ដោយៈសរិទ្ធ/កណ្តាល: លោកអុល ប៊ុណ្ណា ស្នងការរងនៃស្នងការដ្ឋាននគរបាលស្នងការរងខេត្តកណ្តាលបានត្រូវ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញលិខិត ព្រមានលើកទី១ពាក់ ព័ន្ធករណីល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។
នៅក្នុងលិខិតរបស់សម្ដេចក្រឡាហោមសខេងចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ កន្លងទៅ គឺយោងតាមសំណើរបស់អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចអនុវត្តវិន័យក្រោមរូបភាព ព្រមានលើកទី១ ចំពោះឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា អត្តលេខ ៦១៧៤៣ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ សាមីខ្លួនត្រូវកែប្រែនូវកំហុសឆ្គងឱ្យបានត្រឹមត្រូវ ។ ក្នុងករណីនៅតែប្រព្រឹត្តផ្ទុយពីការណែនាំទៀតនោះ នឹងចាត់វិធានការតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ។
អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ប្រធាននាយកដ្ឋានបុគ្គលិក ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល និងសាមីខ្លួនដែលមានឈ្មោះ ត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ ។
សូមរំលឹកផងដែរថា លោកស្នងការរង អុលប៊ុណ្ណា ធ្លាប់ប្រព្រឹត្តនូវកំហុសមួយចំនួនដូចជា ករណីយករថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព ទៅបម្រើការជួលឲ្យឯកជន និងធ្លាប់ប្រើប្រាស់ឈ្មោះអ្នកធំរកស៊ីដី និងរត់ការជាដើម៕