អាហារ ដែលងាយនឹងមានប្រតិកម្ម នឹងថ្នាំ

ដោយៈ health.com.kh: អាហារ​ដែល​យើង​ញ៉ាំ​រាល់ដង​អាច​នឹងមាន​រំខាន​ដល់​ថ្នាំ ដែល​អ្នក ញ៉ាំ​ដែរ ។ អ្នកជំងឺ​ជាច្រើន ប្រហែលជា​មិន​សម្គាល់​ដឹង​ទេ​ថា អាហារ​ផ្តល់​សុខភាព ណាមួយ អាចមាន​ផលវិបាក​ធ្ងន់ធ្ងរ នៅពេល​ញ៉ាំ​ជាមួយនឹង​ថ្នាំ ។​

​អ្នកជំនាញ​ខាង​ថ្នាំ ជាពិសេស​ឱសថការី​ទាំងឡាយ​គួរតែ​សម្គាល់​ផង​ទៅលើ​មុខងារ​របស់​ថ្នាំ ឱ្យបាន​ច្បាស់លាស់ ជាពិសេស​ការ​ប្រឈម​នឹង​ប្រតិកម្ម​នានា ជាមួយនឹង​អាហារ​ដោយ​មិន ខ្វល់​ថា​ថ្នាំ​នោះ ជា​ថ្នាំ​គ្មាន​វេជ្ជបញ្ជា ឬ​មាន​វេជ្ជបញ្ជា​ឡើយ ។​

​ខាងក្រោម​នេះ គឺជា​ថ្នាំ និង​អាហារ​ដែលមាន​ប្រតិកម្ម​នឹង​គ្នា ហើយ​មាន​គ្រោះថ្នាក់​បំផុត​មួយ ចំនួន​ដែល​ឱសថការី​ទាំងឡាយ អាចជួយ​បង្ការ​បាន ។​

អាហារ​សម្បូរ​កាល់ស្យូម និង​ថ្នាំ​ផ្សះ​
​អាហារ​ធ្វើ​ពី​ទឹកដោះគោ ដូចជា ទឹកដោះគោ យ៉ា​អួ និង​ហ្វ្រូ​ម៉ាស សុទ្ធតែ​អាច​រំខាន​ដល់​ថ្នាំ បាន​ច្រើន​ប្រភេទ ដូចជា​ថ្នាំ​ផ្សះ​ប្រភេទ Tetracycline, Doxycycline និង Ciprofloxacin ជាដើម ។​

​ថ្នាំ​ផ្សះ​ទាំងនេះ ប្រហែលជា​ទៅ​តោង​ជាតិ​កាលស្យូម​ក្នុង​ទឹកដោះគោ ដើម្បី​បង្កើតបានជា សារធាតុ​មិន​រលាយ​ក្នុង​ក្រពះ និង​ពោះវៀនតូច ផ្នែក​ខាងលើ ហើយ​រាងកាយ​ក៏​មិនអាច​បឺត ស្រូបយក​ទៅប្រើ​ប្រាស់​បាន​ដែរ ។​

អាហារ​ត្រាំ និង​ថ្នាំ​ជំងឺផ្លូវចិត្ត​ប្រភេទ MAIOs
​អាហារ​ប្រភេទ​នេះ ផ្ទុក​ទៅដោយ​សារធាតុ Tyramine ដែលមាន​ជាប់ទាក់ទង​នឹង​ការបង្កើន សម្ពាធ​ឈាម​យ៉ាង គ្រោះថ្នាក់​មួយ​លើ​អ្នកជំងឺ​ប្រើ​ថ្នាំ​ជំងឺផ្លូវចិត្ត Monoamine Oxidase Inhibitors (MAIOs) និង​ថ្នាំ​សម្រាប់​អ្នកជំងឺ Parkinson’s Disease ។​

អាហារ​សម្បូរ​វីតាមីន K និង​ថ្នាំ Warfarin
​ឱសថការី​ទាំងឡាយ​គួរតែ​ពិគ្រោះ​ជាមួយ​អ្នកជំងឺ ដែល​កំពុងតែ​ប្រើ​ថ្នាំ Warfarin ដើម្បី ថែរក្សា​ជំងឺ​ឱ្យ​ចៀសវាង​ការ​ញ៉ាំ​អាហារ​ណា​សម្បូរ​វីតាមីន K ដូចជា​ស្ពៃ​ស្ពី​ណា​ច និង​បន្លែ ពណ៌​បៃតង​ផ្សេងៗ​ទៀត ។​

​វីតាមីន K មាន​សារៈសំខាន់​ណាស់​សម្រាប់​ការផលិត​សារធាតុ​កំណក​ឈាម ដើម្បី​កុំឱ្យ​ហូរ ឈាម ប៉ុន្តែ​ថ្នាំ​ប្រឆាំង​ការ​កកឈាម​ដូចជា Warfarin បែរ​ជាមាន​ឥទ្ធិពល​ផ្ទុយគ្នា​នឹង វីតាមីន K ទៅវិញ ។ ដូច្នេះ​ការបង្កើន​ការ​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​មួយ​នេះ ពិតជា​មិនល្អ​ចំពោះ ឥទ្ធិពល​របស់​ថ្នាំ Warfarin ឡើយ ។​

​គ្រឿង​ស្រវឹង និង​ថ្នាំ​រំញោច​មាន​វេជ្ជបញ្ជា​
​អ្នកជំងឺ​គួរតែ​កុំ​លេបថ្នាំ​ជាមួយ​គ្រឿង​ស្រវឹង​ឡើយ ព្រោះ​វា​អាច​នឹងមាន​ប្រតិកម្ម​មួយចំនួន ធ្ងន់ធ្ងរ​កើតឡើង ។ ឧទាហរណ៍ ការប្រើ​ថ្នាំ​រំញោច​ជាមួយនឹង​ការផឹក​ស្រា អាច​បណ្តាលឱ្យ អ្នកជំងឺ​ពុល​បាន ។ រឿងនេះ កើតឡើង​ពិតជា​ពិសេស​នៅពេល​ថ្នាំ​នេះ ត្រូវបាន​គេ​ប្រើប្រាស់ ច្រើន ប៉ុន្តែ​វា​ក៏​អាច​កើតឡើង​នៅពេល​អ្នកជំងឺ​ប្រើ​ថ្នាំ​ទៅតាម​វេជ្ជបញ្ជា​ដែរ ។​

ទឹកផ្លែក្រូច​ខ្វិច និង​ក្រូចខ្វិច​ជាមួយ​ថ្នាំ Statins
​អ្នកជំងឺ​គួរតែ​ចៀសវាង​ការ​ញ៉ាំ​ក្រូចខ្វិច ឬ​ទឹក​របស់​វា ខណៈពេល​កំពុងតែ​ប្រើ​ថ្នាំ Statins ។ សមាសធាតុ​ក្នុង​ផ្លែក្រូច​ខ្វិច​ឈ្មោះថា Furanocoumarin អាច​នឹង​ធ្វើឱ្យ​កើនឡើង​ឥទ្ធិពល របស់​ថ្នាំ​បាន​តាមរយៈ​ការ​មានប្រតិកម្ម ជាមួយ​អង់ស៊ីម ក្នុង​ពោះវៀនតូច និង​ថ្លើម ៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular