ដោយ: ភ្នំស្វាយ / កំពង់ធំ: មន្ត្រីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ទីរអង្គភាព បញ្ជាការដ្ឋាន ស្នងការដ្ឋាន អធិការដ្ឋាន មូលដ្ឋាន ស្រុកក្រុងនៃរដ្ឋបាលខេត្តកំពង់ធំ បានជួបប្រជុំដ៏កម្រមួយជាមួយអ្នកសារព័ត៌មានដែលបំពេញការងារក្នុងភូមិសាស្ត្រខេត្តនៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នៅសាសាខេត្ត។
កិច្ចប្រជុំមានបំណងស្វែងយល់ពីសុខទុក្ខ ជីវភាព ភាពងាយស្រួល ការលំបាក បញ្ហាប្រឈម ហើយនឹងកិច្ចរួមសហការគ្នារវាងស្ថាប័នរដ្ឋបាល និងមន្ទីរអង្គភាពជំនាញនានាជាមួយអ្នកសារព័ត៌មាន នៃប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក (Local Media) ដែលបំពេញការងារក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ ថ្នាក់ដឹកនាំនិងមន្ត្រិនសរដ្ឋបាលនិងមន្ទីរ អង្គភាពនានា ក៏បាននៅតែចាត់ទុកប្រព័ន្ធផ្សព្វផ្សាយ និងតួអង្គអ្នកសារព័ត៌មានជាដៃគូ, ជានិមិត្តរូបកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងនៃការដឹកនាំ និងការបំពេញការងាររបស់ខ្លួនដដែលទេ។ ជាមួយគ្នានេះ ក៏បានស្ដាប់នូវបញ្ហាប្រឈមមួយចំនួនរបស់អ្នកសារព័ត៌មាន ក្នុងការប្រកបរបរវិជ្ជាជីវៈយកព័ត៌មានយកមក ពិភាក្សាជជែកគ្នាដើម្បីដោះស្រាយ។
អង្គប្រជុំបានស្ដាប់លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំជុំវិញសកម្មភាពរបស់អ្នកសារព័ត៌មាននៃប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមកពីស្ថាប័នរដ្ឋនិងឯកជននៅក្នុងខេត្តកំពង់ធំ។
និងការលើកឡើង របស់អ្នកសារព័ត៌មានមួយចំនួន រួមបញ្ចូលទាំងការបើកចំហបេះដូង កិច្ចសហការផ្តល់ព័ត័មានរបស់មន្ត្រីផ្តល់ព័ត៌មាន មន្ត្រីអ្នកនាំពាក្យនិងអ្នកទាំងឡាយណាដែលអ្នកសារព័ត៌មានបានសួរ។ សូមអោយផ្តល់ព័ត៌មានពិត កុំលំអៀង ចៀសវាងអគតិទាំង៤ (មោហៈ ទោសៈ ស្អប់និងស្រឡាញ់)។
លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ បានសំណូមពរសូមឱ្យអ្នកសារព័ត៌មានទាំងអស់ ត្រូវមកចុះបញ្ជីអ្នកសារព័ត៌មាននៅមន្ទីរព័ត៌មានខេត្ត និងសូមឱ្យពង្រឹងវិជ្ជាជីវៈ ចំណេះជំនាញរបស់ខ្លួន តាមក្រមសីលធម៌វិជ្ជាជីៈអ្នកសារព័ត៌មាន។ និងខិតខំស្វែងរកព័ត៌មានពិត ធ្វើអោយមានតុល្យាភពមកចុះផ្សាយ ហើយជាពិសេសមិនត្រូវស្ដាប់តែម្ខាង ហើយចុះផ្សាយតែម្ខាងនោះទេ។ ត្រូវគោរពតាមអនុសាសន័សម្តេចតេជោក្នុងគោលការណ៍ «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្នៃការពិត។
លោក សុក ហៃ ក៏បានស្នើសុំឱ្យសាលាខេត្ត ក្រុង ស្រុក មន្ទីរអង្គភាពទាំងអស់ រួមសហការគ្នាជាមួយអ្នកសារព័ត៌មាន ។ ក៏ទទូចស្នើសុំសូមឲ្យអ្នកសារព័ត៌មានទាំងអស់ផ្សព្វផ្សាយនូវជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលក្នុងប្រទេសកម្ពុជាគឺត្រូវពាក់ម៉ាស់ រក្សាអនាម័យឲ្យបានល្អ និងនៅគម្លាតពីគ្នាចាប់ពី១.៥០ម៉ែត្រ ព្រមទាំងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល៕