ដោយ: ទេពកង្រី / ខេត្តកំពង់ឆ្នាំង: នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីប្រព័ន្ធព៌ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ (PRISM) ក្រោម អធិបតីភាព លោក អម សុភា អភិបាលរងខេត្ត, លោក អែម សំណាង អនុប្រធាននាយកដ្ឋានព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយ និងលោកស្រី អ៊ីវ ច័ន្ទមន្នីរ័ត្ន មន្ត្រីសម្របសម្រួលគម្រោងអង្គការកម្មវិធីស្បៀងអាហារពិភពលោក និងមានការអញ្ជើញចូលរួមពីលោក លៀង ជុំ សុបិន្ត នាយករងរដ្ឋបាលសាលាខេត្ត និងអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងមន្ត្រីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រុងស្រុក ដែលពិធីនេះធ្វើឡើងនៅថ្ងៃទី១៥មករា២០២១។
មានប្រសាសន៍ក្នុងឱកាសនោះ លោក អម សុភា បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងមានការជួយគាំទ្រទាំងធនធាន និងបច្ចេកទេសពីក្រុមការងារអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការកម្មវិធីស្បៀងអាហារពិភពលោកលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ឆ្នាំង បានពង្រឹងជាប្រចាំយន្តការគ្រប់គ្រង និងប្រើប្រាស់ប្រព័ន្ធ PRISM ដោយធានាបាននូវប្រសិទ្ធភាពការងារ ល្បឿននៃការបញ្ចូល និងបញ្ជូនទិន្នន័យ សុក្រឹត្យភាពនៃទិន្នន័យដោយមានការផ្ទៀងផ្ទាត់យ៉ាងត្រឹមត្រូវរាល់ហេតុការណ៍គ្រោះមហន្តរាយ ឬឧប្បទ្ទវហេតុនីមួយៗ ដោយឈរលើស្មារតីទទួលខុសត្រូវ និងឆន្ទៈម្ចាស់ការខ្ពស់។
លោក អម សុភា ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារប្រព័ន្ធ PRISM ខេត្ត ក្រុង ស្រុក,គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុង ស្រុក លេខាធិការដ្ឋានក្រុង ស្រុក, គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធ ដែលជានិច្ចកាលតែងបានយកអស់កម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ លើការងារត្រៀមបង្កា ឆ្លើយតប សង្គ្រោះបន្ទាន់ និងស្ដារឡើងវិញក្រោយគ្រោះមហន្តរាយ ទាំងមុនពេល អំឡុងពេល និងក្រោយពេលគ្រោះមហន្តរាយ កាត់បន្ថយផលប៉ះពាល់ចំពោះអាយុជីវិតមនុស្ស សត្វ ផលដំណាំ ផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ពង្រឹងភាពធន់របស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ កាត់បន្ថយភាពក្រីក្រ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលមាន សម្ដេចតេជោ នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត។
លោក អម សុភា ក៏បានជម្រុញឲ្យមន្ត្រីបង្គោលគ្រប់ថ្នាក់ ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនៅថ្ងៃនេះ ត្រូវយកចិត្តទុកដាក់ចំពោះបទឧទេ្ទសនាមរបស់អ្នកសម្របសម្រួល បើទោះបីជាខេត្តកំពង់ឆ្នាំង ទទួលបាននូវការកោតសរសើរពីថ្នាក់ជាតិ ដោយមន្ត្រីបង្គោលក្រុងស្រុកអាចបញ្ចូលទិន្នន័យគ្រោះមហន្តរាយ តាមប្រព័ន្ធ PRISM នេះយ៉ាងណាក៏ដោយ ក៏យើងត្រូវយកចិត្តទុកដាក់តាមដាន ព្រោះក្រែងលោកអ្នកសម្របសម្រួលគាត់មានចំណេះដឹងថ្មីៗ ទាក់ទងទៅនឹងបច្ចុប្បន្នភាព នៃប្រព័ន្ធដែលត្រូវចែករំលែក ដើម្បីឲ្យមានភាពល្អប្រសើរជាងមុន។
លោកក៏បានក្រើនរំលឹកបន្ថែមសូមឲ្យមានការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានការការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ផងដែរ៕