​ពលរដ្ឋ​សង្ឃឹមថា តុលាការ​នឹង​ផ្តន្ទាទោស មន្ត្រី​អង្គរក្ស​ម្នាក់ និង​មន្ត្រីឃុំ​ម្នាក់ ឲ្យ​សម​នឹង​ទង្វើ ឆបោក និង​ក្លែង​ឯកសារ​ស្នាម​មេដៃ​ពួកគាត់

1246
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ ខណៈដែល​តុលាការ​ក្រុងភ្នំពេញ គ្រោង​នឹង​ប្រកាស​សាលក្រម សំណុំរឿង​ចំនួន​២​ដាច់ ដោ យ​ឡែក​ពីគ្នា ដោយមាន​ជនជាប់ចោទ​ម្នាក់​ឈ្មោះ ស៊ុន សៀង​មាន​តួនាទី​ជាម​ន្ត្រី​កង​អង្គរក្ស​និង​ម្នាក់​ទៀត​ឈ្មោះ ហេង​សាន​ជា​អតីត​សមាជិក​ក្រុមប្រឹក្សាឃុំ​ត្រពាំង​ភ្លាំង​ស្រុក​ឈូក​ខេត្តកំពត​(​ត្រូវបាន​ប្រកាស​ដក​ដំណែង​នៅក្រោយពេល​តុលាការ​ចាប់ខ្លួន​) នៅ​រសៀល​ថ្ងៃទី​២៧ ខែមេសា ខាងមុខ​នោះ ក្រុម​ពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន នៅ​ខេត្តកំពត និង​ដើមបណ្ដឹង​ផង​បានផ្តល់​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ចំពោះ​តុលាការ​ថា​នឹង​អាច​ផ្តល់​យុត្តិធម៌​​​ឲ្យ​ពួកគាត់​ជា​ជនរងគ្រោះ​។​

ជនជាប់ចោទនាពេលកន្លងទៅ(រូបឯកសារ)

​សូមបញ្ជាក់ថា​កាលពី​ព្រឹក​ថ្ងៃទី​១២​ខែមេសា​ឆ្នាំ​២០១៨​កន្លងទៅ​លោក​កូយ​សៅ​ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក ចែ សុង ជា​តំណាង​អយ្យការ​សវនាការ បាន​បើកសវនាការ ជំនុំជម្រះ​ទោស ជនជាប់ចោទ ទី​១​ឈ្មោះ ស៊ុន សៀង ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ មុខរបរ ជា​មន្ត្រី​កង​អង្គរក្ស និង​ទី​២​ឈ្មោះ ហេង សាន ភេទ​ប្រុស អាយុ ៤៥ ឆ្នាំ ជា​អតីត​សមាជិក​ក្រុមប្រឹក្សាឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត ចំនួន ០២​សំណុំរឿង​៖

-​សំណុំរឿង​ទី​១៖ ពីបទ ឆបោក ប្រាក់​ថ្លៃ​កក់​ដី ចំនួន ៥​ម៉ឺន​ដុល្លារ​ប្រព្រឹត្ត​កាលពី​អំឡុង​ឆ្នាំ​២០១៣​នៅ​រាជធានី​ភ្នំពេញ យោងតាម​មាត្រា ៣៧៧ និង​មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ ដែល​អាច​ប្រឈម​នឹង​ការផ្តន្ទាទោស ដាក់ពន្ធនាគារ ពី ៦​ខែ ទៅ​៣​ឆ្នាំ​។​

-​សំណុំរឿង​ទី​២ មាន​ចំនួន ០៣ បទចោទប្រកាន់ ៖ ទី​១​ពីបទ ក្លែងបន្លំ ស្នាម​មេដៃ​ពលរដ្ឋ​ហត្ថលេខា​និង​ត្រា​អាជ្ញាធរ នៅ​ខេត្តកំពត​យោងតាម​មាត្រា​មាត្រា​៦២៦​និង​មាត្រា​៦២៧​នៃ​ក្រមព្រហ្មទណ្ឌ​ដែល​អាច​ប្រឈម​នឹង​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី ១​ឆ្នាំ ទៅ​៣​ឆ្នាំ​, ទី​២​ពីបទ ប្រើប្រាស់​លិខិត​ក្លែង យោងតាម​មាត្រា ៦២៨ នៃ​ក្រមព្រហ្មទណ្ឌ ដែល​អាច​ប្រឈម​នឹង​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ​និង​ទី​៣​ពីបទ​ឆបោក​ប្រព្រឹត្ត​កាលពី​អំឡុង​ឆ្នាំ​២០១៣​នៅ​រាជធានី​ភ្នំពេញ​យោងតាម​មាត្រា​៣៧៧​និង​មាត្រា​៣៧៨​នៃ​ក្រមព្រហ្មទណ្ឌ​ដែល​អាច​ប្រឈម​នឹង​ការផ្តន្ទាទោស ដាក់ពន្ធនាគារ ពី ៦​ខែ ទៅ​៣​ឆ្នាំ​។​

​នៅក្នុង​សវនាការ​កាលពី​ព្រឹក​ថ្ងៃទី​១២​ខែមេសា​កន្លងទៅ​ជនជាប់ចោទ​ទាំង​២​នាក់​បាន​បដិសេធថា​ពួកគេ​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​រប​ស់​តុលាការ​នោះទេ​។​ដោយ​ពួកគេ​បាននាំគ្នា​ឆ្លើយ​ដាក់ឈ្មោះ​នាក់​វិចិត្រ​ដែល​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ​បាត់ទៅហើយ ឲ្យ​មក​ទទួលខុសត្រូវ ចំពោះមុខ​ច្បាប់​ជំនួស​ពួកគេ ដែលជា​មនុស្ស​រស់​។​

​បើទោះជា​ក្រុម​ជនជាប់ចោទ​បាន​បដិសេធ និង​ច្រាន​ឲ្យ​ខ្មោច​មក​ទទួលខុសត្រូវ​ជំនួស​យ៉ាងណាក្តី​ក៏​នៅក្នុង​សវនាការ គេ​មិនឃើញ​មាន​សាក្សី​ឬ​ភស្តុតាង​ដោះ​បន្ទុក​ដែល​ក្រុម​ជនជាប់ចោទ​អាច​យកមក​បង្ហាញ​តុលាការ​និង​សាធារណជន​ឲ្យ ជឿជាក់​លើ​ការអះអាង​របស់​ពួកគេ ថា​ជា​ការពិត​នោះទេ​។

​បើ​យោងតាម កំណត់ហេតុ​ធ្វើ​កោសល​វិ​ច្ច័​យ របស់​សមត្ថកិច្ច​ជំនាញ នៃ​អគ្គស្នងការ​នគរបាល​ជាតិ បានបញ្ជាក់​ជូន តុលាការ​យ៉ាងច្បាស់​ថា ឯកសារ ទិញ​លក់​ដី​នៅ​ខេត្តកំពត ដែល​ជនជាប់ចោទ​ឈ្មោះ ស៊ុន សៀង និង​ឈ្មោះ ហេង សាន យកទៅ​ប្រើប្រាស់ ដើម្បី​ឆបោក ជនរងគ្រោះ​នោះ គឺ​ពិតជា​បាន​ក្លែងបន្លំ​ស្នាម​មេដៃ​ពលរដ្ឋ​ជា​ម្ចាស់​ដី ហត្ថលេខា និង​ត្រា​អាជ្ញាធរ​មូលដ្ឋាន ប្រាកដ​មែន​។

​ដោយឡែក​ក្រុម​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​ទាំងពីរ​នាក់​ដែល​ទើបតែ​ត្រូវបាន​សាច់ញាតិ​ជនជាប់ចោទ​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រឿង​ស៊ីដាច់​លុយ​រត់ការ​ដោះលែង ២៥០០០​ដុល្លារ​នោះ បាន​ថ្លែង​ការពារ​ថា កូនក្តី​ពួកលោក​ជា​មនុស្ស​ល្អ​ត្រឹមត្រូវ​មិនបាន​ក្លែងបន្លំ​ស្នាម​មេដៃ​ហត្ថលេខា​និង​ត្រា​អាជ្ញាធរ​ដើម្បី​បង្កើត​លិខិត​ទិញ​លក់​ដី​ក្លែងក្លាយ​យកទៅ​បោកប្រាស់​ជនរងគ្រោះ​ដូច​តុលាការ​ចោទប្រកាន់​នោះទេ​។​ក្រុម​មេធាវី​ការពារ​ជនជាប់ចោទ​បាន​បន្ថែម​ថា​កូនក្តី​លោក​មាន​ដី​ប្រគល់ជូន​ជនរងគ្រោះ​គ្រប់​ចំនួន​តាម​ការព្រមព្រៀង​គ្នា អត់​មាន​បោក​ទេ​។​

​ចំណែក​ក្រុម​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនរងគ្រោះ​បានបញ្ជាក់​ក្នុង​អង្គ​សវនាការ​ថា​ជនជាប់ចោទ​ពិតជា​បាន​ឆបោក​លុយ​កូនក្តី​ពួកលោក​ជាច្រើនលើក​ច្រើនសារ ដោយ​គ្មាន​ដី​ប្រគល់​ឲ្យ កូនក្តី​ពួកលោក​ដូច​ការលើកឡើង​ឡើយ​។​

​ក្រុម​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនរងគ្រោះ បានស្នើ​សុំ​ឲ្យ​តុលាការ​ប្រកាស​សាលក្រម​ចាត់​របៀប​លើ​សំណុំ​រឿងនេះ ដើម្បី​បើក​ការ​ស៊ើបសួរ​បន្ថែមទៀត និង​ចុះទៅ​មើល​ទីតាំង​ដី​ជាក់ស្តែង​ថា​តើ ដី​ដែល​ជនជាប់ចោទ​អះអាង​នោះ ជនរងគ្រោះ​ជា​អ្នកកាន់កាប់ ឬ​ជា​ដី​របស់​ប្រជាពលរដ្ឋ​កំពុង​កាន់កា​ប់​។

​គួររំលឹកថា​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ក្រសួងមហាផ្ទៃ​បាន​ឃាត់ខ្លួន​ជនជាប់ចោទ​ទាំង​២​នាក់​ខាងលើនេះ​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៨ ដោយ​ធ្វើឡើង​តាម​ដីកា បង្គាប់​ឱ្យ​នាំ​ខ្លូន លេខ ១០០៦ “​ឃ​១” ដ​.​ច​.​ន ចុះ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៧ និង ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​លេខ ១០០៧ “​ឃ​១” ដ​.​ច​.​ន ចុះ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៧ របស់លោក​វ៉ាន់​សែន​វិសុទ្ធ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​កក់​របស់​ដើមបណ្តឹង​ចំនួន ៥០.០០០​ដុល្លារ យកទៅ​ទិញ​ដី​ចំនួន ៦០០០​ហិកតា នៅក្នុង​ខេត្តកំពត តែ​គ្មាន​ដី​ឱ្យ​ដើមបណ្តឹង​៕​មន​

ទីតាំងផ្សាយពាណិជ្ជកម្ម