ដោយៈរ៉ាម៉ន/ភ្នំពេញៈរដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងពីការកាត់មែកឈើតាមបណ្តោយវិថីព្រះអង្គឌួង និងវិថីក្រមួនសក្នុងខណ្ឌដូនពេញដែលមានអាយុកាលច្រើនឆ្នាំមានសភាពចាស់ទ្រុឌទ្រោមនិងមានដុះមែកឈើស៊ុបទ្រុបដែលធ្វើឱ្យដើមមិនអាចទ្រទ្រង់បាន។
យោងតាមសេចក្តីជូនដំណឹងបានបញ្ជាក់ ដើមឈើធំៗនៅតាមបណ្តោយវិថីព្រះអង្គឌួង និងវិថីក្រមួនសមានអាយុកាលច្រើនឆ្នាំ មានសភាពចាស់ទ្រុឌទ្រោមនិងមានដុះមែកឈើស៊ុបទ្រុបដែលធ្វើឱ្យដើមមិនអាចទ្រទ្រង់បាន។រដ្ឋបាលរាជធានីភ្នំពេញនឹងឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការលះមែកឈើមួយចំនួនចេញ ព្រមទាំងបន្តថែទាំនិងរក្សាទុកដើមឈើធ្វើទម្រទប់ដើម ដោយចំណាយពេលអនុវត្តការងាររយៈពេលមួយខែ ចាប់ពីថ្ងៃទី១៨ ខែមករានេះតទៅ។
រដ្ឋបាលរាជធានីបានបន្តថាដើម្បីឱ្យការងារខាងលើប្រព្រឹត្តទៅដោយរលូន ស្នើបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញមេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើបើមិនមានការចាំបាច់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ព្រោះដោយសារក្រុមការងារ ត្រូវប្រើប្រាស់ឧបករណ៍សម្រាប់កាត់មែកឈើ និងរថយន្តធុនធំដែលអាចបង្កការកកស្ទះចរាចរណ៍៕សរន