Home ព័ត៌មានសំខាន់ៗ ព្រឹត្តិការណ៍...

ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ ប្រចាំ​សប្តាហ៍​

ដោយៈ ម៉េង​ឆៃ / ភ្នំពេញៈ នៅក្នុង​សប្តាហ៍​នេះ មាន​ព្រឹត្តិការណ៍​ជាតិ ជាច្រើន បានកើត​ឡើង ក្នុងនោះ រួមមាន ការបើក​បវេសនកាល ឆ្នាំ​សិក្សា​ថ្មី​នេះ ការកើនឡើង​នូវ ចំនួន​ពលករ​ខ្មែរ មកពី​ថៃ ឆ្លង​កូ​វីដ ១៩ រួមទាំង ការទទួលបាន​នូវ វ៉ាក់សាំង​របស់​ចិន ១ លាន​ដូ​ស ដោយ​ឥតគិតថ្លៃ ជាដើម​។​

​កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ សាលារៀន​រដ្ឋ នៅ​ទូទាំងប្រទេស​កម្ពុជា បាន​បើកទ្វារ អោយ​សិស្សានុសិស្ស ចូលរៀន ក្នុង​ឆ្នាំ​សិក្សា​ថ្មី ឆ្នាំ​២០២០-​ឆ្នាំ​២០២១​។ បវេសនកាល ឆ្នាំ​សិក្សា​ថ្មី​នេះ ត្រូវបាន​ពន្យារ ពេល​ខុសពី រៀងរាល់ឆ្នាំ ដោយសារតែ​ជំងឺ​កូ​វីដ ១៩​។

​ក្នុងឱកាស​បើក​បវេសនកាល ឆ្នាំ​សិក្សា​ថ្មី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​ចេញ​នូវ អនុសាសន៍ មួយចំនួន សំដៅ​រំលឹក​ឡើងវិញ អោយ​សិស្សានុសិស្ស និង​គ្រូបង្រៀន​ទាំងអស់ អនុវត្តន៍​នូវ​វិធានការ សុខាភិបាល ជា​ចាំបាច់ តាមរយៈ​គន្លង​ជីវិត​ថ្មី ក្នុង​វិស័យ​អប់រំ ដើម្បី​ទប់ស្កាត់ ការឆ្លង​ជំងឺ​កូ​វីដ ១៩ ក៏ដូចជា​ការអភិវឌ្ឍ វិស័យ​អប់រំ របស់​កម្ពុជា​បន្ថែម តាម​យុគសម័យ ឌីជីថល ជាដើម​។​

​ចំណែក​មន្ត្រី​អ្នកនាំពាក្យ ក្រសួង​អប់រំ បាន​អះអាងថា ការបើកប​វេ​សន កាល​ឆ្នាំនេះ ដំណើរការ​ទៅ ជា​ប្រក្រតី​។ ទោះយ៉ាងណា មាន​គ្រឹះស្ថានសិក្សា សាធារណៈ​របស់​រដ្ឋ ចំនួន ៤៤ កំពុង​ត្រូវបាន​ប្រើប្រាស់ ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក ពិសេស​សម្រាប់ ពលករ​ខ្មែរ មកពី​ថៃ​។​

​អ្នកជំងឺ​កូ​វីដ ១៩ ដែល​រកឃើញថា ពាក់ព័ន្ធ​ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា មុនគេ​បង្អស់ បាន​ក្លាយជា​អ្នកជំងឺ ចុងក្រោយ​គេ ដែល​ទើប​ជាសះស្បើយ ពី​ជំងឺ​នេះ​។ អ្នកជំងឺ​ចុងក្រោយ​គេ​នោះ គឺ​ភរិយា​អគ្គនាយក​ពន្ធនាគារ ក្រសួងមហាផ្ទៃ​។ នេះ​បើតាម​ការបញ្ជាក់ ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន ប្រចាំថ្ងៃ របស់​ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី​១១ ខែមករា​។

​នៅ​ឆ្នាំ​២០២០ មាន​រោងចក្រ​សហគ្រាស ក្នុង​វិស័យ​កាត់ដេរ ចំនួន ១២៩ រោងចក្រ បាន​បិទទ្វារ លែង​ដំណើរការ ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់ក​ម្មករ និយោជិត ចំនួន​ប្រមាណ ៧ ម៉ឺន​នាក់ ក្នុងនោះ មាន​ស្ត្រី​ជិត ៦ ម៉ឺន​នាក់​។ រោងចក្រ​ទាំងនោះ បិទទ្វារ ដោយសារ​វិបត្តិ នៃ​ការរីក​រាលដាល ជំងឺ​កូ​វីដ​១៩​។ នេះ​បើតាម​មន្ត្រី ជាន់ខ្ពស់ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​

​កាលពី​ថ្ងៃទី​១៣ ខែមករា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានសម្រេច​កំណត់ តំបន់​ជំងឺផ្តាសាយបក្សី មួយកន្លែង ស្ថិតក្នុង​ភូមិ​ព្រែ​កតា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ ជាមួយនឹង​ការកំណត់​នេះ ក្រសួង តម្រូវ​ឲ្យ​បំផ្លាញចោល ចំពោះ​បក្សី​គ្រប់​ប្រភេទ នៅក្នុង​តំបន់​ផ្ទុះ​ជំងឺ តាម​វិធាន​បច្ចេកទេស បសុពេទ្យ និង​ផ្អាក​ជា​បណ្តោះអាសន្ន លើ​ការទិញ​ការលក់ ឬ​ការដឹកជញ្ជូន​បក្សី គ្រប់​ប្រភេទ ចេញចូល ឬ​ឆ្លងកាត់​ពី​រង្វង់ ៣ គីឡូម៉ែត្រ ជុំវិញ​កន្លែង​ផ្ទុះ​ជំងឺ​។

​កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ ព្រះមហាក្សត្រ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ ស្ដីពី​លក្ខខណ្ឌ និង​នីតិវិធី ក្នុងការ​បន្ធូរបន្ថយ​ទោស និង​ការលើកលែងទោស ចំពោះ​ទណ្ឌិត​។ ការបន្ធូរបន្ថយ​ទោស និង​ការលើកលែងទោស ចំពោះ​ទណ្ឌិត ត្រូវធ្វើឡើង ៥ ដង ក្នុង​មួយឆ្នាំ ក្នុង​ពិធី​បុណ្យជាតិ​សំខាន់ៗ រួមមានៈ ទិវា​ជ័យជម្នះ លើ​របប​ប្រល័យពូជសាសន៍ ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ ពិធីបុណ្យ​វិសាខបូជា ពិធីបុណ្យ​ឯករាជ្យ​ជាតិ និង​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​។​

​គិត​ចាប់តាំងពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​១៩៨៥ រហូតដល់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​ប្រទេស​កម្ពុជា ដោយ​កាន់តំណែង​ជា នាយករដ្ឋមន្ត្រី អស់​រយៈពេល ៣៦ ឆ្នាំ​ហើយ​។ តាមរយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី រយៈពេល ៣៦ ឆ្នាំ​កន្លងមកនេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​រួមសុខ​រួមទុក្ខ ជាមួយ​ប្រជាជន​កម្ពុជា គ្រប់​កាលៈទេសៈ និង​បាន​ដឹកនាំ កសាង​អភិវឌ្ឍន៍ ប្រទេសជាតិ អោយមាន​ការរីកចម្រើន លើ​គ្រប់​វិស័យ និង​មានមុខមាត់ លើ​ឆាក​អន្តរជាតិ ព្រមទាំង​ទទួលបាន នូវ​ការគោរព​ស្រឡាញ់ និង​គាំទ្រ​ខ្លាំង​បំផុត ពី​ប្រជាជន ក្លាយជា​នាយករដ្ឋមន្ត្រី ដែល​រក្សា​តំណែង បានយូរ​ជាងគេ​បំផុត នៅក្នុង​ពិភពលោក​។​

