ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
ចារ
កិរិយាសព្ទ
ធ្វើរបងទាបដោយដោតចម្រឹងឲ្យជាចារឹក
ចារចំណារ ។
សរសេរដោយដែកចារ ចារសាស្ដ្រា ។
នាមសព្ទ
ឈ្មោះឈើមានផ្កាសម្បុរក្រហម ក្លិនឆ្អាប
ដើមចារ, ផ្កាចារ ។
ចារចែង
កិរិយាសព្ទ
និយាយថ្លែងសេចក្ដី, ថ្លែងការណ៍ក្បោះក្បាយ ដោយពង្រីកសេចក្ដី ឲ្យទូលំទូលាយងាយស្ដាប់ងាយយល់
ខ្ញុំសូមចារចែងថ្លែងពីធម៌ ដ៏បវរលើសលែងក្នុងលោកា ដែលព្រះសម្ពុទ្ធទ្រង់ទេសនា ឲ្យជននានាប្រព្រឹត្តតាម . . . ។
ចារិក
នាមសព្ទ
(សំ. បា.) ទីដែលជាទីត្រាច់ទៅឬជាទីត្រាច់មក
ទៅកាន់ចារិកនៃខែត្រ ។
ពុទ្ធចារិក (ពុត-ធៈ–) ទីដែលព្រះពុទ្ធទ្រង់ស្ដេចទៅឬស្ដេចមក ។ល។
ចារឹក
កិរិយាសព្ទ
ចារ, សរសេរ កត់
ខ្មែរក្នុងបុរាណសម័យ បានចារឹកប្រវត្តិនៃសិលាប្រាសាទថ្មនានាច្រើនតំបន់ ។
នាមសព្ទ
អ្វីៗ មានផ្ទាំងថ្មជាដើម ដែលមានអក្សរជាសម្គាល់
គោលចារឹកព្រំដែន; សិលាចារឹក; មានចារឹកជាគ្រឿងសំគាល់ ។ ល ។
ចារុ៍
(ចា)
នាមសព្ទ
(បា. ចារុ; សំ. ចារុ ឬ ចារូ ន. “មាស”; គុ. “ល្អ, ថ្លៃថ្លា”) បំពង់ ឬ ឡតតូចៗ ធ្វើដោយមាសឬប្រាក់ ដោតនឹងខ្សែអំបោះឬខ្សែសូត្រឲ្យធំល្មមស៊កចារុ៍នោះបាន ខ្សែនោះច្រើនតែមានពណ៌ក្រហម សម្រាប់ពួកស្ដ្រីក្នុងកម្ពុជរដ្ឋ ពី កាលបុរាណសម័យពាក់ជាគ្រឿងសម្អាងកាយ (ត្រូវគ្នានឹងខ្សែខ្លួនក្នុងសម័យសព្វថ្ងៃនេះ)
ចារុ៍មាស, ចារុ៍ប្រាក់, ពាក់ចារុ៍ ។