ប្រែសម្រួល : កញ្ញាដាលីស ៖ ពួកតាលីបង់បានបញ្ជាឱ្យមេដឹកនាំរបស់ខ្លួនយកប្រពន្ធតែម្នាក់គត់ ព្រោះអាពាហ៍ពិពាហ៍ធំគឺចំណាយថ្លៃណាស់ ហើយធ្វើឱ្យមានការអាក់អន់ចិត្តក្នុងចំណោមអ្នកប្រយុទ្ធ។
ប្រមុខតាលីបង់នៅអាហ្វហ្គានីស្ថានលោក ហៃបាទូលឡា អាឃុនដាហ្សា បានចេញបញ្ជានេះ បន្ទាប់ពីមានពាក្យចចាមអារ៉ាមផ្សព្វផ្សាយនៅតាមតំបន់ជួរមុខថាមេធំៗកំពុងរស់នៅយ៉ាងហ៊ីហានិងចំណាយប្រាក់រាប់ម៉ឺនដុល្លារទៅលើប្រពន្ធថ្មីរបស់ពួកគេនៅក្នុងប្រទេសកាតានិងប៉ាគីស្ថាន។
សេចក្តីប្រកាសរបស់ក្រុមតាលីបង់លើកឡើងថា “យើងណែនាំមន្ត្រីអ៊ីស្លាមអេមីរ៉ាតចៀសវាងអាពាហ៍ពិពាហ៍ទី ២ ទី ៣ និងទី ៤ ប្រសិនបើមិនចាំបាច់”។
ទំនៀមទម្លាប់អាហ្វហ្គានីស្ថានទាមទារឱ្យអាពាហ៍ពិពាហ៍ត្រូវមានលក្ខណៈហ៊ឹកហ៊ាក់ ហើយកូនកំលោះត្រូវបង់ថ្លៃទឹកដោះចាប់ពី ២៨.០០០ ដុល្លារដល់ ៩៦.០០០ ដុល្លារដល់ក្រុមគ្រួសាររបស់ប្រពន្ធ។
ភរិយាទាំងនេះជារឿយៗត្រូវដាក់ឱ្យរស់នៅដាច់ដោយឡែកពីគ្នានៅតាមផ្ទះថ្មីរៀងៗខ្លួន ដែលនេះមានន័យថាពហុពន្ធភាពរបស់ពួកមេបញ្ជាការតាលីបង់ភាគច្រើនអាចនាំឱ្យមានការចាយលុយខ្ជះខ្ជាយយ៉ាងឆាប់រហ័ស។
មេតាលីបង់បច្ចុប្បន្នមានប្រពន្ធពីរនាក់ រីឯអ្នកតំណាងរបស់គាត់នៅទីក្រុងដូហា លោក អាប់ឌុល ហ្គានី បារ៉ាដា មានប្រពន្ធបី។
ពាក្យចចាមអារ៉ាមជាច្រើនថា ការរស់នៅក្នុងជីវិតស្តុកស្តម្ភរបស់ថ្នាក់ដឹកនាំពួកគេនៅទីក្រុងដូហាបានធ្វើឱ្យមានការអាក់អន់ចិត្តក្នុងចំណោមអ្នកប្រយុទ្ធដែលធ្វើប៉ះពាល់ដល់ការប្រយុទ្ធនៅសមរភូមិនិងនាំឱ្យមានពាក្យចចាមអារ៉ាមអំពីអំពើពុករលួយ។
ដំណឹងនេះកើតឡើងចំពេលដ៏សំខាន់នៅពេលដែលក្រុមតាលីបង់នៅក្នុងទីក្រុងរបស់កាតាគ្រោងចូលរួមកិច្ចចរចាសន្តិភាពជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងអន្តរការីពីសហរដ្ឋអាម៉េរិក។
មេបញ្ជាការភាគច្រើនឥឡូវនេះមានមូលដ្ឋាននៅទីក្រុងដូហា ស្របតាមការចរចាសន្តិភាព។
មេបញ្ជាការស្ទើរតែទាំងអស់ឥឡូវនេះបានយកប្រពន្ធថ្មី ដោយប្រគល់ជាសាច់ប្រាក់ជាច្រើនឱ្យទៅខាងសាច់ថ្លៃថ្មីរបស់ពួកគេ៕
ពួកអ្នកប្រយុទ្ធក្រុមបះបោរតាលីបង់នៃប្រទេសអាហ្វហ្គានីស្ថាន