​នៅ​ថ្ងៃ​ខួប ៣៦ ឆ្នាំ នៃ​ការ​កាន់តំណែង​ជា នាយករដ្ឋមន្ត្រី​របស់​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ លោក​សាស្ត្រាចារ្យ ឆាយ សុផល ដែលជា​អ្នកសារព័ត៌មាន​ជើងចាស់ និង​ជា​អ្នកនិពន្ធ​សៀវភៅ​ម្នាក់​ផង បានចេញ​ផ្សាយ​សៀវភៅ​មួយទៀត ជា​ភាសា​អង់គ្លេស ដែលមាន​ចំណងជើង​ថា «Hun Sen War and Peace in Cambodia and Southeast Asia»​។ សៀវភៅសរសេរ ជា​ភាសា​អង់គ្លេស​នេះ បាន​រៀបរាប់​អំពី ភាព​ប្រទាក់ក្រឡា​គ្នា​ជាច្រើន នៃ​សង្គ្រាម នៅ​កម្ពុជា តំបន់ និង​មហាអំណាច ពិភពលោក​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​ជា​ផ្លូវការ ដកហូតយក​ដី បឹង​តា​មោក ចំនួន ២០ ហិកតា ពី​លោក លន់ ហាក់ និង​អ្នកស្រី ឈុន ចាន់​ធី ត្រឡប់មក​ទុក ជា​សម្បត្តិ​រដ្ឋ​វិញ​។ ការសម្រេច​ដកហូត​នេះ បានធ្វើ​ឡើង តាមរយៈ​អនុក្រឹត្យ ចុះហត្ថលេខា និង​ប្រថាប់ត្រា ដោយ​សម្តេច​តេ​ជោ​ផ្ទាល់ កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១​។​

​នៅ​ឆ្នាំ​២០២០ កន្លងទៅនេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ប្រទេស​កូរ៉េខាងត្បូង ចំនួន ១៩​នាក់ បាន​ស្លាប់ ដោយសារ​មូលហេតុ​ផ្សេងៗ ដូចជា ជំងឺ​គាំងបេះដូង ជំងឺ​ផ្ទាល់ខ្លួន គ្រោះថ្នាក់​ចរាច​ណ៍ ឃាតកម្ម អត្តឃាត និង​គ្រោះថ្នាក់​ការងារ​។ នេះ​បើតាម​ឯកអគ្គរាជទូត​ខ្មែរ ប្រចាំ​សាធារណៈរដ្ឋ​កូរ៉េ​។ កាលពី​យប់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ប្រទេស​ចិន បានសម្រេច​ផ្តល់​ឲ្យ​កម្ពុជា នូវ​វ៉ាក់សាំង​កូ​វីដ ១៩ ចំនួន ១​លាន​ដូ​ស សម្រាប់​ចាក់​ឲ្យ ប្រជាជន​កម្ពុជា ដោយ​ឥតគិតថ្លៃ ចំនួន ៥០​ម៉ឺន​នាក់​។​

​សម្តេច បញ្ជាក់ថា អ្នក​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ចិន ស៊ី​ណូ​ហ្វា​ម មុនគេ គឺ​សម្តេច រួម​នឹង​អ្នក​នៅ​ជុំវិញ សម្តេច​ផ្ទាល់ ជុំវិញ​ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និង​ប្រធានរដ្ឋសភា ជាដើម​។ បន្ទាប់មក ខ្សែត្រៀម​ជួរមុខ គឺ​ក្រុមគ្រូពេទ្យ គ្រូបង្រៀន កងកម្លាំង​គ្រប់​ប្រភេទ មន្ត្រី​យុត្តិធម៌ អ្នក​បោសសម្អាត អ្នករត់ម៉ូតូឌុប ម៉ូតូ​កង់​បី និង​អ្នករត់​តាក់ស៊ី ជាដើម​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​គូសបញ្ជាក់ថា វ៉ាក់សាំង​របស់​ចិន​នេះ នឹងត្រូវ​ចាក់​ជូន​ប្រជាជន​កម្ពុជា ដោយ​ឥតគិតថ្លៃ និង​ដោយ​ស្ម័គ្រចិត្ត​។​

​កាលពី​ព្រឹក​ព្រលឹម ថ្ងៃ​សៅរ៍ ទី​១៦ ខែមករា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល បានប្រកាសថា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ចំនួន ១០ នាក់​ទៀត ដែលជា​ពលករ មកពី​ប្រទេស​ថៃ​។ ប៉ុន្តែ​ក៏មាន​ពលករ​ម្នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ កាលពី​ថ្ងៃទី​១៥ ខែមករា​។ គិត​មកដល់​ម៉ោង ៧​ព្រឹក ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៤៣៦​នាក់​។ ក្នុងនោះ ៦៦​នាក់ ជា​ពលករ​ខ្មែរ ធ្វើដំណើរ​មកពី​ប្រទេស​ថៃ​។ ចំណែក​អ្នក​ព្យាបាល ជាសះស្បើយ មាន​ចំនួន ៣៨២​នាក់ និង ៥៤​នាក់ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​។​

