ដោយៈសុផល/ភ្នំពេញ៖ តុក្កតាខ្លាឃ្មុំ គួរឲ្យស្រឡាញ់ ពីរប្រភេទ ដែលចាក់ពីអំបោះ ដោយស្ត្រីមកពីសហគមន៍ ដែលមានជីវភាពខ្វះខាត ឥឡូវនេះ មានដាក់លក់ នៅណាហ្គាវើលដ៍ហើយ។ នេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើម “តុក្កតាខ្លាឃ្មុំនៃក្តីសង្ឃឹម” របស់ណាហ្គាវើលដ៍។ ប្រាក់ដែលបានពី ការលក់តុក្កតាខ្លាឃ្មុំ ដែលគួរឲ្យស្រឡាញ់ទាំងនោះ នឹងយកទៅឧបត្ថម្ភ ដល់ស្ត្រីសិប្បករ ព្រមទាំងស្ត្រីមេម៉ាយ ដែលរងផលប៉ះពាល់ ផ្នែកសេដ្ឋកិច្ច ពីជំងឺកូវីដ-១៩ និងឧបត្ថម្ភ សម្រាប់ការអភិរក្ស ជីវិតសត្វព្រៃ ក្នុងប្រទេសកម្ពុជាផងដែរ។
ណាហ្គាវើលដ៍ សហការនៅក្នុងគំនិតផ្តួចផ្តើមនេះជាមួយសហគ្រាសសង្គម Cambodia Knits ដែលបានធ្វើការជាមួយស្ត្រីដែលមានជីវភាពខ្វះខាតប្រមាណ ២០០ នាក់នៅក្នុង និងជុំវិញរាជធានីភ្នំពេញចាប់តាំងពីឆ្នាំ ២០០៩។ ស្ត្រីទាំងនោះ ត្រូវបានបណ្តុះបណ្តាលជំនាញចាក់វត្ថុអនុស្សាវរីយ៍ផលិតពីអំបោះដែលមានគុណភាពខ្ពស់ ស្រស់ស្អាត និងទាក់ ទាញបំផុត។ ការងារសិប្បកម្មនេះផ្តល់ជម្រើសនិងឱកាសការងារដើម្បីពួកគេអាចរកប្រាក់ចំណូលសម្រាប់គ្រួសាររបស់ពួកគេ។
តុក្កតាខ្លាឃ្មុំតូច (១៦$) និងតុក្កតាខ្លាឃ្មុំធំ (២៣$) ដែលចាក់ពីអំបោះទាំងនេះ មានដាក់ លក់រៀងរាល់ថ្ងៃនៅហាងលក់វត្ថុអនុស្សាវរីយ៍ (ជាន់ទី១ ណាហ្គាវើលដ៍ទី១)។ ប្រាក់ដែលបានពីការលក់ នឹងត្រូវបញ្ជូនត្រឡប់ទៅសហគ្រាសសង្គម Cambodia Knits វិញដើម្បីជួយដល់ស្ត្រីសិប្បករនិងឧបត្ថម្ភទៅលើការចំណាយផ្សេងៗនៃដំណើរការរបស់សហគ្រា ស និងវគ្គបណ្តុះបណ្តាលក្នុងពេលអនាគត។ ស្ត្រីមេម៉ាយនៅក្នុងសហគមន៍ក្រីក្រដែលជួបបញ្ហាហិរញ្ញវត្ថុដែលបង្កពីជំងឺកូវីដ-១៩ ក៏នឹងទទួលបានជំនួយពីការលក់នេះផងដែរ។
លើសពីនេះ ទឹកប្រាក់ ១$ ពីតុក្កតាខ្លាឃ្មុំនីមួយៗដែលត្រូវបានលក់ និង ឧបត្ថម្ភដល់អង្គការការពារជីវិតសត្វព្រៃដែលមិនរកប្រាក់ចំណេញ Free The Bears Cambodia របស់អូស្ត្រាលីដែលបាន និងកំពុងដំណើរការកន្លែងជួយសង្គ្រោះសត្វខ្លាឃ្មុំក្នុងប្រទេសកម្ពុជា។មានទីតាំងនៅក្នុងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅក្នុងខេត្តតាកែវកន្លែងជួយសង្គ្រោះនេះ ផ្តល់ទីជម្រក ចំណី និងការមើលថែរៀងរាល់ថ្ងៃដល់សត្វខ្លាឃ្មុំប្រមាណ ១២០ ក្បាលដែលត្រូវបានសង្គ្រោះពីការជួញដូរខុសច្បាប់។
នាយកគ្រប់គ្រងណាហ្គាវើលដ៍លោក Pern Chen បានឲ្យដឹងថា“តាមរយៈកម្មវិធី‘តុក្កតាខ្លាឃ្មុំនៃក្តីសង្ឃឹម’ ណាហ្គាវើលដ៍ មានគោលបំណងលើកកម្ពស់ជីវភាពរបស់ពលរដ្ឋដែលពឹងផ្អែកលើសិប្បកម្មនៅក្នុងប្រទេស។ការសហការរបស់យើងជាមួយសហគ្រាសសង្គម Cambodia Knits គឺជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមជាច្រើនរបស់យើង នឹងជាផ្នែកមួយនៃការប្តេជ្ញាបន្តបន្ទាប់របស់ណាហ្គាវើលដ៍សំដៅឆ្ពោះទៅរកការឧបត្ថម្ភគាំទ្រដល់សហគមន៍ប្រកបដោយនិរន្តរភាព និងកសាងប្រទេសកម្ពុជា”។
លោក Pern Chen បានថ្លែងបន្តថា “តុក្កតារូបខ្លាឃ្មុំដ៏ស្រស់ស្អាតទាំងនេះ ត្រូវបានចាក់យ៉ាងផ្ចិតផ្ចង់ចេញពីទឹកចិត្តស្រឡាញ់របស់ស្ត្រីសហគមន៍ដែលភ្ញៀវនិងសាធារណជនអាចជាវយកទៅគេហដ្ឋាន ឬធ្វើជាអនុស្សាវរីយ៍។ជាមួយនឹងកាយវិការនិងទឹកចិត្តសប្បុរសរបស់ភ្ញៀវដែលជួយទិញតុក្កតាខ្លាឃ្មុំ វានឹងជួយដល់គ្រួសារជាច្រើនដែលកំពុងត្រូវការជំនួយជាពិសេសនៅក្នុងពេលនៃជំងឺកូវីដ-១៩ ដ៏លំបាកនេះ។ វាក៏ជាវិធីដ៏ល្អផងដែរដើម្បីជួយដល់ជីវិតសត្វព្រៃដ៏មានតម្លៃរបស់យើងដោយប្រាក់ដែលបានពីការលក់តុក្កតា នឹងត្រូវយកទៅប្រើប្រាស់សម្រាប់កិច្ចការពារ និងអភិរក្សសត្វខ្លាឃ្មុំកម្ពុជាឲ្យរស់នៅក្នុងជម្រកធម្មជាតិរបស់វា”។
ស្ថាបនិកសហគ្រាសសង្គម Cambodia Knits អ្នកស្រីMonika Nowaczyk បាននិយាយថា “ស្ត្រីមានអំណាច និងអាចចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍របស់ពួកគេបាន។ពួកគេអាចធ្វើការវិនិយោគប្រាក់ចំណូលរបស់ពួកគេទៅក្នុងវិស័យសុខាភិបាលអប់រំ និងអនាគតរបស់គ្រួសាររបស់ពួកគេ”។
គួរបញ្ជាក់ថា ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បាន និងកំពុងធ្វើសកម្មភាពនៅក្នុងសហគមន៍ជាច្រើន ដូចជា គម្រោង ‘ធីនឆាឡេននៃកម្ពុជា’ ដែលជួយឧបត្ថម្ភដល់យុវជនរងគ្រោះឲ្យកសាងជីវិតរបស់ពួកគេឡើងវិញតាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការផ្តល់ប្រឹក្សាយោបល់ ជាដើម។ ក្នុងពេលដំណាលគ្នានេះ កម្មវិធីគម្រោង ‘Children@Risk’ ឧបត្ថម្ភដល់សិស្សដែលមានជីវភាពខ្វះខាតឲ្យបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ។
សូមរំឭកផងដែរថា ណាហ្គាវើលដ៍បេះដូងសប្បុរស បានធ្វើការឧបត្ថម្ភជាបន្តបន្ទាប់កាលពីឆ្នាំមុនដែលសរុបមានទឹកប្រាក់ជាង១១៨.០០០ដុល្លារដើម្បីជួយដល់សហគមន៍ក្រីក្រដែលទទួលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនិងការរឹតត្បិតដែលបង្កឡើងដោយជំងឺកូវីដ-១៩ ព្រមទាំងចូលរួមជួយដល់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតផងដែរ។ ការឧបត្ថម្ភរួមមានម៉ាស៊ីនធ្វើតេស្តរកមេរោគ ឧបករណ៍ធ្វើតេស្តរកមេរោគឧបករណ៍ប្រមូលសំណាកមេរោគ និងកុំព្យូទ័រយួរដៃដល់ក្រសួងសុខាភិបាល និងឧបករណ៍ការពារផ្ទាល់ខ្លួនដល់ស្ថាប័នរដ្ឋដទៃទៀត។ ទឹកប្រាក់ ៥៥.០០០ ដុល្លារអាមេរិក ក៏ត្រូវបានឧបត្ថម្ភដល់សាលារាជធានីភ្នំពេញផងដែរដើម្បីយកទិញអង្ករប្រមាណ ១០០ តោនសម្រាប់ចែកជូនដល់គ្រួសារដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ-១៩៕Ph