ប្រែសម្រួល : កញ្ញាដាលីស/វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិកលោក ម៉ៃ ផមផេវកាលពីថ្ងៃសុក្រទី១៥មករាបានដាក់ទណ្ឌកម្មលើគោលដៅចម្បងទាំងបីរបស់លោកគឺចិន អ៊ីរ៉ង់និងគុយបានៅក្នុងការជំរុញនៅនាទីចុងក្រោយ ដែលសំដៅទៅលើការដាល់មួយដៃចំមុខរបស់ប្រធានាធិបតីជាប់ឆ្នោត ចូ បៃដិន។
ប្រាំថ្ងៃមុនពេលដែលគាត់ប្រគល់សោក្រសួងការបរទេស លោកផមផេវប្តេជ្ញាដាក់ទណ្ឌកម្មចិនចំពោះអ្វីដែលអាម៉េរិកហៅថាការគបសង្កត់របស់ចិននៅក្នុងទីក្រុងហុងកុងដែលជាជំហរគាំទ្រដោយលោកបៃដិន ប៉ុន្តែបានដើរប្រាស់ចាកឆ្ងាយពីគោលដៅរបស់លោកបៃដិនក្នុងការបន្ធូរបន្ថយភាពតានតឹងជាមួយអ៊ីរ៉ង់និងគុយបា។
លោកផមផេវបានថ្កោលទោសចំពោះប្រតិបត្តិការទ្រង់ទ្រាយធំកាលពីថ្ងៃទី ៦ ខែមករានៅទីក្រុងហុងកុង ដែលក្នុងនោះចិនបានចាប់ខ្លួនមនុស្សចំនួន ៥៥ នាក់ រួមទាំងមេធាវីជនជាតិអាម៉េរិកម្នាក់ឈ្មោះ ចន ក្លានស៊ី។
លោកផមផេវនិយាយថា “យើងថ្កោលទោសចំពោះសកម្មភាពរបស់សាធារណរដ្ឋប្រជាមានិតចិនដែលបំផ្លាញសេរីភាពនិងដំណើរការប្រជាធិបតេយ្យរបស់ហុងកុងហើយនឹងបន្តប្រើប្រាស់គ្រប់ឧបករណ៍ទាំងអស់ដែលអាចប្រើបានដើម្បីចាប់អ្នកទាំងនោះមកទទួលខុសត្រូវ”។
រដ្ឋបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំបានដាក់ទណ្ឌកម្មលើមនុស្ស ៦ នាក់ជុំវិញការឃុំមនុស្សទាំងនោះ រួមទាំងលោក តាំ យីវ ជុងដែលជាប្រតិភូតែមួយគត់របស់ហុងកុងនៅក្នុងសមាជិកសភាកំពូលរបស់ចិន គឺ គណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន។
មុននេះ អាម៉េរិកបានចាត់វិធានការប្រឆាំងនឹងមេដឹកនាំកំពូលរបស់ហុងកុងគឺលោកស្រី ខារី ឡាំ ជានាយកប្រតិបត្តិក្រុង ដែលបានទទួលស្គាល់ថាជាលទ្ធផលលោកស្រីលែងអាចប្រើកាតឥណទានឬកាន់គណនីធនាគារបានទៀតហើយ។
ចិនកាលពីឆ្នាំមុនបានជំរុញឱ្យមានច្បាប់សន្តិសុខនៅក្នុងហុងកុងបន្ទាប់ពីការតវ៉ារីករាលដាលនិងពេលខ្លះទាមទាររក្សាទុកសេរីភាព ដែលបានធានាដល់មជ្ឈមណ្ឌលហិរញ្ញវត្ថុនេះមុនពេលចក្រភពអង់គ្លេសប្រគល់ទឹកដីនេះឱ្យចិនដីគោកក្នុងឆ្នាំ ១៩៩៧៕
រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិកលោក ម៉ៃ ផមផេវ