បរិយាយ​លេខ​នេះ​៖ ឆ្មា​ស ឆ្មា​ខ្មៅ មិន​សំខាន់ សំខាន់​ឲ្យ​តែ​ចាប់​កណ្តុរ​បាន​!

ដោយៈ ម៉េង​ឆៃ / ភ្នំពេញៈ កាលពី​យប់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ប្រទេស​ចិន បានសម្រេច​ផ្តល់ ឲ្យ​កម្ពុជា​នូវ វ៉ាក់សាំង​កូ​វីដ ១៩ ចំនួន ១ លាន​ដូ​ស សម្រាប់​ចាក់​ឲ្យ​ប្រជាជន​កម្ពុជា ដោយ​ឥតគិតថ្លៃ ចំនួន ៥០ ម៉ឺន​នាក់​។

​សម្តេច​តេ​ជោ បញ្ជាក់ថា អ្នក​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង ស៊ី​ណូ​ហ្វា​ម របស់​ចិន មុនគេ គឺ​សម្តេច រួម​នឹង​អ្នក​នៅ​ជុំវិញ សម្តេច​ផ្ទាល់ ជុំវិញ​ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និង​ប្រធានរដ្ឋសភា ជាដើម​។ បន្ទាប់មក ខ្សែត្រៀម​ជួរមុខ គឺ​ក្រុមគ្រូពេទ្យ គ្រូបង្រៀន កងកម្លាំង​គ្រប់​ប្រភេទ មន្ត្រី​យុត្តិធម៌ អ្នក​បោសសម្អាត អ្នករត់ម៉ូតូឌុប ម៉ូតូ​កង់​បី និង​អ្នករត់​តាក់ស៊ី ជាដើម​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​គូសបញ្ជាក់ថា វ៉ាក់សាំង​របស់​ចិន​នេះ នឹងត្រូវ​ចាក់​ជូន​ប្រជាជន​កម្ពុជា ដោយ​ឥតគិតថ្លៃ និង​ដោយ​ស្ម័គ្រចិត្ត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា កន្លងមក សម្តេច​បានប្រកាសថា កម្ពុជា​ទទួល​យកតែ​វ៉ាក់សាំង​ណា ដែល​អង្គការ​សុខភាព​ពិភពលោក ប្រកាស​ទទួលស្គាល់​ប៉ុណ្ណោះ​។ ប៉ុន្តែ​មកដល់ពេលនេះ សម្តេច​អះអាងថា អង្គការ​សុខភាព​ពិភពលោក មិនទាន់​ប្រកាស​ទទួលស្គាល់ វ៉ាក់សាំង​របស់ ក្រុមហ៊ុន​ណាមួយ​នៅឡើយ​ទេ​។​

​ម្យ៉ាងទៀត នៅពេលនេះ សម្តេច ហ៊ុន សែន បាន​គូសបញ្ជាក់ថា កម្ពុ​ជាមាន​ភាពចាំបាច់ ត្រូវតែ​ទទួលយក​វ៉ាក់សាំង​កូ​វីដ​១៩ របស់​ក្រុមហ៊ុន​ចិន គឺ​ស៊ី​ណូ​ហ្វា​ម ដើម្បី​ចាក់​ជូន​ប្រជាជន​កម្ពុជា ខណៈដែល​វ៉ាក់សាំង​របស់​ចិន​នេះ ត្រូវបាន​ចាក់​ជូន​មេដឹកនាំ​ចិន យូរ​ខែ​ណាស់​មកហើយ និង​ប្រើប្រាស់ នៅ​ប្រទេស​ជាច្រើន ក្នុងនោះ មាន​ទាំង​ចិន និង​ប្រទេស​ឥណ្ឌូនេស៊ី ជាដើម​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា យើង​មិនអាច​រង់ចាំ​តទៅទៀត​ទេ ដោយសារតែ​ភាពចាំបាច់​ក្នុង​កិច្ចការពារ​សុខភាពរ​បស់​ប្រជាជន​កម្ពុជា​យើង ព្រោះ​ប៉ុន្មាន​ថ្ងៃនេះ មាន​ករណី​ឆ្លង​កូ​វីដ​១៩ ច្រើន គឺ​កាលពី​ទី​១៤​មករា ឆ្លង ១៥​នាក់ ហើយ​នៅ​ថ្ងៃទី​១៥​មករា ពលករ​ខ្មែរ​យើង មកពី​ថៃ ឆ្លង​ដល់​ទៅ ១០​នាក់​ទៀត​។​

​សម្តេច​តេ​ជោ ក៏បាន​បន្តថា វ៉ាក់សាំង​របស់​ចិន គឺ​ងាយស្រួល ក្នុងការ​រក្សាទុក ហើយក៏​ងាយស្រួល ក្នុងការ​ដឹកនាំ​ជញ្ជូន​ពី​ចិន មក​កម្ពុជា​។ កម្ពុជា ដែល​បន្ទាប់ពី ទទួល​វ៉ាក់សាំង ដោយ​ឥតគិតថ្លៃ​ពី​ចិន ចំនួន ១ លាន​ដូ​ស​នេះហើយ កម្ពុជា នឹង​ទិញ​វ៉ាក់សាំង កូ​វីដ​បន្ថែម​ពី​ចិន ឬក៏​ពី​ក្រុមហ៊ុន​វ៉ាក់សាំង ប្រទេស​ដទៃ​ណា​ទៀត សម្រាប់​ចាក់​ជូន​ប្រជាជន​កម្ពុជា ឲ្យ​បាន​យ៉ាងហោចណាស់ ១០ លាន​នាក់ ទៅ ១៣ លាន​នាក់ តាម​ការគ្រោងទុក​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​អរគុណ ដល់​មេដឹកនាំ​ចិន ដែល​បានសម្រេច​ផ្តល់ជំនួយ ជា​វ៉ាក់សាំង​ដល់​កម្ពុជា នាពេលនេះ​។​

