Home ព័ត៌មានសំខាន់ៗ ភ្នំ​យាយសំ នៃ...

ភ្នំ​យាយសំ នៃ​អតីត​តំបន់​ជម្រក​សត្វព្រៃ ម៉ាឡៃ មាន​ថ្ម​ដូច​ទំពាំង​ឫស្សី ឬ​កូន​នាគ គួរឱ្យ​ចង់​ទស្សនា​

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ ភ្នំយាយឬដូនសំនៃ​អតីត​តំបន់​ជម្រក​សត្វព្រៃ ម៉ាឡៃ ឬ​ជា​អតីត​តំបន់​ព្រៃ​គប់ ដែល​បើ​ដើរ​ឆ្លងកាត់​មើល​ថ្ងៃ មិនឃើញ ហើយ​ជា តំបន់​គ្រុនចាញ់​នោះ ឥឡូវនេះ បាន​ស្ទើរ​អស់​ព្រៃ​ទៅហើយ​ប៉ុន្តែ​បើ​លោកអ្នក បានឮ​ឈ្មោះ ហើយ​មិនបាន​ទៅ​ទស្សនា ពិតជា​គួរឱ្យ​ស្តាយ​ណាស់​។ នោះ​គឺ លោកអ្នក នឹង​បាន​ទស្សនា នូវ​កញ្ចុំ​ដុំថ្ម រាង​ដូច​ទំពាំង​ឫស្សី ឬ​អ្នកស្រុក ហៅថា ថ្ម​ទំពាំង ឬ ទំពាំង​ថ្ម , ខ្លះ​ថា​ដូច​កូន​នាគ គួរអោយ​ចង់​ទស្សនា​។ នេះ​បើតាម ក្រុមការងារ បេ​តិក​ភ័​ណ្ឌ ប្រចាំថ្ងៃ (Herotage Diary) បាន​ថត ស្រាវជ្រាវ កាលពី​ថ្មីៗ​នេះ ហើយ​បាន​ផ្សព្វផ្សាយ ជា​សាធារណៈ​។​

​ក្រុមការងារ នៃ​បេ​តិក​ភ័​ណ្ឌ​ប្រចាំថ្ងៃ ដែលជា​អ្នកស្រាវជ្រាវ ប្រវត្តិ​ភ្នំ តំបន់ និង​កន្លែង​ទេសចរណ៍​នានា បានអោយដឹង កាលពី​ថ្ងៃទី​១៥ ខែមករា​ថាៈ មានរឿង​រ៉ាវ មួយចំនួន ពាក់ព័ន្ធ​នឹង​បារមី នៅ​ភ្នំយាយសំនេះ​។

​ព្រះចៅអធិការ វត្ត​គិរី​សម​ស័​ក្ត (​ភ្ភ្នំយាយសំ) នៅ​ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ បាន​មាន​សង្ឃដីកា​ឱ្យដឹងថាៈ ព្រះអង្គ ធ្លាប់​ចាំ​ឃ្លាំមើល ឬ​លប​មើលថា តើ​មាន​អ្នកណា ឱ្យ​ប្រាកដ ឬ​មាន​មនុស្ស ឬ​ភាវៈ​អ្វី ដែល​បោសសំអាត ស្លឹកពោធិ៍​នៅលើ​ភ្នំ​។ ព្រះអង្គ បាន​បន្តថាៈ ជា​លទ្ធផល គឺ​មិនឃើញ​មនុស្ស សត្វ ឬ​ភាវៈ​អ្វី​ជាក់ស្តែង​ទេ ហេតុនេះ នោះ​ជា​បារមី​ហើយ ។​

​ចៅអធិការ​អង្គ​នោះ បាន​បង្ហើប​ថាៈ រឿងនេះ ការ​ស្នង​រូប (​ផ្លូវ​ក្នុង / ជំនឿ​ផ្លូវ​ងងឹត​) គឺ​គេ​ឃើញ​មាន​ប្រាសាទ លើ​កំពូលភ្នំ មាន​លក្ខណៈ ដូចជា​ទីលាន​ប្រជុំ​ទ័ព កាលសម័យ ព្រះអង្គ​ច័ន្ទ​រាជា ក្នុង​ប្រវត្តិសាស្ត្រ ធ្វើ​ចម្បាំង​នឹង​ពួក​សៀម នៃ​អាណាចក្រ​ថ្មី ដែល​កើត​ពី​ជន​ចំណាកស្រុក​ចិន ពី​ខេត្ត​យូ​ណាន ហើយ​តាំងខ្លួន លើ​ទឹកដី​ថ្មី នៅ​តំបន់ត្រីកោណមាស ថា​ស្យាម ឬ​សៀម​នោះ ។

​ចំណែក​ក្រុមការងារ នៃ​បេ​តិក​ភ័​ណ្ឌ​ប្រចាំថ្ងៃ បាន​បន្តថាៈ នៅលើ​ទីតាំង​គ្រឹះ​ប្រាសាទ អតីត​ទាហាន ឧទ្ទាម​ខ្មែរក្រហម បាន​យក​គ្រឿងចក្រ ឈូស​ទៅ​គាស់​កាយ ដើម្បី​កសាង ទីតាំង​កាំភ្លើង​ធំ គាំទ្រ ការពារ​ការវាយលុក ពី​ទាហាន​ស្ម័គ្រចិត្ត វៀតណាម និង​ទាហាន​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​រដ្ឋ​កម្ពុជា​។ នៅត្រង់​នោះ ជា​ទួល​មាន​រៀប​ថ្ម បន្តុប​លើ​គ្នា​ជា​ខឿន ហើយ​បច្ចុប្បន្ននេះ លើ​ទួល​នោះ មាន​អាស្រម​តម្កល់​រូបសំណាក​ព្រះ​មាតា​។ នៅ​ជិត​នោះ មាន​ស្រះ​ទឹក រីង​ខះ​មួយ ដែលជា​អតីត​ទី​ស្តុក​ទឹក សម្រាប់​ផ្គត់ផ្គង់​កងទ័ព នៅ​តំបន់ភ្នំ​យាយ​សម ភ្នំ​មេ​ល័យ (​ឥឡូវ​ហៅ ម៉ាឡៃ​)​។ មាន​ផ្ទាំង​ថ្ម​ធំៗ ផុស​ដោយ​ធម្មជាតិ ដែលមាន​រូបរាង ដូច​សត្វ​នាគ​។ ភ្នំ​យាយ​សំវែង ហើយ​មាន​ល្អាង​ច្រើន ដែល​ទាមទារ​ការសិក្សា​បន្ថែម​។

​ក្រុមការងារ​បេ​តិក​ភ័​ណ្ឌ ប្រចាំថ្ងៃ (Herotage Diary) បាន​ថត ស្រាវជ្រាវ កាលពី​ថ្មីៗ​នេះ ប្រភព​បាន​បន្តថាៈ ពីលើ​កូនភ្នំ​នេះ លោកអ្នក អាច​មើលឃើញ ទិដ្ឋភាព​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​, ឃើញ​ភ្នំ​បារាំង​ធ្លាក់ ស្រុក​សំពៅ​លូន និង​កូនក្រុម​កូនភ្នំ​មេ​ល័យ ក៏ដូចជា ទឹកដី​ថៃ នៅ​ម្ខាង​អូរ​ព្រំដែន ។ បច្ចុប្បន្ន នៅ​ជើងភ្នំ អ្នកស្រុក ធ្លាប់បាន​ជីក​កាយ​ដី ឃើញ​វត្ថុ​បុរាណ (​កុលាលភាជន៍ និង​ចម្លាក់​ព្រះពុទ្ធ​បដិមា ធ្វើ​អំពី​ថ្ម​)​។

​សូម​រំលឹកថា កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ រាជរដ្ឋាភិបាល បាន​ឯកភាព​តាម​សំណើ របស់​ក្រសួងបរិស្ថាន បានចេញ​ច្បាប់ បង្កើត​តំបន់​បេតិកភណ្ឌ ធម្មជាតិ ភ្នំ​យាយ​សំ សម្រាប់​ជា​ប្រយោជន៍ មនុស្ស​ជំនាន់​ក្រោយ​៕/V​/សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular