់ដោយសារ ការជាប់ទៅនឹងមងនេសាទ វាជាផ្សោតពេញវ័យដែលរស់នៅអន្លង់ផ្សោតកាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
បន្ទាប់ពីបានធ្វើការត្រួតពិនិត្យសាកសពផ្សោតរួចរាល់ហើយក្រុមការងារក៏បានធ្វើការ ថ្លឹងទម្ងន់ ថតរូប វាស់វែង ដែលមានទិន្ន័យសង្ខេបដូចខាងក្រោម៖
– ភេទ ឈ្មោល
– ប្រវែង ១៩៨សង់ទីម៉ែត្រ
– ទម្ងន់ ៨៥គីឡូក្រាម
– អាយុកាលប៉ាន់ប្រមាណ៖១២ ទៅ ១៥ ឆ្នាំ ស្ថានភាពហើមស្អុយរយៈពេលស្លាប់ ប្រហែល៣ថ្ងៃ។
សាកសពសត្វផ្សោតត្រូវបានក្រុមការងាររក្សាទុកក្នុងធុងក្លាសេ បានធ្វើការវះកាត់យកសំណាកគំរូរវិភាគសម្រាប់ផ្នែកវិជ្ជសាស្ត្រនៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២១ ហើយបានរក្សាទុកសំណាកទាំងអស់ក្នងទូរក្លាសេ នៅការិយាល័យអង្គការ WWF ប្រចាំខេត្តក្រចេះ។
សាកសពសត្វផ្សោតនេះជាផ្សោតទីពីរហើយដែលបានស្លាប់នៅក្នុងឆ្នាំ២០២១ នេះចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី១៥ ខែមករា ដែលក្នុងនោះរួមមានកូនផ្សោតចំនួន០១ក្បាលបានស្លាប់ និងផ្សោតពេញវ័យចំនួន០១ក្បាលបានស្លាប់ ។
លោក ម៉ុក ពន្លក នាយខណ្ឌ័រដ្ឋបាលជលផលខេត្តក្រចេះ និងជាប្រធានឆ្មាំទន្លេបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែមករា លោកបានដាក់ផែនការចុះធ្វើការ ដោយបានសហការ ជាមួយអាជ្ញាធរមូលដ្ឋាន នគរបាលប៉ុស្តិ៍រដ្ឋបាល ប្រជាការពារ និងសហគមន៍នេសាទ បានចុះល្បាតជារៀងរហូត ក៍ប៉ុន្តែនៅតែមានជនសង្ស័យ ខូចខិលលួចដាក់មង នៅក្នុងអន្លង់ បំផ្លិចបំផ្លាញ់ធ្វើឲ្យផ្សោតស្លាប់។
លោកបញ្ជាក់ទៀតថា សម្ថកិច្ចខំប្រឹងណាស់ តែនៅក្រុមជនល្មើសទាំងនោះ ឆ្លៀតឱកាស នៅពេលក្រុមល្បាតចូលខាង ពេលខ្លះសមត្ថកិច្ចល្បាតពេលថ្ងៃយប់មិនបានទៅក្រុមជនខិលខូចទាំងនោះឆ្លៀតទៅមងពេលយប់ ដើម្បីបំផ្លិចបំផ្លាញ់ទៀត។
បច្ចុប្បន្នសមត្ថកិច្ច កំពុងស្រាវជ្រាវវែករកមុខសញ្ញា អ្នកដាក់មងក្នុងអន្លង់ ដើម្បីបញ្ជូនសំណុំរឿងទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់៕