​ឃាតក ដែល​បាន​បាញ់សម្លាប់ ប៉ូលិស​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ ដោយសារ​បញ្ហា​គ្រោះថ្នាក់ ចរាចរណ៍ នៅ​រាជធានី​ភ្នំពេញ ឈ្មោះ អ៊ា ណា​រ៉េ​ន ហៅ រ៉េ​ន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ បានគេច​ទៅ​លាក់ខ្លួន នៅក្នុង​ភូមិសាស្ត្រ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ​។ រហូតដល់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ នាយកដ្ឋាន​នគរបាល ព្រហ្មទណ្ឌ បានធ្វើការ​ស្រាវជ្រាវ រហូតដល់​កំណត់​បាន ទីតាំង​លាក់ខ្លួន របស់​ជនសង្ស័យ ហើយ​បាន​សហការ​ជាមួយ ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ស្នងការដ្ឋាន​គរ​បាល ខេត្តក្រចេះ អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ០៣២ វ ដ វ ន ចុះ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ របស់លោក លិ សុ​ផា ចៅក្រម​ស៊ើបសួរ សាលាដំបូង រាជធានី​ភ្នំពេញ​។​

​របាយការណ៍​របស់​ប៉ូលិស លើកឡើងថាៈ «​នៅវេលា​ម៉ោង ១៧ និង ៤៦​នាទី កម្លាំង​សមត្ថកិច្ច​យើង បាន​ប្រទះឃើញ ជនសង្ស័យ នៅ​ចំណុច​មាត់ អូរ​ជាប់​ជើងភ្នំ អូរ​កណ្តៀរ ក្នុង​ដីចំការ​ស្វាយចន្ទី ស្ថិតក្នុង​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ហើយ​សមត្ថកិច្ច​យើង បាន​ឲ្យ​ជនសង្ស័យ ប្រគល់​ខ្លួន​តាម​សម្រួល ប៉ុន្តែ​ខណៈពេល​នោះ ជនសង្ស័យ រឹងរូស​មិន​ព្រម​ប្រគល់​ខ្លន និង​បាន​បាញ់​មកលើ សមត្ថកិច្ច​យើង ភ្លាមនោះ សមត្ថកិច្ច​យើង បាន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន ដោយ​បាញ់​តបត​គ្នា ទៅវិញទៅមក បណ្តាល​ឲ្យ​ជនសង្ស័យ ឈ្មោះ អ៊ា ណា​រ៉េ​ន ស្លាប់​នៅ​ហ្នឹង​កន្លែងកើតហេតុ​»​។

​លោកស្រី មូរ សុខ​ហួរ អតីត​អនុប្រធាន គណបក្ស​សង្គ្រោះ​ជាតិ មិនត្រូវ​បានអនុញ្ញាត ឲ្យ​ឡើង​យន្តហោះ ពី​សហរដ្ឋ​អា​មេ​រិ​កឡើ​យ​។ លោកស្រី មូរ សុខ​ហួរ មានបំណង​ឡើង​យន្តហោះ ចេញពី​រដ្ឋ Los Angeles មកកាន់​ប្រទេស​សិង្ហ​បុរី មុននឹង​បន្តដំណើរ​មក​កម្ពុជា​។ លោកស្រី មូរ សុខ​ហួរ កាន់​លិខិតឆ្លងដែន Passport អាមេរិក ហើយ​មិនមាន Visa ដើម្បី​ចូលមក​កម្ពុជា​ឡើយ​។ ដូច្នេះ​ភ្នាក់ងារ​អាមេរិក នៅ​អាកាសយានដ្ឋាន Los Angeles មិន​អនុញ្ញាត​ឲ្យ​លោកស្រី មូរ សុខ​ហួរ Check in ឡើង​យន្តហោះ​ឡើយ​។ ដោយឡែក Passport ខ្មែរ​របស់​លោកស្រី មូរ សុខ​ហួរ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​មោឃភាព តាំងពី​ឆ្នាំ​២០១៩ ជាមួយនឹង​អតីត​មេដឹកនាំ អតីត​គណបក្សប្រឆាំង ៣៨ រូប​ផ្សេងទៀត​។​

​តាម​គម្រោង លោកស្រី មូរ សុខ​ហួរ បានប្រកាសថា នឹង​ចាក​ចេញពី​អាមេរិក នៅ​ថ្ងៃទី​១៥ ខែមករា​នេះ ហើយ​គ្រោង នឹង​មកដល់​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular