Home ព័ត៌មានសំខាន់ៗ ​រដ្ឋាភិបាល​អ...

​រដ្ឋាភិបាល​អាមេរិក ផ្តល់ជំនួយ​ដល់​មូលនិធិ ប្រាសាទ​ពិភពលោក និង​អាជ្ញាធរ​ជាតិ​ព្រះវិហារ សម្រាប់​ការអភិរក្ស​វប្បធម៌​

​ដោយៈ សុផល / សៀមរាបៈ ស្ថានទូត​អាមេរិក នៅ​រាជធានី​ភ្នំពេញ បានប្រកាស​ក្នុង​ពិធី​ចុះហត្ថលេខា នា​ថ្ងៃនេះ នូវ​ជំនួយ​ពី​រដ្ឋាភិបាល សហរដ្ឋអាមេរិក ដើម្បី​រួមចំណែក យ៉ាងសំខាន់ ក្នុង​ការជួយ​អភិរក្ស វប្បធម៌​ប្រាសាទ មាន តម្លៃ​របស់​កម្ពុជា គឺ​ប្រាសាទព្រះវិហារ និង​ប្រាសាទភ្នំបាខែង​។​

​ជំនួយ​ទាំងនេះ ទទួលបាន​មកពី មូលនិធិ​ឯកអគ្គរដ្ឋទូត សម្រាប់​ការអភិរក្ស​វប្បធម៌ (AFCP) ជា​កម្មវិធី​ជំនួយ​មួយ របស់​ក្រសួងការបរទេស សហរដ្ឋអាមេរិក​។ លោក​ឯកអគ្គរដ្ឋទូត W. Patrick Murphy និង​លោកស្រី បណ្ឌិត ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម ជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា នៅលើ​ភ្នំ​បាខែង ទឹកដី​ខេត្តសៀមរាប នា​រសៀល​ថ្ងៃទី​១៦ ខែមករា នេះ​។​

រដ្ឋាភិបាល​អាមេរិក ផ្តល់ជំនួយ​ដល់​មូលនិធិ ប្រាសាទ​ពិភពលោក និង​អាជ្ញាធរ​ជាតិ​ព្រះវិហារ សម្រាប់​ការអភិរក្ស​វប្បធម៌​

​ស្ថានទូត​សហរដ្ឋអាមេរិក នៅ​ភ្នំពេញ បានអនុម័ត​លើ​ជំនួយ ជា​ថវិកា​ចំនួន ១២ ម៉ឺន​ដុល្លារ ជូន​ដល់​អាជ្ញាធរ​ជាតិ​ព្រះវិហារ ដើម្បី​អភិរក្ស​ជណ្តើរ​ខាងជើង នៃ​ប្រាសាទព្រះវិហារ ដែល​ត្រូវបាន​សាងសង់ នៅ​សតវត្ស​ទី ១១ ។ ជំនួយ​នេះ នឹងត្រូវ​ប្រើ​ផងដែរ សម្រាប់​ជួសជុល​ឡើងវិញ នូវ​ប្រព័ន្ធ​បង្ហូរទឹក សម័យបុរាណ នៅ​សងខាង នៃ​ជណ្តើរ​នោះ​។​

​កិច្ចព្រមព្រៀង​មួយទៀត ក្នុង​ទឹកប្រាក់​ចំនួន ៣០ ម៉ឺន​ដុល្លារ ត្រូវ​ផ្តល់ជូន មូលនិធិ​ប្រាសាទ​ពិភពលោក (WMF) សម្រាប់​បន្តការងារ​អភិរក្ស ក្នុងដំណាក់កាល​ទី​៥ នៃ​គម្រោង នៅ​ប្រាសាទភ្នំបាខែង ក្នុង​សៀមរាប សម្រាប់​រយៈពេល ២៤ ខែ រហូតដល់​ឆ្នាំ ២០២២​។ គម្រោង​នេះ នឹង​ដំណើរការ​ទៅ ក្នុង​បរិបទ នៃ​ទំនាក់ទំនង រយៈពេល​យូរ របស់​អង្គការ WMF ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​។​

រដ្ឋាភិបាល​អាមេរិក ផ្តល់ជំនួយ​ដល់​មូលនិធិ ប្រាសាទ​ពិភពលោក និង​អាជ្ញាធរ​ជាតិ​ព្រះវិហារ សម្រាប់​ការអភិរក្ស​វប្បធម៌​

​លោក​ឯកអគ្គរដ្ឋទូត បាន​មានប្រសាសន៍ថាៈ «​ទីតាំង​ប្រវត្តិសាស្ត្រ​ទាំង នេះ គឺជា​ចំណែក​ដែល​នៅ​ស្ថិតស្ថេរ​យូរអង្វែង នៃ​បេតិកភណ្ឌ​វប្បធម៌​យ៉ាង​ពិសេស របស់​ប្រទេស​កម្ពុជា ដែល​ត្រូវបាន​ទទួលស្គាល់ និង​ផ្តល់​តម្លៃ​នៅ ទូទាំង​ពិភពលោក​។ ខ្ញុំ​មាន​មោទនភាព​ជាខ្លាំង ក្នុងការ​ប្រកាស​ជំនួយ ជា​ថវិកា នា​ថ្ងៃនេះ ក្នុង​ភាពជា​ដៃគូ ជាមួយ​ភាគី​ពាក់ព័ន្ធ នៅ​កម្ពុជា ដោយ​ថវិកា នេះ នឹង​ជួយ​អភិរក្ស​ប្រាសាទ​ទាំងនេះ សម្រាប់​មនុស្ស ជំនាន់​ក្រោយៗ​ទៀត​»​។​

​លោកស្រី បណ្ឌិត ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​មានប្រសាសន៍ថាៈ “​ពិធី​ចុះហត្ថលេខា នៅ​ថ្ងៃ នេះ បញ្ជាក់​ពី​ការគាំទ្រ​យូរអង្វែង និង​ការប្តេជ្ញាចិត្ត យ៉ាង​មុតមាំ នៃ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក រួម​ជាមួយនឹង​សហគមន៍ អន្តរជាតិ ក្នុងការ​ការពារ អភិរក្ស និង​ជួសជុល បេតិកភណ្ឌ​វប្បធម៌ នៅ​កម្ពុជា​។ ខ្ញុំ​ជឿថា ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ដែល​ឈរលើ​គុណ​តម្លៃ​រួម រវាង​ប្រទេស​កម្ពុជា និង​រដ្ឋាភិបាល និង​ប្រជាជន​អាមេរិក នឹង​បន្ត​មាន​ភាពរឹងមាំ បន្ថែមទៀត​”​។​


រដ្ឋាភិបាល​អាមេរិក ផ្តល់ជំនួយ​ដល់​មូលនិធិ ប្រាសាទ​ពិភពលោក និង​អាជ្ញាធរ​ជាតិ​ព្រះវិហារ សម្រាប់​ការអភិរក្ស​វប្បធម៌​
Bénédicte de Montlaur ជា​ប្រធាន និង​នាយិកា​ប្រតិបត្តិ WMF បាន​ថ្លែងថាៈ “​យើង​មានចិត្ត​រំភើប​រីករាយ ក្នុងការ​បន្តការងារ រយៈពេល​ជាង ៣ ទសវត្សរ៍ ក្នុងការ​គ្រប់គ្រង និង​ថែរក្សា​តំបន់​ឧទ្យាន​បុរាណ​អង្គរ ដើម្បី​ធ្វើ​ការងារ​អភិរក្ស​ប្រាសាទ​ទាំង នេះ បន្ត​អប់រំ និង​ធ្វើ ឲ្យ​ពិភពលោក​បានដឹង​ឲ្យ​ទូលំទូលាយ​។ យើង​សូម​អរគុណ​ដល់ ស្ថាន ទូត​សហរដ្ឋអាមេរិក នៅ​ភ្នំពេញ ដែល​បានផ្តល់​ការគាំទ្រ ក្នុងការ​អភិរក្ស​ប្រាសាទភ្នំបាខែង ដែល​យក​ជា​ប្រាសាទ​ជា​ស្នូល ក្នុងការ​អភិវឌ្ឍ​នូវ​សិល្បៈ និង​ការផ្សព្វផ្សាយ នូវ​ទស្សនៈ​របស់ ខ្មែរ​”​។​

​មូលនិធិ​ឯកអគ្គរដ្ឋទូត សម្រាប់​ការអភិរក្ស​វប្បធម៌ (AFCP) ត្រូវបាន​បង្កើតឡើង ដើម្បី​ជួយ​អភិរក្ស ទីតាំង​បេតិកភណ្ឌ​វប្បធម៌ សំខាន់ៗ​។ នៅក្រោម​ជំនួយ ជា​ថវិកា ពី​មូលនិធិ​នេះ ក្រសួងការបរទេស សហរដ្ឋអាមេរិក បានផ្តល់​ថវិកា​ចំនួន​ជាង ៤ លាន​ដុល្លារ ហើយ មកដល់​ប្រទេស​កម្ពុជា ដោយ​គិតពី​ឆ្នាំ ២០០១ មក​។ រដ្ឋាភិបាល សហរដ្ឋអាមេរិក ថែមទាំង​បាន​ផ្តល់ជំនួយ ជា​ថវិកា​ផងដែរ សម្រាប់​អភិរក្ស ទីតាំង​បេតិកភណ្ឌ វប្បធម៌​សំខាន់ៗ ដទៃទៀត នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕/V​រដ្ឋាភិបាល​អាមេរិក ផ្តល់ជំនួយ​ដល់​មូលនិធិ ប្រាសាទ​ពិភពលោក និង​អាជ្ញាធរ​ជាតិ​ព្រះវិហារ សម្រាប់​ការអភិរក្ស​វប្បធម៌​

រដ្ឋាភិបាល​អាមេរិក ផ្តល់ជំនួយ​ដល់​មូលនិធិ ប្រាសាទ​ពិភពលោក និង​អាជ្ញាធរ​ជាតិ​ព្រះវិហារ សម្រាប់​ការអភិរក្ស​វប្បធម៌​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular