រូ​នី​បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​ងាក​មក​ធ្វើជា​គ្រូបង្វឹក​ពេញ​ម៉ោង​ឱ្យ​ក្លិប Derby

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អតីត​តារា​ឆ្នើម​របស់​ក្រុម​បិសាច​ក្រហម Manchester United និង​ជម្រើសជាតិ​អង់គ្លេស វេន រូ​នី​បានបញ្ចប់​អាជីព​ជា​កីឡាករ​កាលពី​ថ្ងៃ​សុក្រ​ទី​១៥​មករា​ដើម្បី​ចាប់​អាជីព​ការងារ​ជា​អ្នក​ចាត់ការ​ទូទៅ​ពេញ​សិទ្ធិ​របស់​ក្រុម Derby ដែល​ស្ថិត​ក្នុង​ក្របខ័ណ្ឌ Championship ។​

​ក្លិប Derby បានបញ្ជាក់​ថា រូ​នី អាយុ ៣៥ ឆ្នាំ​បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​អចិន្ត្រៃយ៍​រហូតដល់​ឆ្នាំ ២០២៣ ក្រោយ​ស្នង​តំណែង​បន្ត​ពី​លោក​ហ្វី​លីព កូ​គូ បណ្តោះអាសន្ន​កាលពី​ខែ​វិច្ឆិកា​។​

​ក្នុង​ការទទួលយក​តួនាទី​ជា​អ្នក​ចាត់ការ​ទូទៅ ក្លិប Derby និយាយ​ថា​ខ្សែប្រយុទ្ធ​ឆ្នើម​រូប​នេះ​បាន “​ជ្រើសរើស​បញ្ចប់​អាជីព​ជា​កីឡាករ​ដើម្បី​ផ្តោត​ទាំងស្រុង​លើ​ការងារ​របស់​គាត់​”​។​

​រូ​នី​បាន​ទទួល​បន្ទុក​ចំនួន ៩ ប្រកួត​ក្នុងនាម​ជា​អ្នក​ចាត់ការ​ទូទៅ​បណ្តោះអាសន្ន​នៅ​ក្លិប Derby ដោយ​ឈ្នះ ៣ និង​ស្មើ ៤ ។​

​លោក ស្តេ​ហ្វិន ភៀ​ស ប្រធាន​នាយក​ប្រតិបត្តិ​របស់​ក្លិប Derby County បាន​និយាយថា “​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​បញ្ជាក់​អំពី​ការតែងតាំង​លោក វេន រូ​នី ជា​អ្នក​ចាត់ការ​ទូទៅ​ថ្មី​របស់​យើង​”​។​

​រូ​នី​និយាយថា​គាត់​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​សក្តានុពល​របស់​ក្លិប Derby នៅ​ពេល​គាត់​បាន​មកដល់​ក្លិប​នេះ ក្រោយ​ចំណាយពេល​មួយរយៈ​លេង​ឱ្យ​ក្លិប DC United នៅ​សហរដ្ឋ​អាម៉េរិក​។​

​រូ​នី​បន្តថា “​ការ​ដែល​ទទួលបាន​ឱកាស​ដើរ​តាម​លំ​អាន​របស់​អ្នក​ចាត់ការ​ទូទៅ​ដូចជា លោក​ប្រាយ​អែ​ន ក្លោ លោក​ជី​ម ស្មី​ត លោក​ហ្វ្រែង ឡាំ​ផាត​និង លោក​ហ្វី​លីព កូ​គូ គឺជា​កិត្តិយស​ណាស់​។ ហើយ​ខ្ញុំ​អាច​សន្យា​ចំពោះ​អ្នក​រាល់គ្នា​នៅក្នុង​ក្លិប​និង​អ្នកគាំទ្រ​របស់​យើង​ទាំងអស់ បុគ្គលិក​ខ្ញុំ និង រូបខ្ញុំ នឹង​មិន​ទុក​ចោល​ត្បូង​ដោយ​មិន​មាន​ការកែច្នៃ​នោះឡើយ​ដើម្បី​សម្រេច​នូវ​សក្តានុពេល ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​អំឡុង​រយៈពេល​១២​ខែ​ចុង​ក្រោយ​នៅ​ក្លិប​បាល់ទាត់​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ​”៕

រូ​នី​ក្លាយជា​អ្នក​ចាត់ការ​ទូទៅ​របស់ Derby រហូតដល់​ឆ្នាំ ២០២៣

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular