ដោយៈ គ្រញូង / បាត់ដំបងៈ នគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលខេត្ត កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពីបទរំលោភទំនុកចិត្ត។ ជនសង្ស័យរូបនេះ ត្រូវកម្លាំងការិយាល័យ នគរបាល ព្រហ្មទណ្ឌកម្រិតស្រាល សហកាជាមួយកម្លាំង ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប ឃាត់ខ្លួនបាន កាលពីយប់ថ្ងៃទី១៤ មករា នៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានឱ្យដឹងថាៈ ជនសង្ស័យ ឈ្មោះ អៀប វុទ្ធារ៉ា ហៅ វៀត ភេទប្រុស អាយុ២៨ឆ្នាំ មានលំនៅ មិនពិតប្រាកដ។
លោក បានជម្រាបជូនថាៈ កាលពីព្រឹកថ្ងៃទី១៣ ខែមករានេះ នៅចំណុចភូមិស្តីលើ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ជនសង្ស័យ បានខ្ចីម៉ូតូ ពីជនរងគ្រោះឈ្មោះ មាឃ រតនា ហៅ ស្នា ភេទប្រុស អាយុ៣៦ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅអាហារដ្ឋាន យីហោ កូនពុក ស្ថិតនៅក្នុងភូមិរតនៈ សង្កាត់រតនៈក្រុងបាត់ដំបង។ ក្រោយពីខ្ចីបានហើយ ជនសង្ស័យ បានជិះយកម៉ូតូ ទៅបាត់រហូត មិនបានយកមកប្រគល់ ជូនម្ចាស់វិញទេ។
ដោយបាត់យូរ និងមិនមានទំនាក់ទំនង ចំពោះករណីនេះ ជនរងគ្រោះ បានដាក់ពាក្យបណ្តឹង ចូលមកសមត្ថកិច្ច នគរបាល ដើម្បីចាត់វិធានការ តាមផ្លូវច្បាប់។ ឆ្លងតាមរយៈការស្រាវជ្រាវ ទើបសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ខាងលើ និងដកហូតម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កូពី ពណ៌ស ស៊េរីឆ្នាំ២០១៩ លេខតួម៉ាស៊ីន KTII0DE 8104702 គ្មានស្លាកលេខ (ប្រគល់ជូនជនរងគ្រោះវិញ។
បច្ចុប្បន្ន ការិយាល័យជំនាញ បានរៀបចំសំណុំរឿង បញ្ជូនជនសង្ស័យ ទៅសាលាដំបូង ខេត្តបាត់ដំបង ចាត់ការបន្ត តាមនីតិវិធី៕/V