​ទន្ទឹមនឹងនេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ប្រកាស​អំពាវនាវ ជាថ្មីទៀត ដល់​ប្រជាជន​កម្ពុជា ឲ្យ​បន្ត​វិធានការ ការពារ​កូ​វីដ​១៩ តាមរយៈ ៣ ការពារ និង ៣ កុំ ឲ្យ​បាន​ជាប់​ជានិច្ច ទោះជា​ពេលនេះ យើង​នឹង​ទទួលបាន​វ៉ាក់សាំង ពី​ចិន​ក៏ដោយ​។

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​បញ្ឈប់ ទទួលយក​ជំនួយ​ពី​សប្បុរសជន សម្រាប់​ទិញ​វ៉ាក់សាំង ផងដែរ​។​

​ជំនួយ​របស់​ចិន ជា​វ៉ាក់សាំង ១​លាន​ដូ​ស នាពេលនេះ មិនមែនជា​លើក​ទី​១ ហើយក៏​មិនមែន ជា​លើកចុងក្រោយ​ដែរ​។ ចំណងមិត្តភាព និង​ការទូត​រវាង​កម្ពុជា និង​ចិន ត្រូវបាន​បង្កើតឡើង តាំងពី​ជំនាន់​សម្តេច​តា សម្តេចព្រះ នរោត្តម សីហនុ ហើយ​បាន​បន្ត​ពូន​ជ្រុំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន រហូត​ក្លាយជា​មិត្ត​ដែកថែប និង​ទំនាក់ទំនង​ការទូត គ្រប់​ជ្រុងជ្រោយ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន កាលពីដើម​ខែកុម្ភៈ ឆ្នាំ​២០២០ គឺ​នៅ​គ្រា​ដែល​ចិន កំពុង​រងគ្រោះ ដោយ​ការឆ្លង​រាតត្បាត ជំងឺ​កូ​វីដ​១៩ គឺ​សម្តេច​នេះឯង ដែល​បាន​ទៅកាន់​ទឹកដី​ចិន ដោយ​មិន​ស្ទាក់ស្ទើរ ដើម្បី​លើកទឹកចិត្ត​មិត្ត​ចិន ឲ្យ​បន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​ដ៏​កាច​សាហាវ​។​

​បន្ទាប់មក​ជំនួយ​របស់​ចិន ផ្នែក​វេជ្ជសាស្ត្រ រួមទាំង​ម៉ាស​របស់​ចិន​ជាច្រើន ត្រូវបាន​ចិន​ផ្តល់​ឲ្យ​កម្ពុជា ជា​បន្តបន្ទាប់ ដោយ​ចិន​មាន​ទាំង​បញ្ជូន ក្រុមគ្រូពេទ្យ​ជំនាញ មកជួយ​កម្ពុជា ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល ជំងឺ​កូ​វីដ​១៩ ថែមទៀត​។​

​និយាយ​ពី​វ៉ាក់សាំង​កូ​វីដ​១៩ នៅលើ​ពិភពលោក គឺ​រហូតមក​ដល់ពេលនេះ ទាំង​អង់គ្លេស ទាំង​អាមេរិក រួមទាំង​រុស្ស៊ី ជាដើម សុទ្ធតែ​រកឃើញ​វ៉ាក់សាំង ដោយ​ជោគជ័យ​។ ប៉ុន្តែ​កុំ​ថា ឡើយ​ផ្តល់ជំនួយ​ដល់​កម្ពុជា សូម្បីតែ​កម្ពុជា បញ្ជា​ទិញ តាម​យន្តការ Covax របស់​អង្គការ​សុខភាព​ពិភពលោក ក៏​កម្ពុជា មិនអាច​ទទួលបាន វ៉ាក់សាំង​កូ​វីដ​នោះ សូម្បី​តែមួយ​អំពូល​ឡើយ​។​

​ដូច្នេះ​ពេលនេះ ចង់​មិន​ចង់ ក្នុងពេល​មិត្ត​ចិន ឲ្យ​ដោយ​មិន​គិតថ្លៃ ថែមទៀត​នោះ ហេតុអ្វី​ក៏​កម្ពុជា មិន​ទទួលយក បើ​សូម្បីតែ​មេដឹកនាំ​ចិន ពិសេស​លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស​ចិន ក៏បាន​ចាក់​វ៉ាក់សាំង​នេះ យូរ​ខែ​មកហើយ ដោយ​បន្ត​មាន សុខ​ភាពល្អ​ធម្មតា​។ ចំណែក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ក៏​ចាប់ផ្តើម​ចាក់ វ៉ាក់សាំង​នេះដែរ មុននឹង​ឥណ្ឌូនេស៊ី ចាក់​ឲ្យ​ប្រជាជន រាប់លាន នាក់​ផ្សេងទៀត​។​

​ជា​សរុបទៅ នៅពេលនេះ សម្តេច​តេ​ជោ ហ៊ុន សែន មិន​គិតថា ឆ្មា​ស ឬ​ជា​ឆ្មា​ខ្មៅ​ទេ ឲ្យ​តែ​ឆ្មា​នោះ អាច​ចាប់​កណ្តុរ​បាន​។ នេះ​ជា​អ្វីដែល​សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​យើង បាន​ប្រកាន់យក ក្នុងការ​ដឹកនាំ​កម្ពុជា ដើម្បី​ប្រយោជន៍​ជាតិ មាតុភូមិ និង​ដើម្បី​តែ​សេចក្តីសុខ​របស់​ប្រជាជន​កម្ពុជា​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular